(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋស្រុកត្រពាំងប្រាសាទ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រទះឃើញគ្រាប់មីនតោនចំនួន៣គ្រាប់ នៅចំណុចស្រែកងទ័ពក្នុងភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

លោក អិន កាយ អធិការស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា គ្រាប់មីនតោន៣គ្រាប់ ដែលប្រជាពលរដ្ឋប្រទះឃើញជាគ្រាប់មីនបន្សល់ពីសម័យសង្គ្រាម។ លោកអធិការបានបន្តទៀតថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ លោកបាននាំកម្លាំងនគរបាលចុះទៅពិនិត្យ និងដាក់សញាសម្គាល់ឲ្យប្រជាពលរដ្ឋដែលមិនបានដឹង ឲ្យប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ។

ជាមួយគ្នានេះ លោកអធិការក៏បានរាយការណ៍ទៅក្រុមហេឡូត្រាស់ ឲ្យប្រញាប់ប្រញាលមកកម្ទេចគ្រាប់មីននេះចោល ចៀសវាងការបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ៕