(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩។
ក្នុងពិធីបើកកិច្ចប្រជុំនេះ លោក ស សុខា បានអំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡា ចំនួន៦ចំណុច ដូចខាងក្រោម៖
*១៖ មន្ទីរត្រូវរៀបចំផែនការសកម្មភាព ឲ្យបានគត់ហ្មត់។
*២៖ សហការជាមួយសហព័ន្ធនានា ដើម្បីចុះបណ្ដុះបណ្ដាលជំនាញកីឡា។
*៣៖ គ្រប់គ្រងវត្តមានគ្រូកីឡា និងការអនុវត្តម៉ោងកីឡា តាមសាលាឲ្យបានជាប់លាប់ និងជាក់លាក់។
*៤៖ ធ្វើរបាយការណ៍ជូនក្រសួង ឲ្យបានទៀងទាត់ ដើម្បីក្រសួងតាមដានការអនុវត្ត វាយតម្លៃ និងដាក់ទិសដៅប្រកដដោយប្រសិទ្ធភាព។
*៥៖ រៀបចំការប្រកួតកីឡាគ្រប់ប្រភេទ ដើម្បីពង្រឹង ពង្រីកសមត្ថភាព គុណភាព និងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣។
*៦៖ រួមគ្នាជាពហុវិស័យ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាទាំងថ្នាក់ខេត្ត ជាតិ និងអន្តរជាតិ៕