(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានមកជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអាវរងាជាអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្ត្រីនគរបាលវរៈសេនាតូចការពារព្រំដែន ៦០៣ នៅបញ្ជាការដ្ឋានវរៈសេនាតូចការពារព្រំដែន ៦០៣ នាខេត្តតាកែវ។
ក្នុងនោះដែរក៏មានអំណោយនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាថវិកាចំនួន ២លានរៀល, អង្ករ២តោន, មី១០០កេស រួមជាមួយអំណោយរបស់ស្នងការដ្ឋានថវិការចំនួន ១លានរៀល និងអង្ករ១តោនផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុក្ខដាក់ ការងារព្រហ្មទណ្ឌ គ្រឿងញៀន អប់រំមន្រ្តីប៉ុស្តិ៍ ដែលមានការខ្វះខាត និងខិតខំអនុវត្តការងារតាមជំនាញមួយៗ ឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់។ លោកស្នងការ ក៏បានណែនាំកម្លាំងនគរបាលទាំងអស់ ត្រូវក្ដោបក្ដាប់សភាពការណ៍នានា ដែលឡើងក្នុងមូលដ្ឋានឲ្យបាន ហើយបើមានស្ថានភាពអ្វីកើតឡើង ត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាន់។
លើសពីនេះ ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀនធូប នៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះផ្សេងៗ។ ជាមួយគ្នានោះ ត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះ ហេតុការណ៍អគ្គីភ័យ ដែលអាចកើតឡើងជាយថាហេតុ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បានដាក់បទបញ្ជាឲ្យស្នងការរង នាយការិយាល័យជំនាញ និងអធិការ ព្រមទាំងនាយនគរបាលប៉ុស្តិ៍ ទាំង១០០ទូទាំងខេត្ត បង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋាន តាមរយៈការចុះល្បាត និងពង្រឹងសន្តិសុខនៅតាមផ្សារ។ ជាពិសេសហាមដាច់ខាត ការលក់ផាវ និងគ្រឿងផ្ទុះយកទៅដុត ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះទេ។
ទន្ទឹមនឹងនេះ នគរបាលវរសេនាការពារព្រំដែនគោក៦០៣ ក៏ត្រូវចេញល្បាតផងដែរ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ។ បន្ថែមពីនេះ ត្រូវជួយសម្រាលចរាចរណ៍ ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ឲ្យបានល្អប្រសើរផងដែរ៕