(អ៉ីស្តង់ប៊ុល)៖ ប្រតិភូក្រសួងទេសចរណ៍កម្ពុជា បានចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ EMITT 2019 លើកទី២៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសទួរគី ក្នុងគោលបំណងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅកម្ពុជា សំដៅទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសតួរគី និងប្រទេសផ្សេងទៀតនៅអឺរ៉ុបឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើន។
ប្រតិភូកម្ពុជាដែលចូលរួមក្នុងពិព័រណ៍ទេសចរណ៍ខាងលើ ដឹកនាំដោយលោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អមជាមួយវត្តមានចូលរួមពីផ្នែកឯកជនចំនួន ៣ក្រុមហ៊ុន ក្នុងនោះពួកគេបានចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញទេសចរទួរគី និងអឺរ៉ុប មកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ខណៈដែលរដ្ឋាភិបាលកម្ពុជា និងតួរគី បាននិងកំពុងអនុវត្តស្មារតីអនុស្សរណៈយោគយល់គ្នា (MoU) លើវិស័យអាទិភាពនានា រួមទាំងវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខាកាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កន្លងមក នៅទីក្រុងអ៉ីស្តង់ប៊ុល។
ពិព័រណ៍ EMITT ជាពិព័រណ៍ដ៏ធំមួយនៅអឺរ៉ុប ដែលមានអ្នកចូលរួមប្រមាណ ៦ម៉ឺននាក់ មកពីប្រមាណ៩០ប្រទេស។ ស្តង់ពិព័រណ៍ក្រសួងទេសចរណ៍ ទទួលបានភ្ញៀវចូលទស្សនា និងសាកសួរព័ត៌មានយ៉ាងផុលផុស។ ជាកិត្តិយសនៅថ្ងៃទី៣១ ពន្លាក្រសួងទេសចរណ៍បានទទួលលោក Mehmet Nuri Ersoy រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ទួរគី និងលោក Ali Yerlikaya អភិបាលក្រុងអ៉ីស្តាន់ប៊ុល។ នៅថ្ងៃបន្ទាប់ លោក Alinur Aktas អភិបាលក្រុងពូសា ក៏បានមកទស្សនានៅពន្លាក្រសួងទេសចរណ៍ផងដែរ។
ក្រៅពីសកម្មភាពពិព័រណ៍ ប្រតិភូក្រសួងទេសចរណ៍ ក៏ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines, Asiana Airlines, Social Media, Bloggers ដើម្បីសហការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទួរគី និងពិភពលោកឲ្យមកកម្ពុជាកាន់តែច្រើនថែមទៀត។
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ជាថ្ងៃចុងបញ្ចប់ នៃពិព័រណ៍ EMITT 2019 ដែលបើកជាសាធារណៈសម្រាប់មហាជនចូលទស្សនា ស្តង់ពិព័រណ៍កម្ពុជាបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះលោក Isha Su ប្រតិភូរដ្ឋាភិបាលទួរគី ទទួលបន្ទុកគ្រប់គ្រងតំបន់ Mersin ដែលមានសក្តានុពលសេដ្ឋកិច្ចធំមួយផ្នែកកំពង់ផែ។
ប្រតិភូក្រសួងក៏បានជួបពិភាក្សាការងារជាមួយក្រុមការងារមកពីទីក្រុងពូសា រួមមាន លោក Eruiment Yilmal ប្រធានគ្រប់គ្រងទេសចរណ៍ពូសា លោក Anil Baxik អ្នកសម្របសម្រួលការងារទេសចរណ៍ ដែលជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មផលិតគ្រឿងចក្រ និងវាយនភណ្ឌប្រកបដោយសក្តានុពលមួយក្នុងតំបន់ (Machinaries and Textile) ពួកគាត់មានបំណងសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា ការវិនិយោគ និងការតភ្ជាប់ទំនាក់ទំនងផ្នែកឯកជនវិស័យទេសចរណ៍រវាងកម្ពុជា និងទីក្រុងពូសា។
ក្នុងរយៈពេល៣ថ្ងៃនេះ ស្តង់កម្ពុជាមានការចូលរួមសម្របសម្រួលពីប្រធានសមាគមនិស្សិតកម្ពុជានៅតួរគីដោយបានផ្តល់ព័ត៌មានផុសផុល ប្រើប្រាស់ ៥ភាសា៖ ទួរគី អារ៉ាប់ ម៉ាឡេស៊ី ថៃ និងអង់គ្លេស។
គួរកត់សម្គាល់ផងដែរថា កម្ពុជាបាននិងកំពុងរៀបចំបង្កើតស្ថានទូតកម្ពុជានៅទីក្រុងអង់ការ៉ា ដែលអាចនឹងលេចចេញជារូបរាងនៅក្នុងអំឡុងឆ្នាំ២០១៩នេះ។
តួរគីជាទីផ្សារដ៏ធំមួយនៅអឺរ៉ុបដែលមានប្រជាជន ៨០លាននាក់។ ឆ្នាំ២០១៨ តួរគីទទួលបានទេសចរ ៣៩.៥លាននាក់ និងរកចំណូលបាន ២៩.៥ពាន់លានដុល្លារអាមេរិក។ ទេសចរតួរគីចេញក្រៅប្រទេសភាគច្រើនទៅទស្សនាម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines។
កម្ពុជាសង្ឃឹមថានឹងមានការហោះហើរត្រង់ពីតួរគីមកកម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ក្នុងពេលឆាប់ៗខាងមុខ ដែលអាចនាំយកភ្ញៀទេសចរទួរគី និងអឺរ៉ុប មកកម្ពុជាកាន់តែច្រើនថែមទៀត៕