(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបទបញ្ជាឲ្យកម្លាំងអន្ដរាគមន៍ពិសេស ត្រូវល្បាតគ្រប់គោលដៅ២៤ម៉ោង លើ២៤ម៉ោង ដើម្បីទប់ស្កាត់ និងបង្ក្រាបគ្រប់ល្មើសទាំងអស់ដែលអាចកើតមានឡើង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាឲ្យមន្ដ្រីក្រោមឱវាទ ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជា ទីសក្ការៈ និងរមណីយដ្ឋានមួយចំនួន ដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិន ឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ។
លើសពីនេះ លោកបានណែនាំឲ្យកម្លាំងត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀនធូប នៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះផ្សេងៗ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឧបត្ថម ដល់កងកម្លាំងចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រាប់ការពារសន្តិសុខ រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជនជាតិចិន-វៀតណាម ចំនួន៣២ការិយាល័យ, អធិការនគរបាលក្រុងកំពង់ចាម, ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់, ប៉ុស្តិ៍នគរបាលរដ្ឋបាសង្កាត់កំពង់ចាម, ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំបួរមាស, ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកុក។
ក្នុងនោះការិយាល័យ អធិការក្រុង ប៉ុស្តិ៍ទទួលបានមី០២កេស, ស្រាបៀ០២កេស, ទឹកក្រូច០២កេស, ថវិកា៥០០០០រៀល ស្មើៗគ្នា និងកងអន្តរាគមន៍ពិសេសចំនួន៧១នាក់ ក្នុងម្នាក់ៗទទួលបាន៣០,០០០រៀល និងឧបត្ថម វិទ្យុទាក់ទងម៉ាក HYTERA Model PD980 និងPD 788G ចំនួន១០៤គ្រឿង ជាអំណោយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនគណៈស្នងការ អនុផែន ការិយាល័យជំនាញ អធិការក្រុងកំពង់ចាម ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់ ប៉ុស្តិ៍នគរបាលរដ្ឋបាសង្កាត់កំពង់ចាម ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំបួរមាស ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកុក ថវិកាសរុបចំនួន ១១,៣៨០,០០០រៀល៕