(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយនូវ អនុសាសន៍១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃថ្ងៃកំណើតកងទ័ពជើងគោក ជូនដល់នាយទាហាន កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ បានយល់ជ្រួតជ្រាប ដើម្បីយកទៅអនុវត្ត និងផ្សព្វផ្សាយបន្ត។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានផ្សព្វផ្សាយផែនការបន្ទាន់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឆ្លៀតឱកាស ដាស់តឿនក្រើនរំលឹក នូវវិន័យសណ្តាប់ធ្នាប់ របស់កងយោធពលខេមរភូមិន្ទ សភាពការណ៍នយោបាយជាតិ និងអន្តរជាតិ ព្រមទាំងលើកឡើងអំពីគំនិតទុច្ចរិតរបស់ក្រុមក្បត់ជាតិដែលមានទណ្ឌិត សម រង្សី ជាមេចលនាបះបោរ និងមានជនបរទេសនៅពីក្រោយ តែងតែញុះបង្កចលាចល បំផ្លាញសុខសន្តិភាពក្នុងសង្គមកម្ពុជា, បន្ទោសបង្អាក់នូវការអភិវឌ្ឍន៍ជាតិ ជាពិសេសតែងតែលាបព័ណ៌រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោត ដើម្បីបោកបញ្ឆោតពលរដ្ឋស្លូតត្រង់ឈានទៅរកការធ្វើបដិវត្តពណ៌ បម្រើឲ្យមហិច្ឆិតាជនបរទេស។
ថ្មីៗនេះទៀតសោត ទណ្ឌិត សម រង្សី បានញុះញង់ម្តងហើយៗម្តងទៀត ប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលប្រសូត្រចេញពីការបោះឆ្នោត ពីសំណាក់ប្រជាពលរដ្ឋស្ទើរពេញនគរ។ ការញុះញង់នេះ ក៏ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការថ្កោលទោសដាច់អហង្ការ ចំពោះការអំពាវនាវរបស់ ទណ្ឌិត សម រង្សី។
ព្រមជាមួយគ្នានោះ អាវុធហត្ថរាជធានីភ្នំពេញទាំងអស់បានសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះការថ្កោលទោសរបស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅលើសម្តីញុះញង់របស់ទណ្ឌិត សម រង្សី និងបានប្រកាសត្រៀមខ្លួនជាស្រេចរង់ចាំទទួលគ្រប់បទបញ្ជារបស់នាយឧត្តមសេនីយ៍ ប្តេជ្ញាការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ ជានាយករដ្ឋមន្ត្រី ដែលបង្កើតឡើងតាមរយៈការបោះឆ្នោតទូទាំងប្រទេស៕