(ភ្នំពេញ)៖ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា «កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន» ដែលបានបើកបវេសនកាល នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នឹងចូលរួមកាន់តែសកម្ម ក្នុងការពង្រឹងវិស័យអប់រំនៅកម្ពុជា និងបានជួយឲ្យគរុនិស្សិតមានចំណេះដឹងជ្រៅជ្រះ មានបំនិនវិជ្ជាជីវៈកាន់តែច្បាស់លាស់ និងមានគោលដៅជីវិតរឹងមាំខ្លាំងក្លាថែមទៀត។ លោកបណ្ឌិត ហង់ ជួនណារ៉ុន បានបន្ថែមថា កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន បានបង្កើតឡើងដើម្បីជាការពង្រឹងសមត្ថភាពខ្លួនឯង និងសម្រាប់ជាការពង្រឹងដល់ការដឹកនាំ និងបង្រៀននៅក្នុងសាលារៀន។
កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូង្រៀនទទួលបណ្តុះបណ្ដាលដោយមហាវិទ្យាល័យអប់រំ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពេញ។ ចំណែក កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនទទួលបណ្ដុះបណ្ដាលដោយមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងបែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកបវេសនកាល កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ជាមួយគ្នានោះ លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងអរគុណដល់ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងផ្តល់ចំណេះដឹងជូនសិស្សានុសិស្ស និងចូលរួមធ្វើឲ្យវិស័យអប់រំ នៅកម្ពុជា កាន់តែមានភាពល្អប្រសើរជាងមុន។
នៅក្នុងឱកាសនោះ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានលើកឡើងថា កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន មានគោលបំណងបង្កើតអ្នកដឹកនាំសាលារៀន បែបស្សតវត្សរ៍ ទី២១ ដែលអាច នាំយកចំណេះដឹងសកលទៅកាន់សាលារៀន និងអនុវត្តន៍ពិតៗ និងបង្កើតភាពជាម្ចាស់សមាគមន៍ក្នុងការអភិវឌ្ឍសាសារៀន និងកសាងទំនុកចិត្ត រៀបចំយុវជនក្លាយជាធនធាននៅក្នុងពិភពចំណេះដឹង និងសេដ្ឋកិច្ច និងជាពលរដ្ឋជាសាកលផងដែរ។
ជាមួយគ្នានោះ លោកបណ្ឌិត ជេត ជាលី បានបង្ហាញគោលជំហរ ដោយសន្យាចំពោះក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើឲ្យវគ្គកម្មវិធី «លើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន» ដែលបានបើកបវេសនកាល នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដំណើរការបានល្អ តបទៅតាមអ្វីដែលរាជរដ្ឋាភិបាលត្រូវការ។ លោកក៏បានស្នើឲ្យភាគីពាក់ព័ន្ធ សូមឲ្យមហាវិទ្យាល័យអប់រំ បង្កើនភាពជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងកិច្ចសហការឲ្យបានល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ថា កម្មវិធីសិក្សាសម្រាប់ការបណ្ដុះបណ្តាល ថ្នាក់បរិញ្ញាបត្រអប់រំ ឯកទេសការគ្រប់គ្រងសាលារៀន ចែកចេញជាបីផ្នែកដែលស្មើនឹងចំនួន៦០ក្រេឌីត ដែលរួមមាន៖
១៖ វគ្គសិក្ខាសាលាមានចម្រុះប្រធានបទ ទាក់ទងនឹងការគ្រប់គ្រងនិងដឹកនាំសាលារៀនចំនួន០៤ក្រេឌីត
២៖ ការសិក្សាលើមុខវិជ្ជា និងអនុវត្តន៍ស្របតាមស្តង់ដានាយកសាលារៀនចំនួន៥០ក្រេឌីត
៣៖ ការសរសេររបាយការណ៍ស្តីពីការកែលម្អសាលារៀនចំនួន៦ក្រេឌីត។
កម្មវិធីសិក្សា «លើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន» ផ្តោតលើការអនុវត្តជាក់ស្តែងរហូតដល់ ៧៥ % និងទ្រឹស្តីត្រឹមតែ ២៥ % ប៉ុណ្ណោះ។ លក្ខខណ្ឌចម្បងសម្រាប់បញ្ចប់ការសិក្សា គឺអ្នកសិក្សាត្រូវបង្ហាញនូវភាពរីកចម្រើននៃសាលារៀនរបស់ខ្លួន។ ចំពោះសាស្ត្រាចារ្យសម្រាប់បង្រៀនផ្នែកទ្រឹស្តី និងជួយបង្វឹក និងណែនាំអនុវត្តន៍ដែលមានបទពិសោធន៍អនុវត្តនគម្រោងសរុបចំនួន៤៥នាក់ ក្នុងនោះបណ្ឌិតចំនួន ៣០ % និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០ %។ ទន្ទឹមនឹងនេះ កម្មវិធីបណ្ដុះបណ្ដាលនេះ មានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ នាយកសាលាគំរូ និងអ្នកជំនាញ ចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាបំប៉នទាក់ទងនឹងភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសាលារៀនដល់អ្នកសិក្សា។ កម្មវិធីនេះត្រូវបានក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោកប្រគល់ឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាអ្នកទទួលបណ្តុះបណ្តាល៕