(ចិន)៖ នៅក្នុងទំនៀមទម្លាប់ប្រពៃណី ថ្ងៃបុណ្យចូលឆ្នាំចិន ក្រុមគ្រួសារចិនក៏ដូចសែស្រឡាយ តែងតែមានពេលវេលាជួបជុំគ្នា ព្រមទាំងទទួលទានអាហាររួមគ្នា ខណៈដែលការចម្អិនអាហារ ក៏ស្របទៅតាមជំនឿ របស់ជនជាតិចិនផងដែរ។ ក្នុងនោះមានអាហារជាច្រើនមុខ ដូចជា ត្រី សាច់ជ្រូក មាន់ ទា បន្លែ ផ្លែឈើ ដែលផ្ដល់សិរីសួស្ដី ក្នុងពិធីបុណ្យចូលឆ្នាំចិន។
ខាងក្រោមនេះមានម្ហូប ផ្លែឈើ ចំនួន៩ប្រភេទដែលផ្ដល់ឲ្យលោកអ្នក មានសិរីសួស្តី ក្នុងឱកាសចូលឆ្នាំចិននេះ។
១៖ នៅក្នុងចំណោមផ្លែឈើជាច្រើនមុខ ក្រូចខ្វិច និង ផ្លែក្រូច ដែលមានភាពពេញនិយម សម្រាប់ពិធីបុណ្យចូលឆ្នាំចិន ដោយសារតែក្រូចខ្វិច តំណាងឲ្យទ្រព្យសម្បត្តិហូរចូល សំបូរដោយធនធាន ចំណែកឯផ្លែក្រូច គឺតំណាងឲ្យសំណាងល្អពេញមួយឆ្នាំ។ ទំនាក់ទំនងដែលកើតចេញពីភាពស្រដៀងគ្នារវាងពាក្យ ផ្លែក្រូចខ្វិច នៅក្នុងភាសាចិន មានន័យថាផ្លែក្រូចតំណាងឲ្យ មាស ហើយ មាស តំណាងឲ្យសំណាងល្អ នោះមានន័យថា ផ្លែក្រូចតំណាងឲ្យសំណាងល្អ។
២៖ គុយទាវ គឺជាអាហារបែបបុរាណដ៏សំខាន់របស់ជនជាតិចិន ហើយផលិតចេញពីគ្រឿងផ្សំមួយចំនួន ដូចជាម្សៅ ស្រូវសាលី និង ម្សៅសណ្ដែក។ នៅពេលដែលរៀបចំនៅក្នុងពិធីបុណ្យចូលឆ្នាំចិន គុយទាវ មិនត្រូវបានកាត់ ឬបំបែកជាកំណាត់ៗ នោះទេ។ គុយទាវមានសរសៃវែងៗ តំណាងឲ្យមានអាយុវែង យឺនយូរ ប៉ុន្តែការបរិភោគគុយទាវ គឺរៀងពិបាកបន្តិច។
៣៖ មាន់ គឺជាម្ហូបដ៏ពេញនិយម នាឱកាសបុណ្យចូលឆ្នាំចិន ដោយសារតែវាតំណាងឲ្យភាពរួបរួមគ្នា និងការកកើតជាថ្មី។ មាន់ក៏ជាសញ្ញាតំណាងឲ្យក្រុមគ្រួសារ ហើយក៏បង្ហាញពីសាមគ្គីភាព និង ភាពរីកចម្រើនជាក្រុមផងដែរ។ យ៉ាងណាមិញ សាច់មាន់ គឺជាប្រភពប្រូតេអ៊ីនដ៏ល្អ ហើយបើរៀបចំបានត្រឹមត្រូវ អាចបរិភោគបានពេញមួយគ្រួសារធំ។ ដើម្បីឲ្យប្រាកដថា ត្រឹមត្រូវទៅតាមក្បួនខ្នាត នៃទំនៀមទម្លាប់ពិធីបុណ្យចូលឆ្នាំចិន វិធីដែលល្អបំផុត ត្រូវចំហុយ ឬ ស្ងោរមាន់ទាំងមូល ទាំងក្បាល និង ជើង ដែលតំណាងឲ្យសាមគ្គីភាព។
៤៖ គាវចំហុយ
ប្រពៃណីនៅថ្ងៃបុណ្យចូលឆ្នាំចិន ក្នុងគ្រួសារភាគច្រើន គឺមកជួបជុំគ្នា ហើយធ្វើនំគាវចំហ៊ុយ។ នំគាវចំហ៊ុយរបស់ជនជាតិចិន គឺជាសញ្ញាតំណាងឲ្យភាពសប្បាយរីករាយ នៅក្នុងក្រុមគ្រួសារ។ វាមានភាពងាយស្រួល ក្នុងការធ្វើ ហើយពោរពេញដោយបន្លែ ដូចជា ស្ពៃក្ដោប និង ខ្ទឹមបារាំង ហើយមានរសជាតិ សាច់ជ្រូក និង បង្កង គាវចំហ៊ុយ ដែលចម្អិនរួច ត្រូវរៀបចំដាក់ចាន ហើយប្រជាជនចិន តែងតែធ្វើជារៀងរាល់ឆ្នាំ។ ប្រសិនបើអ្នកមានគម្រោងធ្វើម្ហូប តាមប្រពៃណីនៅថ្ងៃចូលឆ្នាំចិន សូមលើកទឹកចិត្តអ្នកគ្រប់គ្នានៅក្នុងគ្រួសារឱ្យ ចូលរួមរៀបចំ និងលាក់កាក់មួយ ក្នុងនំគាវមួយ។ ប្រសិនបើមនុស្សណា ដែលបរិភោគនំ ដែលមានកាក់ នៅក្នុងនោះ មានន័យថា មានសំណាងពេញមួយឆ្នាំ។
៥៖ ផ្លែទទឹម គឺពេញនិយមសម្រាប់ពិធីចូលឆ្នាំចិន ដែលពោរពេញទៅដោយគ្រាប់ជាច្រើន ហើយសាច់ទទឹមពណ៌ក្រហម តំណាងឲ្យសុភមង្គល និងជាសញ្ញាដេញនូវឧបទ្រពចង្រៃចេញ។
៦៖ គ្រាប់ធញ្ញជាតិ គឺមានសារៈសំខាន់ណាស់ សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំចិន ដោយសារតែជានិមិត្តរួប នៃការប្រមូលផលសំបូរហូរហៀ។ គ្រាប់ធញ្ញជាតិតំណាងឲ្យសក្ដានុពលនិងរឿងល្អៗ។
៧៖ ឆាបន្លែ
ការឆាបន្លែគ្រប់ប្រភេទ ឬហៅថា ចាប់ឆាយ គឺជាម្ហូបមួយដែលពេញនិយមសម្រាប់ទទួលឆ្នាំថ្មី របស់ប្រពៃណីចិន។ ពិធីបុណ្យចូលឆ្នាំថ្មីរបស់ចិន គឺជាការចាប់ផ្តើមនៃការដាំដុះ បន្លែបង្ការ នៅនិទាឃរដូវ ដូច្នេះវាគឺជាពេលវេលាដ៏អស្ចារ្យមួយ សម្រាប់នាំបន្លែចេញពីឃ្លាំងទំនិញ ហើយជំនួសមកវិញដោយបន្លែខៀវ នៅនិទាឃរដូវនេះ។ ផ្សិតក្រៀមក៏ជាបន្លែមួយប្រភេទ ដែលតំណាងឲ្យទ្រពសម្បត្តិ និង សំណាងល្អផងដែរ។ ក្រៅពីនេះបន្លែផ្សេងទៀត សម្រាប់ចម្អិនមុខម្ហូបនេះមានដូចជា ផ្លែពុទ្រា ស្ពៃក្ដោប ផ្សិតត្រចៀកកណ្ដុរ ជាដើម។
៨៖ តៅហ៊ូ
ជាការពិតណាស់ តៅហ៊ូ គឺជាគ្រឿងផ្សំពណ៌ស ដែលក្នុងរូបមន្តធ្វើម្ហូប ចូលឆ្នាំថ្មីរបស់ចិន នៅតាមតំបន់មួយចំនួនក៏គេគិតថា តៅហ៊ូ ជាសញ្ញាតំណាងឲ្យភាពបរិសុទ្ធ។ អាហារប្រភេទនេះសំដៅលើការរីកលូតលាស់ អ្នកមានបុណ្យ និងសេចក្តីសុខ។
ជារឿយៗពណ៌ជានិមិត្តសញ្ញា ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ ហើយអាហារដែលមានពណ៌ក្រហម ពណ៌ទឹកក្រូច ពណ៌បៃតង ឬមាស ត្រូវបានគេចាត់ទុកថា មានសេចក្ដីសុខ។ នេះគឺជាហេតុផលមួយដែលផ្លែក្រូចឃ្វិច ផ្លែក្រូចពោធិ៍សាត់ ផ្លែពណ៌ក្រហម និងផ្លែទទឹម ជាប្រភេទផ្លែឈើដ៏ពេញនិយម សម្រាប់ការជូនអំណោយ។ ពណ៌ត្រូវបានគេជឿថា តំណាងឲ្យដូចខាងក្រោម៖
ពណ៌ស៖ សំណាងមិនល្អ ការបាត់បង់ ការកាន់ទុក្ខ
ពណ៌ក្រហម៖ សុភមង្គល ភាពបរិសុទ្ធ
ពណ៌ទឹកក្រូច៖ សុភមង្គល, សំណាងល្អ
មាសឬពណ៌លឿង៖ សុភមង្គល, ភាពរុងរឿង
បៃតង៖ សំណាងល្អ ភាពសុខដុម
៩. ត្រី
ត្រីជានិមិត្តសញ្ញានៃលាភសំណាងភាពសុខុដុមរមនា ភាពស្តុកស្តម្ភ ហើយជនជាតិចិន ជឿថា នៅពេលទទួលទានត្រី នឹងផ្តល់សិរីសួស្តី សុភមង្គល មាសប្រាក់ហូរចូល រកស៊ីទទួលទាន មានបាន និង មានសេចក្តីសុខ សុភមង្គល នៅក្នុងក្រុមគ្រួសារផងដែរ៕