(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញការហួសចិត្តចំពោះអ្នកវិភាគរបស់ថៃ ដែលបានលើកឡើងថា ខ្យល់ពុលកំពុងវាយប្រហារ នៅក្នុងប្រទេសថៃបណ្តាលមកពីកសិករខ្មែរដុតចំបើង។
ការបង្ហាញនូវក្តីហួសចិត្តរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានធ្វើឡើងបន្ទាប់ពី អ្នកស្រាវជ្រាវថៃពីររូប គឺលោក Siwat Phongpiachan និង លោក Serm Janchai បានអះអាងថា ករណីខ្យល់ពុលនៅទីក្រុងបាងកក បណ្ដាលមកពីកសិករខ្មែរដុតចំបើងតាមវាលស្រែ។
លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើ Facebook នៅថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា «ស្រុកថៃពេលនេះ ក៏សំបូរអ្នកវិភាគឯករាជ្យដូចស្រុកខ្មែរដែរ ព្រោះទើបឃើញអ្នកវិភាគថៃមួយបាននិយាយថា អាកាសធាតុកខ្វក់នៅបាងកកគឺបណ្តាលមក...ពីអ្នកស្រែស្រុកខ្មែរដុតចំបើងតាមស្រែទេ។ ស្វាគមន៍សម័យអ្នកវិភាគឯករាជ្យដ៏រុងរឿង»។
បើទោះបីជាយ៉ាងណាការចោទប្រកាន់របស់អ្នកវិភាគថៃនេះ ត្រូវបានអាជ្ញាធរថៃច្រានចោលផងដែរ។ តាមរយៈការចេញផ្សាយរបស់បាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ លោក Pralong Damronthai អគ្គនាយកនាយកដ្ឋានគ្រប់គ្រងការបំពុលបាននិយាយថា តាមក្បូនគណនាសម្រាប់ការវិភាគអាកាសធាតុដែលបង្កើតដោយទីភ្នាក់ងារការពារបរិស្ថានអង្គការ សហប្រជាជាតិ ខ្យល់បក់ធូលីល្អិតៗពីកម្ពុជាគឺសំដៅទៅខេត្តត្រាត និងឈូងសមុទ្រថៃ មិនមែនសំដៅក្រុងបាងកកឡើយ។ ចំពោះករណីខ្យល់កខ្វក់នៅបាងកក គឺបណ្ដាលមកពីបញ្ហាក្នុងស្រុកប៉ុណ្ណោះ។
លោក Pralong បានបញ្ជាក់បន្ថែមថា បញ្ហាខ្យល់ពុលនៅក្នុងប្រទេសថៃនេះ បណ្តាលមកពីរថយន្តប្រើប្រេងម៉ាស៊ូត ៥២ភាគរយ ការដុតភ្លើងក្រៅពីខាង ៣៥ភាគរយ ក្រៅពីនោះគឺបណ្តាលមកពីឧស្សាហកម្មធុនធ្ងន់ និងរោងចក្រថាមពល។
សូមបញ្ជាក់ថា ក្នុងរយៈប៉ុន្មានខែកន្លងមកនេះទីក្រុងបាងកក និងខេត្តចំនួន៤របស់ថៃមានដូចជា ខេត្តសាមុទ្របាកាន សមុទ្រសាខន នន្ទបុរី និងខេត្តណាខនប៉ាធុម បានជួបនូវបញ្ហាខ្យល់ពុល បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាខ្លាំង ជាពិសេសគឺផ្លូវដង្ហើម រហូតអាជ្ញាធរបានប្រកាសឲ្យសាលារៀន និងគ្រឹះស្ថានអប់រំមួយចំនួន បិទដំណើរការបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពសុខភាពកុមារ និងសិស្សនិស្សិត៕