(ភ្នំពេញ)៖ ថ្មីៗនេះនៅក្នុងសង្គមខ្មែរមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងស្រទាប់មហាជន និស្សិត បញ្ញវន្ដ អ្នកស្រាវជា្រវ ទំាងខ្មែរនិងបរទេស ដោយសុខៗស្រាប់តែស្ថានទូតអាមេរិក ប្រចំានៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ទាត់ចោលចំពោះរដ្ឋប្រហារឆ្នាំ១៩៧០ ដែលដឹកនំាដោយលោក លន់ នល់ និងទ្រង់ស៊ីសុវត្ថិ សិរីមតៈ ក្នុងការទម្លាក់សម្ដេចឪព្រះបរមរតនកោដ្ឋយ៉ាងដូច្នេះថា អាមេរិកពុំជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារនេះទេ ពីព្រោះពុំមានភស្ដុតាង។

តើអាមេរិកពិតជាពុំជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារឆ្នាំ១៩៧០មែនឬទេ?

ប្រតិកម្មទៅនឹងការទាត់ចោលរបស់ស្ថានទូតអាមេរិកនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា បើនិយាយពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលដឹកនំាដោយលោក លន់ នល់ និងទ្រង់ស៊ីសុវត្ថិ សិរីមតៈ ក្នុងការទម្លាក់សម្ដេចឪ ហើយដែលស្ថានទូតអាមេរិកបានទាត់ចោលថា ពុំជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារនេះ ព្រោះគ្មានភស្ដុតាងនោះ។ ស្ថិតត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានយល់ថា គឺពុំទាន់គ្រប់គ្រាន់សម្រាប់ឲ្យអ្នកស្រាវជ្រាវ ឬមហាជនទូទៅគេជឿនោះទេ។

ពីព្រោះបើនិយាយរដ្ឋប្រហារទម្លាក់សម្ដេចឪនាឆ្នាំ១៩៧០នោះ នរណាក៏គេដឹងដែរថា អាមេរិក គឺជាអ្នកនៅពីក្រោយខ្នង។ បើហេតុនេះបើអាមេរិកចង់ទាត់ចោលដើម្បីលាងសម្អាតពីភាពស្អាតស្អំ របស់ខ្លួននោះ គឺត្រូវបង្ហាញអំពីភាពសុចរិតរបស់ខ្លួនថា តើមានចំណុចអ្វីខ្លះដែលមិនពាក់ពន្ធ័? បើមិនដូច្នេះទេ ខ្មែរគិតថាតើខ្មែរល្ងង់ឬឲ្យតែអាមេរិកនិយាយអ្វីគឺខ្មែរត្រូវជឿនោះ?

ដោយហេតុថា បើថ្លែងពីភស្ដុតាងដែលស្ថានទូតអាមេរិក ស្នើទាមទារឲ្យបង្ហាញនោះគឺជារឿងអស់សំណើច! ពីព្រោះបង្ហាញអំពីសមត្ថភាពស្ថានទូតអាមេរិកបច្ចុប្បន្ននេះ គឺពុំបានស្វែងយល់អំពីប្រវត្ដិស្ថានទូត ឬក៏មេដឹកនំាខ្លួនឲ្យច្បាស់លាស់។ បើដូច្នេះស្ថិតត្រង់ចំណុចនេះបើស្ថានទូតអាមេរិកខ្វះចំណេះដឹងក្នុងការស្វែងយល់អំពីប្រវត្ដិស្ថានទូត ឬមេដឹកនំាខ្លួនចំពោះការជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារនេះ ឬពុំដឹងមែននោះ យើងសូមបង្ហាញតែលិខិតតូចមួយក្នុងការឆ្លើយឆ្លងគ្នារវាងឯកអគ្គរដ្ឋទូតអាមេរិកលោក ចន ហ្គាន់ធីឌីន និងទ្រង់ស៊ីសុវត្ថិ សិរីមតៈ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥។

ក្នុងនោះទ្រង់ស៊ីសុវត្ថិ សិរីមតៈ បានបដិសេធយ៉ាងដាច់អហង្ការគឺទ្រង់ពុំរត់ចេញទៅសហរដ្ឋអាមេរិកដោយភាពកំសាកទេ។ ដោយទ្រង់បញ្ជាក់យ៉ាងច្បាស់ថា ទ្រង់មានការសោកស្ដាយណាស់ដោយទ្រង់ជឿតាមអាមេរិក ដែលអួតអាងពីសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ បើដូច្នេះដើម្បីជាការលុបលាងកំហុសដែលជឿតាមអាមេរិកនោះ គឺទ្រង់សុខចិត្ដរើសផ្លូវស្លាប់ក្នុងប្រទេសគឺទុកជាមេរៀនសម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយៗចងចំា។ បន្ថែមពីភស្ដុតាងលើលិខិតរបស់ទ្រង់ សិរីមតៈ នេះទៀតនោះ យើងសួរថាហេតុអ្វីខ្មែរកំពុងរស់នៅសុខៗ រឿងអីអាមេរិកយកគ្រាប់បែកមកទម្លាក់ពេញស្រុកខ្មែរ? បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរស្លាប់និងរបួសរាប់សែននាក់ ដោយបន្សល់ទុក្ខដល់សព្វថ្ងៃ។

តើស្ថានទូតអាមេរិក មានដែលឃើញម៉ាកគ្រប់បែកផលិតក្នុងស្រុកខ្លួនដែរឬទេ? ហេតុអ្វីបានជាអាមេរិកទទួលស្គាល់ខ្មែរក្រហម ជាតំណាងកៅអីកម្ពុជានៅអង្គការសហប្រជាជាតិនាទសវត្សរ៍១៩៨០?

លោក រត្ន័ សណ្ដាប់ បន្ដថា បើដូច្នេះបើនិយាយពីភស្ដុតាងនេះ សូម្បីតែអ្នកនយោបាយពិសេសប្រធានាធិបតីអាមេរិកខ្លួនឯងក៏ទទួលស្គាល់ថា អាមេរិកពិតជាបានជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារឆ្នាំ១៩៧០នេះដែរ។ ជាក់ស្ដែងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុងពេលឃោសនាស្វែងរកសម្លេងឆ្នោត ដោយលោក បានសន្យាយ៉ាងច្បាស់ថា បើលោកជាប់ឆ្នោតជាប្រធានាធិបតីគឺនឹងដកទ័ពចេញពីប្រទេសអាហ្គានីស្ថាន។ ប៉ុន្ដែដល់ពេលលោកជាប់ឆ្នោតក៏បានប្រកាសថាលោក ពុំអាចដកទ័ពចេញពីប្រទេសអាហ្គានីស្ថានបានទេ ពីព្រោះខ្លាចធ្លាក់ដូចករណីប្រទេសកម្ពុជាឆ្នាំ១៩៧០។

បន្ថែមពីលើនេះទៀតអ្វីដែលពិភពលោកគេដឹងគ្រប់ៗគ្នានោះគឺនៅក្នុងយុទ្ធនាការប្រកួតប្រជែងយកដំណែងបេក្ខជនប្រធានាធិបតី ក្នុងគណបក្សប្រជាធិបតេយ្យរវាងលោក ស្រី ហ៊ីលទ្បារី គ្លីនតុន(Hillary Clinton) និងលោក បេនី សេនឌ័រ(Bernie Sander)។ ក្នុងនោះ លោក បេនី សេនឌ័រ បានបញ្ជាក់យ៉ាងច្បាស់ថា លោកពិតជាមានមោទនភាពណាស់ ព្រោះលោកពុំមែនជាមិត្ដរបស់លោក ហេនរី គីស៊ីនគ័រ (Henry Kissinger) ។ ពីព្រោះលោក គីស៊ីនគ័រ ជារដ្ឋមន្រ្ដីការបរទេសដ៏អាក្រក់ម្នាក់ដែលបានដឹកនំាការឈ្លានពាន នឹងទម្លាក់គ្រប់បែកនៅកម្ពុជា ជាហេតុបណ្ដាលឲ្យមានរបបខ្មែរក្រហម និងការប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតក្នុងពិភពលោក។

បើដូច្នេះចំពោះការទាត់ចោលរបស់ស្ថានទូតអាមេរិកដែលថា ពុំជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារឆ្នាំ១៩៧០នោះត្រូវបានលោក រត្ន័ សណ្ដាប់ ទាត់ចោលនិងចាត់ទុកថា ស្ថានទូតអាមេរិកនិយាយនេះ គឺឲ្យតែរួចពីមាត់ ដោយពុំឈរលើមូលដ្ឋានជាក់ស្ដែងប្រវត្ដិសាស្រ្ដនោះទេ៕