(កណ្ដាល)៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ លោកស្រី ម៉ាណ ណាវី សមាជិករដ្ឋសភា, លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងគណៈប្រតិភូសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា ដឹកនាំដោយ លោក ណាសៀត អូស្មាន អញ្ជើញប្រគល់អំណោយអង្ករ៧តោន ដល់សិស្សានុសិស្ស វិទ្យាល័យ មជ្ឈមណ្ឌលអ៊ីស្លាមកម្ពុជា និងវិទ្យាល័យ នូរុល អ៊ីម៉ាន សរុបចំនួន៨១៤នាក់ ស្ថិតក្នុងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រពោធិ៍សាត់ បានថ្លែងទៅកាន់សិស្សានុសិស្សថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរ ដែលសង្គមកាន់តែត្រូវការធនធានមនស្សដើម្បីបំពេញសេចក្តីត្រូវការ ក្នុងសម័យកាលសាកលភាវូបនីយកម្ម។
ដូចនេះគឺជាឱកាសដ៏មានតំលៃសម្រាប់ប្អូនៗ ទាំងអស់គ្នាដែលជាទំពាំងស្នងឬស្សី ត្រូវចាប់ផ្តើមកសាងខ្លួនពីពេលនេះតទៅ ជាពិសេសការពង្រឹងសមត្ថភាព ការអភិវឌ្ឍគំនិតច្នៃប្រឌិត និង ពង្រឹងទំនាក់ទំនងសាមគ្គីជាមួយអ្នកនៅជុំវិញខ្លួន។ លោកបន្តទៀតថា សូមប្អូនៗជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀនដែលវាជាប្រការមួយមកបំផ្លាញអនាគត់របស់យើង និងសង្គមជាតិយើង ប្អូនៗគួរយកពេលវេលាក្រៅពីការរៀនសូត្រទៅហាត់កីឡាដើម្បីសុខភាព និងកាយសម្បទា។
លោកស្រី ម៉ាណ ណាវី ថ្លែងទៅកាន់សិស្សនារី នៃវិទ្យាល័យ នូរុល អ៊ីម៉ានថា នារីក៏ជាធនធានសំខាន់មួយរបស់សង្គមជាតិ ហើយកាន់តែមានសារៈសំខាន់សម្រាប់គ្រួសារដែលពោពេញដោយសុភមង្គល និងភាពថ្លៃថ្នូរដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបីបាច់ថែរក្សាបុត្រធីតាឲ្យក្លាយជាមនុស្សដែលមានប្រយោជន៍ និងសសរទ្រូងរបស់សង្គមជាតិ។
លោកស្រីបន្តថា ជាស្ត្រីគឺពិតជាត្រូវការចាំបាច់នូវកម្រិតអប់រំខ្ពស់ដោយខានមិនបានឡើយ នារីសម័យតេជោ បាននិងកំពុងត្រូវបានលើកតម្កើង និងបម្រើការងារនៅគ្រប់ក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជននានា។
លោកស្រី និងគណៈអធិបតី បានប្រគល់អំណោយជានិមិត្តរូបដល់សិស្សានុសិស្ស នៃវិទ្យាល័យទាំង២ ដែលក្នុងនោះ អង្ករ៧តោន ជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ី និង លោក Haj Amir Bin Haj Hasan របស់អង្គការ Denaihati សហការជាមួយសមាគមកូប្រាស៊ីមូស្លិមកម្ពុជា ហើយលោកស្រីតំណាងរាស្រ្ត ក៏បានឧបត្ថម្ភថវិកា៦លានរៀល ជូនដល់វិទ្យាល័យទាំង២នេះផងដែរ៕