(ភ្នំពេញ)៖ ចោរកម្មបានបង្កឲ្យមានព្យសនកម្ម (ការខូចខាត) ជាពិសេសផ្នែកទ្រព្យសម្បត្តិដល់ជនរងគ្រោះ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម។ ទ្រព្យសម្បត្តិ ឬវត្ថុមួយចំនួនដែលកើតចេញពីអំពើចោរកម្មអាចនឹងត្រូវបានជនល្មើសយកទៅលក់ ឬយកទៅបញ្ចាំ។ ក្នុងករណីខ្លះមានបុគ្គលមួយចំនួនតូចបានដឹង និងមានចេតនាទទួលទិញ ឬទទួលបញ្ចាំវត្ថុទាំងនោះក្នុងគោលបំណងគេងចំណេញពីការលក់ដូរ ឬបញ្ចាំរបស់ដែលជាកម្មវត្ថុនៃអំពើចោរកម្ម ត្រូវចាត់ថាជាបទល្មើសទទួលផលចោរកម្ម។
ដើម្បីយល់កាន់តែច្បាស់ថាអំពើទទួលផលចោរកម្ម មានខ្លឹមសារ និងមានទោសកម្រិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្ដាហ៌នេះសូមលើកយកបទល្មើសទទួលផលចោរកម្ម មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖
ការទទួលផលចោរកម្ម គឺជាប្រភេទបទល្មើសមជ្ឈិមដែលត្រូវមានបញ្ញត្តិនៅក្នុងមាត្រា៣៩៩ នៃក្រម ព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ហើយត្រូវបានកំណត់និយមន័យថា «គឺជាអំពើទទួល លាក់បំបាំងរក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយ ដោយដឹងថាវត្ថុនោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម»។
យោងតាមខ្លឹមសារនេះ បានបង្ហាញថា ប្រសិនបើជនណាម្នាក់បានទទួល លាក់បំបាំង ឬបញ្ជូនវត្ថុអ្វីមួយ ដោយខ្លួនបានដឹងថាវត្ថុនោះ គឺជាវត្ថុដែលបានមកពីការប្រព្រឹត្ដរាល់បទល្មើស គឺជាអំពើទទួលផលចោរកម្ម។ ដើម្បីឲ្យកាន់តែងាយស្រួលយល់យើងសូមលើកឧទាហរណ៍ដូចតទៅ៖ លោក «ក» ជាអាជីវករហាងបញ្ចាំមួយកន្លែង បានដឹងថាលោក «ខ» មាន ម៉ូតូមួយគ្រឿងដែលបានមកពីអំពើទុច្ចរិត ប៉ុន្តែលោក «ក» នៅតែទទួលទិញម៉ូតូនោះពីលោក «ខ» ក្នុងតម្លៃទាបបំផុត ដោយគ្មានប័ណ្ណសំគាល់ទោចក្រយានយន្ត និងឯកសារពាក់ព័ន្ធ ដើម្បីរក្សាទុកប្រើប្រាស់ ឬយកទៅលក់បន្តដើម្បីយកចំណេញ។ ករណីខាងលើនេះ លោក “ក” បានប្រព្រឹត្តអំពើទទួលផលចោរកម្ម នឹងត្រូវ ផ្តន្ទាទោសតាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។
ក្រៅពីរូបភាពនៃអំពើខាងលើនេះ គឺមានសកម្មភាពមួយចំនួនទៀត ដែលគេចាត់ទុកថាជាការទទួលផលចោរកម្មផងដែរ ដែលសកម្មភាពនោះមានដូចជា ៖
១. អំពើធ្វើជាអន្តការី ដើម្បីបញ្ជូនវត្ថុអ្វីមួយដោយដឹងថារបស់នោះបានមកពីបទឧក្រិដ្ឋ ឬ បទមជ្ឈិម។
២. អំពើដែលបានទទួលផលពីផលនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ដោយបានដឹងហេតុការណ៍ច្បាស់ ។
យោងមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ អំពើទទួលផលចោរកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។
ស្ថានទម្ងន់ទោសនៃអំពើទទួលផលចោរកម្ម មានចែងក្នុងមាត្រា ៤០១ នៃក្រមព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ ( ប្រាំ ) ឆ្នាំ ទៅ ១០ ( ដប់ ) ឆ្នាំ កាលណាអំពើនោះប្រព្រឹត្តឡើង ៖
១. ជាទម្លាប់។
២. ដោយប្រើប្រាស់ភាពងាយស្រួលដែលការប្រកបសកម្មភាពវិជ្ជាជីវៈផ្តល់ឲ្យ។
៣. ការប្រព្រឹត្តជាក្រុមមានការចាត់តាំង។
ដោយទ្បែកអតិបរមានៃទោសពិន័យ អាចស្មើនឹងតម្លៃវត្ថុនៃអំពើទទួលផលចោរកម្មនោះ (មាត្រា ៤០២) ។
សរុបមក ការទទួលផលចោរកម្ម គឺជាបទល្មើសមួយប្រភេទដែលមានលក្ខណៈបំពេញបន្ថែមឱ្យបទល្មើសផ្សេងទៀត។ ការទទួលផលចោរកម្មមិនសំដៅដល់តែការទទួលផលដែលបានមកពីបទល្មើសលួចតែមួយប្រភេទនោះទេ ផលដែលទទួលបានពីបទល្មើសមជ្ឈិម ឬបទឧក្រិដ្ឋផ្សេងទៀត ក៏អាចជាកម្មវត្ថុនៃអំពើទទួលផលចោរកម្មផងដែរ ។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វ ផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។