(ព្រះសីហនុ)៖ យោងសេចក្តីណែនាំរបស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ចុះចែកជូនកម្មករប្រមូលសំរាមចំនួន ៥៨គ្រួសារ។
អំណោយទាំងនោះរួមមាន៖ អង្ករ១បាវ មី១កេះ ត្រីខ១០កំប៉ុង ស្ករសកន្លះគីឡូក្រាម សណ្តែកខៀវ មុង១ ភួយ១ កន្ទេល១ និងថវិកាមួយចំនួន។
បញ្ហាចំពោះមុខមួយទៀត គឺកូនចៅរបស់កម្មកប្រមាណ ៣០នាក់ ត្រូវការមធ្យោបាយទៅកាន់សាលារៀន ប៉ុន្តែដោយមើលឃើញការលំបាកនេះហើយ លោក យន្ត មីន បានសម្រេចភា្លមៗថា នឹងផ្តល់រ៉ីម៉កកង់បីពីរគ្រឿងសម្រាប់ដឹកបានទៅសាលារៀន។
ដោយឡែក លោកមេឃុំអូរ ឧកញ៉ា ហេង ក៏បានធានាផ្តល់ប្រេងសម្រាប់ចាក់រថយន្តដឹកក្មេងខាងលើផងដែរ។ ជាមួយនោះ លោកអភិបាលខេត្តបានផ្តាំផ្ញើ និងណែនាំដល់កម្មករទាំងអស់ ឱ្យចេះថែរក្សាសុខភាពគ្រប់ពេលវេលា៕