(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានថ្លែងថា ដោយសារសន្តិភាព កម្ពុជាពេលនេះ ប្រជាពលរដ្ឋរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងពុទ្ឋសាសនា, ខ្មែរឥស្លាម, ខ្មែរគ្រីស្ទសាសនា, និងខ្មែរចិន គឺយើងរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។ ពេលខ្លះយើងក៏ចូលរួម នៅក្នុងពិធីបុណ្យតូចធំជាមួយគ្នាទៀតផង។ ទាំងនេះគឺដោយសារប្រទេសមានសុខសន្តិភាពជាមួយនឹងការគ្រប់គ្រងល្អ ដែលធ្វើឱ្យបរិយាកាសសង្គមទាំងមូលល្អ។ ប្រទេសមានសង្រ្គាម គឺពលរដ្ឋបាត់បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំក្រុមគ្រួសារប្រារព្ឋពិធីបុណ្យតូចធំអ្វីឡើយ»។
ទន្ទឹមនឹងមានការលើកឡើងបែបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតឱកាស ជូនពរប្រជាពលរដ្ឋ ឱ្យបានសម្រាក និងសប្បាយរីករាយជួបជុំក្រុមគ្រួសារថ្ងៃចុងសប្តាហ៍ និងសំណាងល្អក្នុងថ្ងៃចូលឆ្នាំចិន៕