(ស្ទឹងត្រែង)៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានប្រមូលយកមឹក និងបង្គាដែលមានសារធាតុគីមី «ហ្វកម៉ាលីន» ចំនួន៣៨គីឡូក្រាម យកទៅដុតកម្ទេចចោលទាំងអស់ ក្រោយដកហូតបានពីអាជីវករមួយចំនួន ដែលបានដាក់លក់ក្នុងកម្មវិធីប្រគុំតន្ត្រី នៅទីរួមខេត្តស្ទឹងត្រែង ព្រមទាំងបានបន្តណែនាំពីសុវត្ថិភាពចំណីអាហារដល់អាជីវករ និងប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ។
សកម្មភាពខាងលើនេះ ត្រូវបានធ្វើឡើងនាវេលាល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន។
លោក គឹមប្រុស បានឱ្យដឹងថា នេះជាសារមួយដាស់តឿនដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្នចំពោះចំណីអាហារ។ ចំណែកអាជីវករ បើនៅតែបន្តលក់ចំណីអាហារមានសារធាតុគីមីដូច្នេះទៀត នោះមន្ត្រីជំនាញពាក់ព័ន្ធនឹងផាកពិន័យតាមច្បាប់។
លោកបានបន្តថា ការដកហូតបង្គា និងមឹកមានសារធាតុហ្វកម៉ាលីននេះ កម្លាំងសមត្ថកិច្ចបានលើកកម្ពស់សុខភាពដល់អ្នកបរិភោគ និងចៀសវាងកុំឱ្យភ្ញៀវទេសចរ ឬប្រជាពលរដ្ឋនៅក្នុងខេត្ត ឬទីជនបទ បរិភោគចំណីអាហារទាំងនេះមានផលប៉ះពាល់ដល់សុខភាព ជាពិសេសក្នុងពេលដែលអាជីវករយកមកតាំងលក់ ក្នុងពិធីតាំងពិព័រណ៍លក់ទំនិញនេះ។
លោកបានបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលមន្ត្រីជំនាញបានយកចំណីអាហារ ធ្វើពិសោធន៍រកសារធាតុគីមី ដូចជាប្រហិតត្រី ប្រហិតសាច់គោ-បង្គា ប្រហិតក្តាម និងមឹកដែលអាជីវករយកមកលក់ឃើញថាអាហារមួយចំនួនមានគុណភាពល្អ ហើយខ្លះទៀតមានសារជាតិហ្វកម៉ាលីនច្រើន អាចបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។
លោក ជន ភាព អាជីវករលក់គ្រឿសមុទ្រ និងប្រហិតគ្រប់មុខក្នុងពិធីតាំងពិព័រណ៍នេះ បានសាទរជាមួយនឹងសកម្មភាពចុះពិនិត្យ និងពន្យល់ណែនាំពីមន្ត្រីសាខាកាំកុងត្រូល ព្រោះថាកាលណាមានការត្រួតពិនិត្យ និងបានយល់ដឹង គឺហាក់ដូចជាបានបង្កើនការប្រុងប្រយ័ត្នលើកកម្ពស់ថែរក្សាសុខភាព។
អាជីវកររូបនេះអះអាងថា កន្លងមក លោកធ្លាប់ទិញទំនិញខ្វះការត្រួតពិនិត្យ ទំនិញខ្លះហួសកាលកំណត់ប្រើប្រាស់ពិបាកលក់ ហើយចំពោះគ្រឿសមុទ្រនេះ អាជីវករមិនមានឧបករណ៍ពិសោធន៍នោះទេ ជឿជាក់តែទៅលើអ្នកនាំចូល ដូចនេះលោកបានសំណូមពរឱ្យមន្ត្រីជំនាញនៅតាមព្រំដែនជួយមើលៗផង។
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានធ្វើសកម្មភាពត្រួតពិនិត្យចំណីអាហារ ដែលលក់ចល័តរបស់បអាជីវករខ្មែរ-ថៃ ដែលជាកត្តាមួយបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សុខភាពទាំងអស់គ្នានៅតាមទីប្រជុំជន និងទីជនបទ៕