(បាត់ដំបង)៖ ប្រភពទឹកក្នុងស្ទឹងមោង និងក្នុងអាងទឹកបាសាក់ ដែលជាប្រភពទឹកដ៏សំខាន់ និងដែលធ្លាប់បម្រើឲ្យការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបានរីងស្ទើរអស់ទៅហើយ និងអាចទ្រទ្រង់ការប្រើប្រាស់បានប្រមាណ១សប្តាហ៍ទៀតប៉ុណ្ណោះ នៅស្រុកមោឬស្សី ខេត្តបាត់ដំបង។
ឆ្លើយតបនឹងការប្រឈមនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំងក្រុមការងារមួយក្រុមដឹកនាំដោយលោក ចាន់ យុត្ថា រដ្ឋលេខាធិការ ចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីនាំទឹកពីទីតាំងផ្សេងមកផ្គត់ផ្គង់ស្រុកមោឬស្សី ដោយត្រូវនាំទឹកពីស្រុករតនមណ្ឌល ដែលមានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលកំពុងដឹកនាំក្រុមការងារនាំទឹកនេះ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា សម្រាប់ខេត្តបាត់ដំបង ស្រុកដែលប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ មាន៣ស្រុក គឺស្រុករុក្ខគិរី ស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ តែចំពោះស្រុកគាស់ក្រឡបានដោះស្រាយរួចហើយ។
លោកអះអាងទៀតថា ចំពោះស្រុកមោងឫស្សី អាចនឹងប្រឈមក្នុងរង្វង់មួយសប្ដាហ៍ខាងមុខ តែបញ្ហានេះក្រសួងក៏បានពិនិត្យឃើញជាមុន និងបានត្រៀមលក្ខណៈសម្បត្តិ សម្រាប់ការជួយអន្តរាគមន៍មួយជំហានរួចហើយផងដែរ។ បច្ចុប្បន្នក្រុមការងារ បាននិងកំពុងធ្វើឋានលេខា និងឈានទៅស្ដារបន្ថែម នូវប្រឡាយប្រមាណ៤ទៀតប៉ុណ្ណោះ។
មន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះ បានបន្ថែមថា ទឹកដែលនាំយកមកជួយស្រុកមោងឫស្សីនាពេលនេះ គឺយកមកពីទំនប់ពហុបំណង ស្ថិតក្នុងស្រុករតនមណ្ឌល ដោយបើកទម្លាក់ចូលក្នុងស្ទឹងសង្កែ មកដល់ទំនប់កង្ហត យើងបង្វែរចូលតាមប្រឡាយមេជាង៤០គីឡូម៉ែត្រទៀត ទើបមកដល់ទីប្រជុំជនស្រុកមោងឬស្សី។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា ជាសរុបចម្ងាយពីប្រភពទឹក មកដល់កន្លែងដែលទទួលប្រើប្រាស់មានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រឯណោះ ប៉ុន្ដែក្រុមការងារប្ដេជ្ញាថានឹងធ្វើការងារនេះឲ្យបានល្អជាទីបំផុត ដើម្បីប្រជាពលរដ្ឋអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ដូចធម្មតាឡើងវិញ។
សូមជម្រាបថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។
រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។ នេះបើយោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទុកទប់ទល់នឹងគ្រោះរាំងស្ងួតដែលចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ៕