(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានព្យាករណ៍ថា លោក សម រង្ស៉ី ដែលត្រូវបាន តុលាការកាត់ទោសជាច្រើនករណី នឹងមិនទទួលបានការស្នើលើកលែងទោសជាលើកទី៣នោះឡើយ ហើយអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការ កាត់ទោសជាច្រើនករណី នឹងមិនអាចរស់ឡើងវិញឡើយ។
នៅលើបណ្តាញសង្គម Facebook នាថ្ងៃនេះ លោក គង់ គាំ បានចេញមុខវាយប្រហារជាថ្មីចំពោះ លោក សម រង្ស៉ី ដោយចាត់ទុកថា ប្រធានស្តីទីគណបក្សខ្មោចនេះ កំពុងបំពានសីលប្រាំ។ លោកបានបញ្ជាក់ថា៖ «គោលការណ៍ ឬយុទ្ធសាស្ត្រប្រាំចំណុចរបស់ ប្រធានស្តីទីនៃ (មួយចំហៀង CNRP រលាយ) គឺជាអំពើបំពានសីលប្រាំ៖ ១៖ កុហកបោកប្រាស់ ២៖ ការពារនីទណ្ឌភាព, ៣៖ បំផ្លាញអនាគតអ្នកប្រជាធិបតេយ្យ ៤៖ សន្ទិដ្ឋិភាព យកបរទេសចោលខ្មែរ, ៥៖ ស្រវឹងវង្វេងយកខ្មៅជាស»។
ជាមួយនឹងការលើកឡើងបែបនេះ លោក គង់ គាំ បានទស្សទាយថា លោក សម រង្ស៉ី នឹងមិនទទួលបានការស្នើលើកលែងទោសជាលើកទី៣ទេ ហើយគ្មានទៀតឡើយគណបក្សសង្រ្គោះជាតិ ដែលតុលាការបានកាត់ទោសរំលាយរួចហើយ។
លោកបានព្យាករណ៍ដូច្នេះថា៖ «ទស្សន៍ទាយថា ដាច់ខាតគ្មានការស្នើសុំលើកលែងទោសលើកទីបីឱ្យទណ្ឌិត សម រង្ស៉ី ព្រោះមានការប្តេជ្ញា ច្បាស់លាស់រួចហើយ។ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រដ្ឋសភានីតិកាលទី៦ រាជរដ្ឋាភិបាលអាណត្តិទី៦ ដំណើរការជាធម្មតាដល់ទីបញ្ចប់។ ទស្សន៍ទាយថា ពិតជាគ្មាន CNRP ជាថ្មីវិញ និងគ្មានអតីតអ្នកនយោបាយសំខាន់ៗ (ក្រុមមនុស្សប្រឡាំងកាស) អាចមានវត្តមាន ឬបង្កើតគណបក្សនយោបាយថ្មី ដែលឆ្លើយតបដល់ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរដូចកន្លងមកបានឡើយ»។
សូមបញ្ជាក់ថា លោក គង់ គាំ អតីតប្រធានគណបក្សសម រង្ស៉ី និងជាមនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៉ី ទើបនឹងត្រូវបានគណៈកម្មាធិការនាយកគណបក្សឆន្ទៈខ្មែរ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បន្ទាប់ពីលោកទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញពីព្រះមហាក្សត្រ តាមសំណើនាយករដ្ឋមន្រ្តី៕