(ភ្នំពេញ)៖ បន្ទាប់ពីបានធ្វើឲ្យក្រុមគណៈកម្មការស្ងើចសរសើរនាអំឡុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមសំចត ដែលជាកម្មវិធីទូរស័ព្ទដៃសម្រាប់ជួយសម្រួលឲ្យអ្នកបើកបរអាចស្វែងរកកន្លែងចតយានយន្ដរបស់ពួកគេបានកាន់តែងាយស្រួល ត្រូវបានជ្រើសរើសជាក្រុមជយលាភីក្នុងកម្មវិធី SmartStart Young Innovator Program រដូវកាលទីពីរ ដោយបានឈ្នះរង្វាន់ដំណើរកំសាន្តទៅប្រទេសសិង្ហបុរី។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានមានប្រសាសន៍ថា «សូមអបអរសាទរដល់ក្រុមសំចត ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ ហើយព្រមទាំងបានជួយបង្កើនគុណភាពនៃសមិទ្ធិផលរបស់កម្មវិធីSmartStart»។
លោកបន្តថា «ការបង្ហាញពីគំនិតអាជីវកម្មរបស់ពួកគេ ធ្វើឲ្យពួកយើងមានមោទនភាពណាស់ចំពោះការព្យាយាមរបស់ពួកគេនៅក្នុងកម្មវិធីនេះ។ កម្មវិធីផ្ដួចផ្ដើមបែបនេះ សបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងមានបរិយាកាសដ៏រីកចម្រើនសម្រាប់ក្រុមហ៊ុនទាំងឡាយដែលទើបនឹងបង្កើតថ្មី ហើយធនធានមនុស្សដែលពោរពេញដោយទេពកោសល្យ ក៏កំពុងជួយលើកស្ទួយបរិយាកាសនេះ ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ នេះគឺជាសញ្ញាដ៏វិជ្ជមានចំពោះទស្សនៈវិស័យរួមរបស់យើងក្នុងការបង្កើតសេដ្ឋកិច្ចឌីជីថលដែលមាននិរន្តរភាព»។
ក្រុមចំនួន៤ផ្សេងទៀត ដែលបានចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្ររួមមានដូចជា ក្រុម Homex ដែលជាកម្មវិធីទូរស័ព្ទដៃមួយសម្រាប់ឲ្យអ្នកដែលត្រូវការជួសជុលផ្ទះ អាចភ្ជាប់ទំនាក់ទំនងជាមួយជាងដែលអាចទុកចិត្តបាន ក្រុម Haystome ដែលជាកម្មវិធីសម្រាប់ឲ្យភ្ញៀវទេសចរអាចទាក់ទងទៅកាន់សិល្បករខ្មែរ ដើម្បីទទួលបានបទពិសោធន៍សិល្បៈដ៏ពិសេស ក្រុម Malis ដែលជាកម្មវិធីសម្រាប់ឲ្យអតិចិជនណាត់ពេលវេលាជាមួយហាងថែរក្សាសម្ផស្ស និង ក្រុម Tos Rean ដែលជាកម្មវិធីផ្គូរផ្គងសិស្សនិងគ្រូបង្រៀន។
ក្រុមទាំងប្រាំបានឈ្នះប្រាក់រង្វាន់ឧបត្ថម្ភចំនួន ៤,000 ដុល្លារអាមេរិក និងទទួលបានការចូលរួមកម្មវិធីបណ្ដុះបណ្ដាលផ្នែកអាជីវកម្មរយៈពេល៦ខែកាលពីខែមិថុនា ឆ្នាំ២០១៨ ជាមួយ Impact Hub ហើយបានចូលរួមប្រកួតកាលពីចុងខែមករា នៅឯ Impact Hub Phnom Penh ដើម្បីដណ្ដើមយករង្វាន់ដំណើរកំសាន្ត «Tech Trip» ដែលទទួលបានប្រាក់ឧបត្ថម្ភទាំងស្រុង ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីធ្វើទស្សនៈកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Facebook Google និង Microsoft។
នី ច័ន្ទភិជ្ជមៀន ពីក្រុមសំចត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart និង Impact Hub ដែលបានបង្កើតកម្មវិធីបច្ចេកវិទ្យាដ៏ស៊ីជម្រៅមួយនេះ។
កញ្ញាបាននិយាយថា «ក្រុមរបស់ខ្ញុំនិងខ្លួនខ្ញុំផ្ទាល់ បានខិតខំយ៉ាងខ្លាំង ដើម្បីកែសម្រួលគោលគំនិតផលិតផលរបស់យើង។ ទោះបីជាយើងប្រឈមនឹងសម្ពាធច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក៏ដោយ ក៏ពួកយើងសូមថ្លែងអំណរគុណចំពោះអ្នកប្រឹក្សាដ៏មានបទពិសោធន៍ពី Impact Hub និង Smart ដែលបានជួយនាំផ្លូវពួកយើងរហូតដល់ យើងអាចដាក់ឲ្យដំណើរការកម្មវិធីឌីជីថលរបស់យើង។ ដោយសារផលិតផល និងសេវាកម្មឌីជីថលរបស់យើងកាន់តែមានប្រជាប្រិយភាពនៅកម្ពុជា ពួកយើងនឹងប្រើភាពជោគជ័យនេះ សម្រាប់ធ្វើជាស្ពានចម្លងឆ្ពោះទៅកាន់ការកសាងភាពជោគជ័យបន្ថែមទៀត ទៅថ្ងៃមុខ»។
កញ្ញា Mélanie Mossard នាយកផ្នែកសហគមន៍នៅ Impact Hub ភ្នំពេញ បានកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី។
កញ្ញាបន្តថា កម្មវិធី SmartStart វគ្គពីរនេះ គឺពិតជាមានគុណភាព និងការព្យាយាមដ៏ពិសេសអស្ចារ្យ។ ខ្ញុំមានអារម្មណ៍រីករាយក្រៃលែងដែលបានឃើញក្រុមនិស្សិតរបស់យើងឆ្លើយតបយ៉ាងសកម្មទៅនឹងមតិយោបល់ណែនាំនិងសិក្ខាសាលាទាំងឡាយនាអំឡុងពេលបណ្ដុះបណ្ដាល។ ខ្ញុំពិតជាស្ងើចសរសើរចំពោះការប្ដេជ្ញាចិត្តនិងឆន្ទៈរបស់ពួកគេដែលចង់សិក្សានិងទទួលបានបទពិសោធន៍ថ្មីៗ ក៏ដូចជាឱកាសផ្សារភ្ជាប់ទំនាក់ទំនងថ្មីៗផងដែរ។ សមាជិក Impact Hub របស់យើងទាំងអស់ ពិតជាចង់ឃើញក្រុមទាំងអស់អភិវឌ្ឍគំនិតរបស់ពួកគេបន្ថែមទៀត ព្រមទាំងប្រើប្រាស់ការគាំទ្រជាបន្តបន្ទាប់ពីពួកយើង សម្រាប់ជួយត្រួសត្រាយផ្លូវរបស់ពួកគេក្នុងដំណើរសហគ្រាសនេះ》។
SmartStart គឺជាកម្មវិធីរយៈពេល៩ខែ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Smart និង Impact Hub ដែលមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងអប់រំ យុវជននិងកីឡា។
កម្មវិធីនេះមានគោលបំណង ចង់ជួយឲ្យនិស្សិតសកលវិទ្យាល័យឆ្នើមនៅកម្ពុជា អាចមានឱកាសធ្វើឲ្យគោលគំនិតអាជីវកម្មរបស់ពួកគេមានដំណើរការទៅមុខ។ និស្សិតដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង បានចូលរួមវគ្គ Hackathon ព្រមទាំងវគ្គ Technopreneurship Challenge រយៈពេលប្រាំថ្ងៃ ដែលផ្ដោតលើការផ្ដល់ដំបូន្មានពីអ្នកជំនាញ និងសិក្ខាសាលាដ៏ល្អិតល្អន់ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ៤,០០០ដុល្លារអាមេរិក និងការគាំទ្ររយៈពេល៦ ខែជាមួយ Impact Hub ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគំនិតផ្តួចផ្តើមទំនួលខុសត្រូវរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុក 《Smart for Cambodia》 តាមរយៈគេហទំព័រ www.facebook.com/SmartAxiata ឬក៏ចូលមកកាន់គេហទំព័រ www.smart.