(ស្ទឹងត្រែង)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានគូសបញ្ជាក់ថា កីឡារួមចំណែកបណ្តុះបណ្តាលកូនល្អ-សិស្សល្អ-មិត្តល្អ ឱ្យក្លាយជាពលរដ្ឋល្អ នៅក្នុងថ្ងៃអនាគត ស្របតាមពាក្យស្លោក «កីឡាកសាងមនុស្ស ហើយមនុស្សកសាងជាតិ» និង «កីឡាជាយានអភិវឌ្ឍន៍សង្គម» ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» ជ្រើសរើសជើងឯកភូមិភាគឦសាន «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១» ដែលរៀបចំឡើង កាលពីរសៀលថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបរិវេណសួនច្បារមាត់ទន្លេក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្ត និងមន្ទីរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការប្រកួត អាជ្ញាធរដែនដី និងតំណាងវិស័យឯកជន ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ឆ្នាំនេះ ឱ្យមានភាពឧឡារឹក និងទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បញ្ចេញនូវទេពកោសល្យ និងវាស់ស្ទង់សមត្ថភាពបច្ចេកទេសហ្វឹកហាត់របស់ខ្លួន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) នៅក្នុងឆ្នាំ២០២៣ ។
«លទ្ធផលដែលកីឡាករ កីឡាការិនី ទទួលបានជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួតបានត្រឹមត្រូវ» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
ទន្ទឹមគ្នានោះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណប្រតិភូដឹកនាំក្រុមកីឡាទូកប្រពៃណីខេត្តទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតខាងលើ ដោយឈរលើស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពទទួលខុសត្រូវខ្ពស់ ពោលគឺធ្វើការប្រកួត ដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស៕