(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន ត្រូវបានប្រារព្ធឡើង នៅបណ្តាប្រទេសមួយចំនួន ដែលមានប្រជាជនចិន និងអ្នកកាត់សែស្រឡាយចិនរស់នៅ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។
ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យមួយរបស់ជនជាតិចិន ដែលប្រារព្ធឡើង នៅដើមឆ្នាំថ្មី នៃប្រតិទិនប្រពៃណីចិន ហើយពិធីបុណ្យនេះ មានឈ្មោះមួយទៀតថា ពិធីបុណ្យនិទាឃរដូវ នៅក្នុងសម័យទំនើបរបស់ចិន។ ក្នុងឱកាសបុណ្យនេះ គេតែងតែឃើញអ្នកកាត់សែស្រឡាយចិន យកផ្កាអង្គារសិល្ប៍ទៅដាក់តាំងលម្អ នៅតាមគេហដ្ឋាន ក្រុមហ៊ុន និងកន្លែងរកស៉ីផ្សេងៗទៀត។
បើគេសង្កេតមើលទិដ្ឋភាពលក់ផ្កា នៅម្តុំរង្វង់មូលនៃវត្តសំពៅមាសវិញ អាជីវករកំពុងញ៉ាប់ដៃញ៉ាប់ជើងយ៉ាងខ្លាំង ក្នុងការលក់ដូរផ្កាអង្គារសិល្ប៍។ ប្រជាជនកាត់ចិន ក៏បានឃ្មីឃ្មាតដើររកទិញផ្កានេះ យ៉ាងណែនតាន់តាប់ផងដែរ។
លោក សិលា បានឲ្យដឹងថា ពេលបុណ្យចូលឆ្នាំចិនម្តងៗ លក់ឆ្លៀតពេលទំនេរមកលក់ផ្កាអង្គាសិល្ប៍ ហើយលោកលក់ផ្កាក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ អស់រយៈពេលជិត១០ឆ្នាំមកហើយ។ លោកបន្តថា ផ្កាអង្គាសិល្ប៍នេះលក់ដាច់ខ្លាំងណាស់ ពោលមួយឆ្នាំៗលោកលក់ត្រឹមពេលខ្លីមែន តែទទួលបានចំណូលយ៉ាងគួរសម។
អ្នកលក់ផ្ការូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «បាទមមាញឹកខ្លាំងមែនទែនព្រោះអីពេលខ្លះ យើងរកលក់អត់ទាន់ឲ្យភ្ញៀវផង ពេលខ្លះគេមករកច្រើន...។ រឿងចំណូលវិញគ្រាន់បើដែរបង យើងចំណេញគួរសម»។
ចំណែកលោកស្រី ចន្ថា ដែលជាអ្នកលក់ផ្កា៧ឆ្នាំហើយនោះ បានឲ្យដឹងដែរថា ផ្កាអង្គារសិល្ប៍១ដើម មានតម្លៃចាប់ពី១០ដុល្លារអាមេរិកឡើងទៅ។ លោកស្រីថា ផ្កាដែលមានផ្កាច្រើន អាចលក់បានដល់ទៅ៥០ដុល្លារអាមេរិកឯណោះ ពោលលក់បានតម្លៃថ្លៃតាមប្រភេទផ្កា។
បើតាមលោកស្រី ចន្ថា រដូវចូលឆ្នាំចិនម្តងៗ ការលក់ផ្កាដាច់ខ្លាំងណាស់ ដែលកត្តានេះនាំឲ្យលោកស្រី ត្រូវរៀបចំកន្លែងលក់តាំងពីម៉ោង៤ទៀបភ្លឺ ហើយការលក់វិញនឹងបន្តរហូតដល់៩យប់ ឬ១០យប់ ទើបបានសម្រាក។
លោកស្រីបញ្ជាក់ថា «សម្រាប់ផ្កាច្រើនក្នុង១ដើម តម្លៃចាប់ពី២០ ទៅ៣០ដុល្លារទៅ ឬ៥០ដុល្លារក៏មាន ហើយផ្កាខ្លះតែ១០ដុល្លារទេ.....។ ម៉ោង៤ព្រឹកអី យើងចាប់ផ្តើមរៀបហើយ រហូតដល់ម៉ោង១០យប់ទើបឈប់លក់»។
សម្រាប់បងស្រី ចន្ធី ដែលលក់ផ្កាក្បែរនោះដែរ បានថ្លែងថា ផ្កាដែលលោកស្រីលក់ ត្រូវបានយកមកពីខេត្តពោធិ៍សាត់ ប៉ុន្តែអ្នកលក់រាយរូបនេះថា ដោយសារអស់ថ្លៃសោហ៊ុយច្រើនពេកនោះ លោកស្រីទទួលយកពីផ្សារដីហុយវិញ ដើម្បីមកលក់បន្ត។ អ្នកលក់ផ្កាអស់រយៈពេល១២ឆ្នាំរូបនេះ បានអះអាងថា លោកស្រីលក់មិនដែលខាតនោះឡើយ។
លោកស្រីបន្តថា «ឆ្នាំដំបូងអត់ចេះលក់ អ៊ុខាត៣០០ដុល្លារ។ ដល់ពេលអញ្ចឹងទៅ លក់១ឆ្នាំ២ឆ្នាំទៅ យើងចេះលក់ឥឡូវអត់ភ័យទេធម្មតា តែពេលស្ងាត់ទៅអត់ហ៊ាន ទៅយកដាក់ទៀតទេ។ កាលមុនខ្ញុំឡើងទៅពោធិ៍សាត់ ឥឡូវអត់ឡើងទេ ទទួលគេនៅត្រឹមផ្សារដីហុយហ្នឹង និងយកពីឡានគេមកពីពោធិ៍សាត់»។
ជំនឿរបស់ប្រជាជនចិនទៅលើផ្កាអង្គារសិល្ប៍នេះ មានតាំងពីបុរាណកាលតរៀងមក។ គេជឿថា ផ្កាអង្គារសិល្ប៍ គឺជាប្រភេទផ្កាដែលសម្គាល់ ឲ្យជោគជតារាស៉ីនិងយីអ៊ុន ទើបគេយកផ្កានេះ ទៅតាំងលម្អក្នុងរដូវកាលចូលឆ្នាំចិន។
លោក ទីវ ឈុងអ៊ាង ប្រធានផ្នែកភាសាចិននៃអាយអាយអេស បានឲ្យដឹងថា បើផ្កាអង្គារសិល្ប៍រីកចំថ្ងៃសែន មានន័យថា គ្រួសារនោះនឹងមានសុភមង្គលពេញ១ឆ្នាំ ហើយបើផ្ការីកចំថ្ងៃទី១វិញ គ្រួសារនោះនឹងមានលាភសំណាងធំ។ លោកថា បើសិនជាផ្ការីកចំថ្ងៃទី២វិញ បើអ្នកគ្មានកូននឹងមានកូនដូចប្រាថ្នា តែបើផ្ការីកក្នុងថ្ងៃទី៣ គឺជារឿងធម្មតា។
លោក ទីវ ឈុងអ៊ាង បានបញ្ជាក់ថា «តាមដូនតាយើងនិយាយតៗគ្នាមកថា ជាទូទៅបើផ្កាហ្នឹងរីកចំថ្ងៃសែន មានន័យថា គ្រួសារហ្នឹងនឹងទទួលបាន សុភមង្គលក្នុងឆ្នាំថ្មី ពេញ១ឆ្នាំតែម្តង ហើយបើសិនជារីកក្នុងថ្ងៃទី១ មានន័យថាគ្រួសារនោះ នឹងទទួលបានលាភសំណាង ប្រាក់កាសហូរចូល បើចាក់ឆ្នោតដឹងតែត្រូវរង្វាន់ធំ»។
លោកបន្តថា «បើសិនជារីកក្នុងថ្ងៃទី២ មានន័យថា គ្រួសារនោះ នឹងមានលាភធំ លាភមានកូនមានចៅ សម្រាប់អ្នកចង់បានគ្រួសារ ហើយបើសិនជារីកថ្ងៃទី៣នោះ ជាការរីកទូទៅហើយ»។
នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ក្រៅពីផ្កាអង្គារសិល្ប៍ គេក៏សង្កេតឃើញមានប្រជាពលរដ្ឋ ទិញក្រូចនិងផ្កាស្បៃរឿង យកទៅតាំងលម្អផងដែរ។ លោក ទីវ ឈុនអ៊ាង បានគូសបញ្ជាក់ថា ក្រូចតំណាងឲ្យលាភ និងសំណាងដល់គ្រួសារចិន ចំណែកឯផ្កាស្បៃរឿង តំណាងឲ្យមាស និងប្រាក់។
លោកបានបញ្ជាក់ទៀតថា «ក្រូចតំណាងឲ្យទ្រព្យសម្បត្តិ លាភសំណាង ហៅថា តាជីញ តាលីញ។ តាជីញ តាលីញ មានន័យថា ទ្រព្យសំណាងហូរចូលធំៗតែម្តង។ អ៉ីចឹង បានប្រជាជនចិន គេចូលចិត្តប្រើពណ៌ទឹកក្រូច ពណ៌ក្រហម ដែលតំណាងឲ្យលាភសំណាង»។
លោកបន្តថា «ដោយសារតែផ្កាស្បៃរឿង វាមានពណ៌លឿងដូចដុំមាសអ៉ីចឹង ប្រជាជនចិន មានជំនឿថា អាហ្នឹងដូចដុំមាសអ៉ីចឹង ស្អាត ល្អ។ អ៉ីចឹងគេយកទៅលម្អផ្ទះ ព្រោះអីប្រជាជនចិនដឹងថា ឲ្យតែដល់ថ្ងៃទី១នៃចូលឆ្នាំ ឲ្យតែយប់ឡើងគេនឹង ទទួលទេវតាឆ្នាំថ្មី ហើយទេវតាឆ្នាំថ្មី ស្រឡាញ់ពណ៌ហ្នឹង ដែលជាពណ៌ប្រាក់ ពណ៌មាស»៕