(សៀមរាប)៖ ការឈានជើងរបស់រោងភាពយន្តលេជេន ចូលទៅក្នុងខេត្តសៀមរាបនេះ មិនត្រឹមតែបានបង្ហាញអំពីភាពរីកចម្រើន របស់ប្រជាជនកម្ពុជានៅក្នុងខេត្ត ទេសចរណ៍មួយនេះ ប៉ុណ្ណោះនោះទេ វាក៏បានកែប្រែមុខមាត់ខេត្តមួយនេះឲ្យកាន់តែមានភាពស៊ីវីល័យ និងមានភាពអ៊ូរអរចម្រុះពណ៌ជាងមុនបន្ថែមទៀត។ រោងភាពយន្តទំនើបនេះ ត្រូវបានគេស្គាល់ឈ្មោះថា ជារោងភាពយន្ត «លេជេនហេរីថេកវ៉ក» ក្នុងនោះមានសាលសរុបចំនួន ៥ ដែលសាលទី៥ មានឈ្មោះថា Smart Hall VIP។
Smart Hall VIP គឺជាប្រភេទសាលប្រណីតលំដាប់ VIP សម្រាប់បំពេញតម្រូវការចំពោះអតិថិជន ដែលចូលចិត្តភាពឯកជនលក្ខណៈបែបអភិជន។ សរុបទាំង៥ សាលនេះ រោងភាពយន្តលេជេនហេរីថេកវ៉ក អាចមានលទ្ធភាពផ្ទុកចំនួនមនុស្សរហូតទៅដល់ ៧០០នាក់ រាល់ពេលការដាក់បញ្ចាំងកុនម្តងៗ។ រោងភាពយន្តលេជេននៅខេត្តសៀមរាបនេះ ដែលមានទីតាំងនៅក្នុងមឈ្ឈមណ្ឌលកំសាន្ត ហេរីថេកវ៉ក ជាន់ទី៣ តាមបណ្តោយផ្លូវជាតិលេខ៦អា នឹងធ្វើការដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៩នេះតទៅ។
សម្រាប់រោងភាពយន្តហេរីថេកវ៉ក នេះ គឺជាសាខាទីប្រាំមួយដែលក្នុងនោះ ៥សាខាទៀត ដែលមានដូចជា រោងភាពយន្តលេជេនស៊ីធីម៉ល រោងភាពយន្តលេជេនធីខេ រោងភាពយន្តលេជេនមានជ័យ រោងភាពយន្តលេជេនព្រីមមៀម និងរោងភាពយន្តអេដិនមានទីតាំងនៅទីក្រុងភ្នំពេញទាំងអស់។ ទាំងប្រាំមួយទីតាំងនេះបួកបញ្ចូលគ្នា រោងភាពយន្តលេជេនមានចំនួនសាលរហូតទៅដល់ ៣១សាល ដែលមានលទ្ធភាពអាចផ្ទុកមនុស្សបាន រហូតទៅដល់ច្រើនជាង ៣០០០នាក់ រាល់ពេលការដាក់បញ្ចាំងកុនម្តងៗ។ នេះអាចបញ្ជាក់បានថារោងភាពយន្តលេជេន គឺជារោងភាពយន្តធំ និងឈានមុនគេនៅក្នុងប្រទេសកម្ពុជា រហូតមកទល់ពេលនេះ។ ក្នុងនោះផងដែរ រោងភាពយន្តលេជេនបាន បង្កើតការងារដល់បងប្អូនប្រជាជនកម្ពុជា បានចំនួនសរុប២៨៥នាក់ សរុបមកទល់ពេលនេះ។ រោងភាពយន្តលេជេននឹងអាចពង្រីកខ្លួនបន្ថែមទៀត រហូតទៅដល់១០ទីតាំង នៅចុងឆ្នាំ២០១៩នេះ ដែលចំនួនសាលនឺងកើនឡើង ដល់៤៧សាលហើយមានវិសាលភាពគ្របដណ្តប់បន្ថែមទៀត ទាំងនៅទីក្រុងភ្នំពេញនឹងបណ្តាខេត្ត ដែលមានសក្តានុពល មួយចំនួនទូទាំងប្រទេសកម្ពុជា ដូចជាក្រុងព្រះសីហនុ ខេត្តបាត់តដំបង ខេត្តកំពង់ចាមជាដើម។
អ្វីដែលគូរឲ្យកត់សម្គាល់នោះ រោងភាពយន្តលេជេន នឹងមានគម្រោងនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយ សម្រាប់វិស័យរោងកុននេះ ដែលធ្វើឲ្យរោងកុនលេជេន មានលទ្ធភាពប្រកួតប្រជែង ជាមួយនឹងរោងកុនក្នុងបណ្តាប្រទេសអភិវឌ្ឍទាំងឡាយ ដូចជាបច្ចេកវិទ្យា Screen X ឬ Giant Screen ជាដើម។ សម្រាប់ពេលបច្ចុប្បន្ន រោងភាពយន្តលេជេនត្រូវបានបំពាក់បច្ចេកវិទ្យា ចុងក្រោយដូចជាប្រព័ន្ធសម្លេង dolby-atmos ជាបច្ចេកវិទ្យាចុងក្រោយបំផុត ជាមួយនឹងផ្ទាំងស្រ្គីនឡាស៊ែច្បាស់ ត្រជាក់ភ្នែក។
ការរីកចម្រើនរបស់រោងភាពយន្តលេជេននេះ គឺជាឱកាសមិនអាចប្រកែកបានក្នុងការជម្រុញ ឲ្យវិស័យភាពយន្តក្នុងស្រុកកាន់តែមានភាពប្រសើរឡើង ដោយរាល់ការបន្ថែមទីតាំង នឹងសាលរបស់រោងភាពយន្តម្តងៗនឹងធ្វើឲ្យភាពយន្តក្នុងស្រុកមានទីផ្សារ កាន់តែច្រើនជាងមុនក្នុងការដាក់បង្ហាញវណ្ណកម្ម របស់ខ្លួន ដែលអាចធ្វើឲ្យផលិតករក្នុងស្រុកទទួលប្រាក់ចំនួលបន្ថែម ដើម្បីអភិវឌ្ឍគុណភាពភាពយន្តរបស់ខ្លួនឲ្យសមស្រប ទៅតាមការរីកចម្រើនរបស់រោងកុន។ ការបើកសម្ពោធជាផ្លូវការ នេះក៏នឹងមានការចាក់បញ្ចាំងរឿងល្បីៗចំនួន៧ ដែលបានដាក់បញ្ចាំងនឹងទទួលបានការគាំទ្រ ជាថ្មីម្តងទៀតចាប់ពីម៉ោង១រសៀល សម្រាប់អ្នកគាំទ្រលេជេន នឹងអ្នកនិយមមើលកុនទាំងអស់ដោយឥតគិតថ្លៃ នៅថ្ងៃទី១ ខែកុម្ភៈនេះតែម្តង។
អ្វីដែលធ្វើឲ្យមានភាពកាន់តែអធិកអធម ជាងនេះទៅទៀតនោះ នៅល្ងាចថ្ងៃដដែលចាប់ពីម៉ោង៧ល្ងាចតទៅ រោងភាពលេជេនក៏នឹងរៀបចំ ឲ្យមានការប្រគំតន្ត្រីពិសេស ដែលមានការចូលរួមពីតារាល្បីៗប្រចាំប្រទេសកម្ពុជា ដូចជាកញ្ញាវីឌីណែត លោក G-Devith និង លោក វ៉ាន់ដាផងដែរ។ ការប្រគំតន្ត្រីនេះក៏មានការចាប់រង្វាន់ពិសេសធំ iPhone 8 plus, ក៏ដូចជាកាតសមាជិករបស់រោងភាពយន្តលេជេន ដែលអាចទស្សនាភាពយន្តរយៈពេលពេញមួយឆ្នាំ និង រង្វាន់ផ្សេងៗទៀតជាច្រើន៕