(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងចាត់ទុកចំពោះវិទ្យុអាស៊ីសេរីដែលបានលើកទ្បើងថ្មីៗនេះថា រាជរដ្ឋាភិបាលក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន មានបំណងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញដោយប្ដូរពីរបបរាជានិយម ទៅជារបបសាធារណរដ្ឋនោះគឺជារឿងគួរចង់សើចនឹងពុំយល់អំពីទស្សនវិជ្ជានយោបាយ។ ពីព្រោះបើនិយាយពីការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពីរបបរាជានិយមទៅជារបបសាធារណរដ្ឋដូចវិទ្យុអាស៊ីសេរីចោទនេះ ហើយដែលរដ្ឋធម្មនុញ្ញបានហាមឃាត់មិនឲ្យប៉ះពាល់ដល់របបរាជានិយមអាស្រ័យធម្មនុញ្ញផងនោះ គឺស្មើនឹងរាជរដ្ឋាភិបាលធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញយ៉ាងដូច្នេះដែរ។ មានន័យថា «រាជរដ្ឋាភិបាលគឺពុំល្ងង់ត្រូវធ្វើរដ្ឋប្រហារខ្លួនឯង» នោះទេ។
ម្យ៉ាងទៀតបើនិយាយពីសាវតានៃការកកើតរបបរាជានិយម ដែលយើងហៅថា ព្រះរាជាណាចក្រកម្ពុជាទី២នេះទៀតសោត ក៏ផ្ដើមចេញពីទស្សនវិជ្ជានយោបាយដ៏ច្បាស់លាស់របស់សម្ដេចតេជោ ហ៊ុន សែន តំាងពីសម្ដេចនៅជាយុវជនមកម៉្លេះផងដែរ។ ក្នុងនោះបន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ ដឹកនំាដោយក្រុមលោក លន់ នល់ ដែលមានអាមេរិកំាងនៅពីក្រោយខ្នងនោះ គឺសម្ដេចតេជោចេញដង្ហែតាមការអំពាវនាវអង្គសម្ដេចឪ ព្រះបរមរតនកោដ្ឋនៃយើង រហូតដល់សម្ដេចតេជោ បានដង្ហែអង្គសម្ដេចឪនៃយើងដោយផ្ទាល់ពីរាជធានីទីក្រុងប៉េកំាង ប្រទេសចិននាឆ្នាំ១៩៩១ ហើយចុងក្រោយបង្កើតរបបរាជានិយមស្របតាមរដ្ឋធម្មនុញ្ញនាឆ្នាំ១៩៩៣ ដូចយើងសព្វថ្ងៃនេះ។
បើដូចនេះចំពោះវិទ្យុអាស៊ីសេរី ដែលចោទរាជរដ្ឋាភិបាលថា មានបំណងចង់កែរដ្ឋធម្មនុញ្ញដោយប្ដូរពីរបបរាជានិយមទៅជារបបសាធារណរដ្ឋនោះ។ ស្ថិតត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ យល់ថា វិទ្យុអាស៊ី គឺគ្រាន់តែមានបំណងចង់ធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានភាពច្របូកច្របល់ក្នុងប្រទេសតែប៉ុណ្ណោះ។ ពីព្រោះបើយើងនិយាយពីទស្សនវិជ្ជានយោបាយសម្ដេចតេជោ ក្នុងការគ្រប់គ្រងរដ្ឋគឺសម្ដេច ជាអ្នកនំាមកវិញនូវរបបរាជានិយម ជាអ្នកធ្វើឲ្យប្រទេសមានសន្ដិភាព និងការអភិវឌ្ឍ ដូចយើងឃើញសព្វថ្ងៃនេះ។ បើដូច្នេះបើឈរលើមូលដ្ឋាននេះ យើងសួរថាតើមានហេតុផលអ្វី ដែលរាជរដ្ឋាភិបាលត្រូវធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដោយប្ដូរពីរបបរាជានិយមទៅជារបបសាធារណរដ្ឋ? ហើយដែលជាការធ្វើរដ្ឋប្រហារខ្លួនឯងនំាប្រទេសឲ្យធ្លាក់ដូចឆ្នំា១៩៧០ម្ដងទៀតនោះ។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ សង្កត់ធ្ងន់ថា បើដូចនេះបើនិយាយពីភស្ដុតាងចំពោះអ្នកដែលចង់កែប្រែរដ្ឋធម្មនុញ្ញ ឬអ្នកចង់ប្ដូរពីរបបរាជានិយម ទៅជារបបសាធារណរដ្ឋនោះគឺប្រហែល ជាក្រុមបក្សប្រឆំាង ដែលវិទ្យុអាស៊ីសេរីខិតខំលើកតម្កើងសព្វថ្ងៃនេះទៅវិញទេ។ ជាក់ស្ដែងដោយសារតែក្រុមប្រឆំាង មានមហិច្ឆតាចង់នំាប្រទេសពីរបបរាជានិយមទៅជារបបសាធារណរដ្ឋនេះហើយ ទើបបណ្ដាលឲ្យអ្នកខ្លះជាប់គុក អ្នកខ្លះរត់ចោលស្រុកដូចយើងសព្វថ្ងៃនេះ៕
សូមជំរាបថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធ នៅក្នុងរដ្ឋប្រហារដែលនាំឲ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ ប៉ុន្តែមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហម។
នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ស្ថានទូតអាមេរិក បានសរសេរយ៉ាងច្បាស់ៗថា «សូមអរគុណចំពោះមតិតរបស់លោកអ្នក។ តែយើងសូមធ្វើការកត់សំគាល់ថា សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធ នៅក្នុងរដ្ឋប្រហារដែលនាំអោយលោក លន់ នល់ឡើងកាន់អំណាចនោះទេ។ រហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទេ។ ផ្ទុយទៅវិញ មានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងក្នុងរយៈកាលក្រោយពីនោះមក»។
ឆ្លើយតបនឹងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ, នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ តាមរយៈ Facebook ផ្លូវការរបស់ស្ថានទូតចិន បានលើកឡើងវិញថា រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើង សង្រ្កាមរ៉ាំរ៉ៃ អស់រយៈពេលយ៉ាងយូរនោះ មានទាក់ទងនឹង CIA ។
«ក្នុងពេលថ្មីៗនេះស្ថានទូតប្រទេសមហាអំណាចមួយប្រចាំកម្ពុជា បានលើកឡើងជាសាធារណៈថា ប្រទេសខ្លួនមិនមានជាប់ទាក់ទងអ្វីជាមួយនឹងរដ្ឋប្រហាសម័យ លន់ នល់ នៅក្នុងប្រទេសកម្ពុជា កាលពីដើមទសវត្សរ៍ទី៧០ នៃសតវត្សរ៍មុនទេ។ ជាការពិតណាស់ រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្កាមរ៉ាំរៃអស់រយៈពេល យ៉ាងយូរនោះមិនមាន ទំនាក់ទំនងអ្វីនឹង “US” ទេ ប៉ុន្តែមានទាក់ទងនឹង ”CIA”»។ នេះជាខ្លឹមសាររបស់ស្ថានទូតមហាអំណាចចិន ប្រចាំនៅកម្ពុជា បង្ហាញនៅលើ Facebook ផ្លូវការរបស់ខ្លួន៕