(តាកែវ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បន្ទាប់ពីអញ្ជើញចុះទៅពិនិត្យ ការប្រមូលស្រូវប្រាំង នៅស្រុកអង្គរបូរីរួចមក លោករដ្ឋមន្ត្រី និងសហការី បានបន្ដពិនិត្យការបង្កាត់គោដោយសិប្បនិម្មិត្តប្រភេទពូជ ប្រាម៉ាន់ នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង។
ថ្លែងប្រាប់រដ្ឋមន្ដ្រីក្រសួងកសិកម្មក្នុងទឹកចិត្តសប្បាយរីករាយ, លោក សែម សង្វាត បានបញ្ជាក់ថា ក្រោយចូលនិវត្តន៍ពីការងារជាមន្ត្រីរាជការ លោកចាប់ផ្តើមចិញ្ចឹមគោ៣ឆ្នាំមកហើយ។
បច្ចុប្បន្នគ្រួសារលោកមានជីវភាពធូរធារ កូនៗរៀនចប់បរិញ្ញាបត្រ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ ដោយសារចំណូលពីការចិញ្ចឹមគោចំនួន២៣ក្បាល។ លោកបន្ថែមថា មេគោពេញវ័យមួយក្បាលអាចលក់បានជាង៣ពាន់ដុល្លារជាមធ្យមក្នុងមួយឆ្នាំ ហើយអាចទទួលបានចំណូលពី១ម៉ឺន ទៅ១៥,០០០ដុល្លារ រួមផ្សំជាមួយផលស្រូវ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់លោកសង្វាត ដែលបានប្រកាន់យករបរចិញ្ចឹមគោ ដែលជាប្រភពចំណូលយ៉ាងល្អប្រសើរ ក្នុងការកែប្រែជីវភាពគ្រួសារ។ ចំណូលដ៏ខ្ពស់នេះ ធ្វើឲ្យគ្រួសារមានជីវភាពល្អប្រសើរ គ្រួសារមានសុភមង្គល នេះជាលទ្ធផលយ៉ាងល្អប្រសើរដែលបានពីការអភិវឌ្ឍនៃវិស័យកសិកម្ម។
រដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យការិយាល័យផលិតកម្មសត្វ និងសុខភាពសត្វ ត្រូវខិតខំបន្ថែមទៀតលើការងារបង្កាត់ពូជគោ និងត្រូវកែប្រែប្រព័ន្ធផលិតកម្មចិញ្ចឹម ពីចិញ្ចឹមជាលក្ខណៈគ្រួសារ ទៅចិញ្ចឹមជាលក្ខណៈពាក់កណ្តាលឧស្សហកម្មវិញ ប្រយោជន៍ដើម្បីលើកកម្ពស់គុណភាព ផលិតកម្មធានាបានគុណភាព អនាម័យ និងសុវត្ថិភាព។
ដោយឡែកអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ត្រូវរៀបចំកម្មវិធីប្រឡងប្រណាំងកសិករឆ្នើម ដែលមានស្នាដៃចិញ្ចឹមសត្វបានល្អ និងមានគំនិតច្នៃប្រឌិត ដោយផ្តល់ជាប័ណ្ណសរសើរ ឬប្រាក់រង្វាន់លើកទឹកចិត្ត ដើម្បីជំរុញការងារផលិតកម្មសត្វឲ្យរីកចម្រើន ធានាបានការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅកាត់បន្ថយការនាំចូល។ បច្ចុប្បន្នទូទាំងខេត្តតាកែវ បានបង្កាត់គោដោយសិប្បនិម្មិត្ត បានជាង១ពាន់ក្បាល។
ចេញពីកសិដ្ឋានចិញ្ចឹមគោ លោករដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកពងរបស់បងស្រី ទួត ផល្លាយ ដែលរស់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុងទាំង។ សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមមាន់ពងចំនួនជាង ១.៥ ម៉ឺនក្បាលដោយក្នុង១ថ្ងៃ គាត់អាចប្រមូលពងមាន់បានប្រមាណ៩ពាន់ពង និងចំពោះពងមាន់លេខមួយគាត់ អាចលក់បានជាង៤០០រៀល ហើយក្នុងមួយខែ គាត់អាចរកប្រាក់ចំណូលបានជាង១ពាន់ដុល្លារ ដែលចំណូលនេះបានលើកស្ទួយជីវភាពគ្រួសារគាត់បានយ៉ាងល្អប្រសើរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីបានធ្វើការណែនាំ ដល់ការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វឱ្យជួយផ្តល់បច្ចេកទេសថ្មីៗជូនគាត់បន្ថែមទៀត បំណងលើកកម្ពស់ផលិតភាព គុណភាព អនាម័យ និងបរិស្ថាន ដើម្បីធានាបាននូវសុខភាពអ្នកបរិភោគ និងអ្នករស់នៅជិតខាង៕