(ភ្នំពេញ)៖ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន នាពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុមឃ) ដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Bretton G. Sciaroni សហប្រធានក្រុម «ឃ» ខាងផ្នែកឯកជន ដោយមានការចូលរួមពី ថ្នាក់ដឹកនាំទាំងខាងរាជរដ្ឋាភិបាល ក៏ដូចជាផ្នែកឯកជន និងមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជាផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំក្រុម «ឃ» លើកទី៧នេះ បានបង្ហាញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បន្ថែម ទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបញ្ហាមួយចំនួនដែលជាការបារម្ភរបស់វិស័យឯកជនត្រូវបានដោះស្រាយ តាមរបៀបវារៈដូចខាងក្រោម ៖
១៖ អំពីពន្ធលើឈ្នួលផ្ទះ និងដី៖
វិស័យឯកជនបារម្ភថា អាចមានការយកពន្ធត្រួតគ្នា ចំពោះពន្ធកាត់ទុកលើសកម្មភាពជួល សម្រាប់ម្ចាស់ទ្រព្យ និងអ្នកជួលដែលជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពន្យល់បញ្ជាក់ថា ករណីនេះ មិនមានការយកពន្ធត្រួតគ្នាទេ ចំពោះការជួលរវាងនីតិបុគ្គលចំពោះក្រុមហ៊ុនដែលចុះបញ្ជីដូចគ្នា ដោយហេតុថា ពន្ធកាត់ ទុកលើថ្លៃឈ្នួលនីតិបុគ្គល (អត្រា ១០%) គឺជាបន្ទុកម្ចាស់ផ្ទះ ឬដី ហើយមុនបង់ថ្លៃឈ្នួល អ្នកជួលត្រូវកាត់ពីម្ចាស់ផ្ទះ ឬដី មកបង់ជូនរដ្ឋបាលសារពើរពន្ធ តែអាចស្នើសុំឥណទានពន្ធកាត់ទុកនេះកាត់កងជាមួយលទ្ធផលសារពើពន្ធប្រចាំឆ្នាំ។ ដោយឡែកអាករលើតម្លៃបន្ថែម (អតប) អត្រា១០% ជាបន្ទុកអ្នកប្រើប្រាស់ (អ្នកជួល) ដែលម្ចាស់ដី ឬផ្ទះជានីតិ បុគ្គលត្រូវចេញវិក្កយបត្រ អតប ទៅអ្នកជួល ហើយអ្នកជួលអាចស្នើសុំឥណទាន អតប ទៅកាត់កងជាមួយអាករលើ ធាតុចេញរបស់ខ្លួនប្រចាំខែបាន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យកែសម្រួលលិខិតបទដ្ឋានពាក់ព័ន្ធកិច្ចការនេះ ឱ្យកាន់តែងាយស្រួលអនុវត្តបន្ថែមទៀត ។
២៖ ប្រតិបត្តិការដែលមានកិច្ចធានា៖
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្របសម្រួលរៀបចំ និងដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយធនាគារជាតិ, ក្រសួងពាណិជ្ជកម្ម, ក្រសួងយុត្តិធម៌ ជួយជម្រុញពន្លឿននីតិវិធីតុលាការក្នុងការចេញដីការសម្រេចរក្សាការពារក្នុងរយៈ ពេល ២ សប្តាហ៍ នៅក្នុងវិស័យភតិសន្យាហិរញ្ញវត្ថុ ។ ទន្ទឹមនេះ, ក្រសួងយុត្តិធម៌ ក៏បានចេញលិខិតណែនាំជូនសាលា ដំបូងរាជធានី-ខេត្ត ស្តីពីការពន្លឿនការដោះស្រាយសំណុំរឿងទាក់ទងនឹងភតិសន្យាហិរញ្ញវត្ថុ ដើម្បីធានានូវភាពយុត្តិធម៌ និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរឿងក្តីដែលពាក់ព័ន្ធភតិសន្យាហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវតាមច្បាប់ និងឆាប់រហ័ស ។ អង្គប្រជុំ ក៏ស្នើឲ្យក្រុមការងារបង្កើនការផ្សព្វផ្សាយ និងជួបជាមួយវិស័យឯកជនឱ្យបានឆាប់ ដើម្បីពន្យល់អំពីលទ្ធផលនៃកិច្ចការនេះ និងរួមគ្នាបន្តអនុវត្ត ។
៣៖ អត្រាការប្រាក់លើប្រាក់កម្ចីៈ
ផ្នែកឯកជនស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រក្សាទុកដដែលនូវវិធានដែលមានចែងក្នុងសេចក្តីណែនាំ លេខ ១៥១ អពដ ឆ្នាំ ២០១៤ និង ទទួលស្គាល់ថាវិធានទាំងនេះ អនុលោមតាមប្រកាសលេខ ៩៨៦ សហវ ប្រ.កជាពិសេសលទ្ធភាព ក្នុងការផ្តល់កម្ចីក្នុងអត្រាការប្រាក់សូន្យ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការអនុវត្ត គោលការណ៍ជំហោងដៃ (Arm length's principle) គឺជានិន្នាការសកលដែលប្រទេសជាច្រើន លើសកលលោក ជាពិសេស ប្រទេសសមាជិក OECD បាន និងកំពុងអនុវត្ត មិនមែនតែនៅកម្ពុជានោះទេ ។ ជាក់ស្តែង, វិធានការផ្ទេរថ្លៃ មិនត្រូវបានអនុវត្តជាប្រតិសកម្មនោះទេ ។ មានន័យថា វិធាននៃការផ្ទេរថ្លៃនេះ អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ក្រោយពេលចេញប្រកាស ស្តីពីបែងចែកចំណូលចំណាយរវាងបុគ្គលទាក់ទិន។ ជារួម, គោលការណ៍ជំហោងដៃ នេះ មិនបានបដិសេធមិនទទួលស្គាល់កម្ចីដែលមានអត្រាការប្រាក់០% នោះទេ ប៉ុន្តែអ្នកជាប់ពន្ធត្រូវមានឯកសារ បញ្ជាក់ឱ្យបានច្បាស់លាស់ជាអាទិ៍ គោលបំណងនៃការផ្តល់កម្ចីគម្រោងផែនការអាជីវកម្ម និងរយ:ពេលនៃការផ្តល់កម្ចី អត្រាសូន្យ។
អង្គប្រជុំ ក៏ស្នើក្រុមការងាររបស់អគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន ប្រជុំពិភាក្សាបញ្ជាក់លើចំណុច ដែលមិនទាន់ច្បាស់ជាមួយគ្នាលើការអនុវត្តប្រកាស ដោយអាចចេញសេចក្តីណែនាំលម្អិត លើការអនុវត្តប្រកាសនេះបន្ថែមទៀត ឬពិចារណាលើការបន្ថែម ទៅក្នុងប្រកាសស្តីពីតួនាទីភារកិច្ច របស់ក្រុមការងារសវនកម្ម ។
៤៖ ការអនុវត្តប្រាក់បំណាច់ អតីតភាពការងារ៖
ផ្នែកឯកជន ស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ប្រាក់បំណាច់អនុលោមតាមប្រកាសលេខ ៤៤៣ ស្តីពីប្រាក់បំណាច់អតីតភាពការងារ ដែលត្រូវបានស្គាល់ថាជាប្រាក់បំណាច់អតីតភាពការងារ ជំនួសឱ្យប្រាក់បណ្ដេញ ចេញ ត្រូវបានលើកលែងពន្ធសម្រាប់បុគ្គលិកគ្រប់ៗរូប ។ អង្គប្រជុំ ក៏ស្នើក្រុមការងារ (ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្នែកឯកជន) ពិភាក្សា ដោះស្រាយជាកញ្ចប់ឱ្យបានច្បាស់លាស់ ដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងពិចារណាលើការលើកលែងពន្ធ ឬអនុគ្រោះក្នុងកម្រិតណាមួយចំពោះការបង់ពន្ធលើប្រាក់បំណាច់អតីតភាព ការងារដែលប្រតិសកម្ម ។
៥៖ ពាក់ព័ន្ធនឹងសំណើសុំតែងតាំង តំណាងមកពីវិស័យឯកជន ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិ សន្តិសុខសង្គម៖
ផ្នែកឯកជនស្នើសុំផ្តល់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលចំនួនពីររូប ដើម្បីតំណាងឱ្យនិយោជក និងផ្នែក ឯកជន នៅក្នុងក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិសន្តិសុខសង្គម (បសស) ។ តំណាង បសស បានលើកឡើងថា ក្រុមប្រឹក្សាភិបាលមិនអាចបញ្ចូលសមាសភាពពីផ្នែកឯកជនបានទៀតទេ ប៉ុន្តែតំណាងភាគីពាក់ព័ន្ធទាំងអស់ អាចចូលរួមប្រជុំផ្តល់យោបល់បាន (ដោយមិនមានសិទ្ធិសម្រេចទេ) ឬ បង្កើតក្រុមការងារផ្តល់យោបល់បាន ។ ក្នុងករណីមានបំណងចូលរួមផ្តល់ការសម្រេចចិត្តផ្នែកឯកជន គេអាចធ្វើឡើងបាន តាមរយៈតំណាងវិស័យឯកជន ដែលជាសមាសភាពក្នុងក្រុមប្រឹក្សាភិបាលស្រាប់ ។
៦៖ ថ្លៃសេវាសាធារណៈពាក់ព័ន្ធនឹងការចុះបញ្ជី គ្រឹះស្ថានផលិតឱសថឧបករណ៍វេជ្ជសាស្រ្ត អាហារបំប៉ន និងគ្រឿងសំអាង៖
វិស័យឯកជន ស្នើរក្សាតម្លៃសេវានៃការចុះបញ្ជីគ្រឹះស្ថានផលិតឱសថឧបករណ៍វេជ្ជសាស្រ្ត ។ តំណាងក្រសួងសុខាភិបាលបានបង្ហាញថា មានការប្រែប្រួលតែលើថ្លៃចុះបញ្ជិការប៉ុណ្ណោះ ក្រៅពីនោះគឺ មិនមានការដំឡើងថ្លៃនេះទេ ដោយរក្សានៅដដែល ។ ជារួម, អង្គប្រជុំស្នើក្រុមការងារក្រសួងសុខាភិបាល និងផ្នែកឯកជនអាចបន្តពិភាក្សា និងពន្យល់គ្នាឱ្យបានច្បាស់លាស់ អំពីកិច្ចការនេះបន្ថែមទៀត ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវដល់ផ្នែកឯកជនឲ្យចូលរួម ក្នុងការពង្រឹងបន្ថែមទៀតយន្តការការងារក្នុងក្រុម «ឃ»នៃវេទិការាជរដ្ឋាភិបាល និងវិស័យឯកជននេះ និងស្នើដល់ផ្នែក ឯកជនពង្រឹងការងាររួមគ្នា, សម្របសម្រួលបង្កើតបានជាសំឡេងតែមួយ សម្រាប់ធ្វើការពិភាក្សាជាមួយរាជរដ្ឋាភិបាល ក្នុងឆន្ទៈបន្តកិច្ចខិតខំប្រឹងប្រែងដោះស្រាយនូវក្តីកង្វល់របស់វិស័យឯកជន ព្រមទាំង បន្តផ្តល់កិច្ចសហការពេញលេញ ដោយភាពស្មោះត្រង់ ក្នុងចូលរួមអនុវត្តវិធានការកែទម្រង់ខាងលើនេះ ឱ្យសម្រេចបានជោគជ័យតាមការរំពឹងទុក៕