(ភ្នំពេញ)៖ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ទោះបីជាទំនាក់ទងកម្ពុជា និងអឺរ៉ុប មានការថមថយមួយជំហ៊ានក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា បញ្ចប់ទំនាក់ទំនងនោះទេ យើងនឹងស្វែងរកផ្លូវ ដើម្បីឈានទៅមុខបន្តទៀត ក្នុងនោះដែរ។
លោកបញ្ជាក់ថា កម្ពុជានឹងពង្រីកការទំនាក់ទំនងបន្ថែមទៀត ជាមួយនឹងប្រទេសចិន ដោយព្យាយាមពង្រីកកូតានាំចេញអង្កររបស់យើងឱ្យបានច្រើន ហើយមិនត្រឹមតែនាំអង្ករទៅអឺរ៉ុប និងចិនទេ យើងនឹងរកទីផ្សារឱ្យបានកាន់តែច្រើនថែមទៀត។
លោក សុខ ពុទ្ធីវុធ បានថ្លែងយ៉ាងដូច្នេះ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានជាអធិបតី ក្នុងកម្មវិធីប្រកួតស្រូវល្អបំផុតប្រចាំប្រទេសកម្ពុជា លើកទី៣ និងអបអរសាទរកម្ពុជា ទទួលបានពានរង្វាន់អង្ករល្អបំផុត ពិភលលោកលើកទី៤។
ពិធីនោះផងដែរ ក៏មានការចូលរួមពីតំណាងរោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំចេញអង្ករ រួមទាំងតំណាងសហគមន៍កសិករ ទូទាំងខេត្តប្រមាណជិត១០០នាក់ផងដែរ នៅសណ្ឋាគារសុខាភ្នំពេញ។
លោក សុខ ពុទ្ធីវុធ បានថ្លែងថា បើតាមការប្រៀបធៀបស្ថិតិពីតម្លៃស្រូវនៅឆ្នាំនេះ និងនៅឆ្នាំមុន គឺតម្លៃស្រូវវាមានការធ្លាក់ចុះ ដោយសារតែមានការបារម្ភពីទីផ្សារទៅអឺរ៉ុប ពាក់ព័ន្ធទៅនឹងរឿងការយកពន្ធអង្ករ ដែលនាំចូលទៅកាន់អឺរ៉ុប។ ចំពោះករណីនេះខាងសហព័ន្ធស្រូវអង្ករ ក៏បានចេញសេចក្តីថ្លែងការណ៍ប្រាប់មួយដែល ដើម្បីឱ្យប្រជាពលរដ្ឋកុំបារម្ភពីរឿងនេះ ដោយសារបញ្ហានេះ នៅខាងអឺរ៉ុបគេមិនបានបិទផ្លូវយើងទេ គឺនៅតែឱ្យនាំចូលទៅដដែល គ្រាន់តែតម្លៃកើនឡើងបន្តិច ហើយចំពោះការដាក់ពន្ធទៅលើអង្ករនេះ គឺទៅលើអង្ករសម្រេចតែប៉ុណ្ណោះ សម្រាប់អង្ករសម្រូប គឺនៅតែអាចនាំចេញបានដដែល។
លោកបានបញ្ជាក់ទៀតថា «ទោះបីជាទំនាក់ទងយើងនៅអឺរ៉ុប មានការដកថយមួយជំហ៊ានមែន ប៉ុន្តែមិនមែនមានន័យថា ចប់ការទំនាក់ទំនងនោះទេ យើងនឹងស្វែងរកផ្លូវ ដើម្បីឈានទៅមុខបន្តទៀត ក្នុងនោះដែរយើងនឹងពង្រីកការទំនាក់ទំនង បន្ថែមទៀតជាមួយនឹងប្រទេសចិន ដោយព្យាយាមពង្រីកកូតារបស់យើងឱ្យបានច្រើន ហើយនឹងមិនត្រឹមតែទៅអឺរ៉ុប និងចិនទេ យើងនិងរកទីផ្សារឱ្យបានកាន់តែច្រើនថែមទៀត ហើយយើងកំពុងតែបានដើរផ្លូវនឹងហើយ»។
លោកបានបន្តថា លោកមិននឹកស្មានថាការដកពន្ធនេះ វាមកលឿនយ៉ាងដូចនេះទេ វាអាចបង្កឱ្យមានការលំបាកដល់យើងផងដែរ ហើយលោកជឿថា ការលំបាកនេះ វានឹងអាចធ្វើឱ្យកាន់តែយើងខំប្រឹងក្នុងការងារ ក្នុងការពង្រឹងផ្ទៃក្នុងរបស់សហព័ន្ធស្រូវអង្ករយើងនេះ ព្រោះបើសិនជាយើង មានការសហការគ្នាបានល្អនោះ មិនមានបញ្ហាណា ដែលយើងមិនអាចដោះស្រាយបានទេ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះភាគីកម្ពុជា បានជជែកពិភាក្សាគ្នាជាច្រើនជាមួយភាគីចិន ក្នុងការនាំអង្ករទៅទីផ្សារចិន ហើយដ្បិតតែយើងមិនបាននាំអង្ករ ទៅចិនបានច្រើនដូចការរំពឹងទុក ប៉ុន្តែយើងអាចនាំចេញទៅក្នុងស្ថានភាពមួយអាចទប់ទល់បាន។ ចំពោះខាងចិន គឺគាត់នៅត្រូវការអង្ករគុណភាព ច្រើនប្រភេទទៀតណាស់ ដូចនេះ យើងបានពិភាក្សាគ្នាយ៉ាងច្រើន ក្នុងការពង្រីកម៉ាកអង្ករ របស់យើងឱ្យបានឆាប់ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនចិន ពីព្រោះតែប្រជាជនចិននៅពេល ដែលពួកគេកាន់តែមានទៅ ពួកគេកាន់តែត្រូវការអង្ករ ដែលមានគុណភាពខ្ពស់ ដូចនេះហើយអង្ករក្រអូបរបស់យើង គឺនៅមានសក្តានុពលខ្លាំងណាស់ ក្នុងការផលិតអង្ករប្រភេទនេះ ហើយលោកនឹងព្យាយាមស្វែងរកវិធីក្នុងការជម្រុញទំនើបកម្ម និងប្រកួតប្រជែងអង្ករក្រអូប ឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត ដើម្បីនាំទៅកាន់ទីផ្សារធំៗ នៅក្រៅប្រទេសឱ្យបានកាន់តែច្រើនថែមទៀត៕