(ពោធិ៍សាត់)៖ រថយន្ត Camry បាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ​ភ្នំពេញ​2AD-0500 មួយគ្រឿងហើយ ត្រូវបានចោរលួចយកចេញពីក្នុងរបងមុខផ្ទះរបស់ប្រជាពលរដ្ឋ ទាំងកណ្ដាលរាត្រី​ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវាល ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា រថយន្តមួយគ្រឿងនោះ ជាកម្មសិទ្ធិរបស់លោក ស៊ុយ ផេង ភេទប្រុស អាយុ៣២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុ​ខ្លួនបានចតទុករថយន្តនៅមុខផ្ទះ ហើយចាក់សោទ្វារបងខាងមុខត្រឹមត្រូវ រួច​ចូលសម្រាកនៅក្នុងផ្ទះ លុះដល់ម៉ោង២ទៀបភ្លឺ ភ្ញាក់ពីដំណេកទៅបន្ទប់ទឹក ទើបដឹងថាបាត់រថយន្ត ក៏ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

ជាមួយគ្នានោះ ម្ចាស់រថយន្តក៏បានអំពាវនាវ​បើប្រជាពលរដ្ឋណា បានប្រទះឃើញរថយន្ដដែលមានភិនភាគស្រដៀង សូមជួយទាក់ទងតាមលេខទូរស័ព្ទ៖ 010 222 534 / 017 300 534 ឬសមត្ថកិច្ចដែលនៅជិតបំផុតមួយណាក៏បាន​ ដែលម្ចាស់រថយន្ដ​នឹងមានជូនជាសារគុណផងដែរ។

សូមបញ្ជាក់​ថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ រថយន្ត Camry ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ​ពោធិ៍សាត់​2A-1807 មួយគ្រឿង ជាកម្មសិទ្ធិរបស់លោក ញឹម រដ្ឋា អាយុ៤៩ឆ្នាំ ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ ក៏ត្រូវបានចោរលួចយកចេញពីក្នុងរបងមុខផ្ទះដោយសុវត្ថិភាព ខណៈម្ចាស់រថយន្តកំពុងលង់លក់​ ស្ថិតក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ មកដល់ពេលនេះ ពុំទាន់ឃើញមានសមត្ថកិច្ច តាមប្រមាញ់ ក្រុមចោរនោះបាននៅឡើងទេ៕

 

 

រថយន្ដរបស់ប្រធានមន្ទីរសាធារណៈខេត្តពោធិ៍សាត់ ដែលបាត់កាលពីពេលកន្លងទៅ