(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់យ៉ាងច្បាស់ប្រាប់វិស័យឯកជន អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានដាក់ចេញនូវកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ដើម្បីកាត់បន្ថយការចំណាយរបស់វិស័យឯកជន ទោះបីជារដ្ឋត្រូវខាតបង់ចំណូលរាបសិបលានដុល្លារក្តី។
ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ក្នុងវេទិការនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាសហប្រធានក្រុម «ឃ» បានជម្រាបអង្គប្រជុំថា គោលបំណងនៃកិច្ចប្រជុំក្រុម «ឃ» នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យរាជរដ្ឋាភិបាលបាន ពិនិត្យ បំភ្លឺ ឆ្លើយតប និងដោះស្រាយរាល់សំណើ និងសំណូមពរដែលជាកង្វល់របស់វិស័យឯកជន ដើម្បីរួមចំណែក បង្កើតនូវបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែល្អប្រសើរឡើង ។
អគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងដាក់ចេញនូវវិធានការណ៍កែទម្រង់ធំថ្មីៗ ក្រោមបាវចនា កែទម្រង់ខាងក្នុង និងកសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ» ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងនោះរួមមាន ការកាត់បន្ថយថ្លៃអគ្គិសនីចាប់ពីឆ្នាំ ២០១៩ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ, លុបចោលនូវការចេញវិញ្ញាបណ្ណប័ត្រ បញ្ជាក់ប្រភពដើម (certificate of origin «CO») សម្រាប់ប្រទេសមិនមានតម្រូវការ, បញ្ចប់តួនាទីអចិន្រ្តៃយ៍របស់ អគ្គនាយកដ្ឋានកាំកុងត្រូលនៅតាមមាត់ច្រក, លុបចោលអង្គភាពកាំសាប, ដោះស្រាយនូវកង្វល់របស់វិស័យឯកជនទៅ លើ «ចំណាយក្រៅផ្លូវការក្រោមការគ្រប់គ្រងរបស់គយ» ព្រមទាំង រៀបចំប្រព័ន្ធអនឡាញ (online) សម្រាប់គ្រប់គ្រង អាករលើតម្លៃបន្ថែម (VAT) របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅគ្រប់គ្រងការបង្វិលសង និងការប្រើប្រាស់ ឥណទានអាករលើតម្លៃបន្ថែម ជាដើម ។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «វិធានការជាក់ស្តែងទាំងនេះ, តាមរយៈការលុប CO, វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែក ជើងនឹង ចំណេញជាទឹកប្រាក់ប្រមាណ ១៣ លានដុល្លារអាមេរិក ។ បន្ថែមលើនេះទៀត, ដើម្បីកាត់បន្ថយថ្លៃនាំចេញ និងនាំ ចូលឱ្យបានជាអតិបរិមាដល់ធុរជននៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង, ថ្លៃស្កែនកុងតឺន័រ ទាំងនាំចេញ និងនាំចូលសម្រាប់វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ត្រូវបានបញ្ចុះដូចគ្នានឹងការនាំចេញ អង្ករដែរ គឺ ១០ ដុល្លារអាមេរិកសម្រាប់កុងតឺន័រ ២០ ហ្វិត និង១៦ ដុល្លារ សម្រាប់កុងតឺន័រ ៤០ ហ្វិត ដោយចាប់អនុវត្ត ពីថ្ងៃទី១ ខែ មេសា ឆ្នាំ២០១៩ ។ ក្នុងការលុបបំបាត់នូវចំណាយនេះ វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែក ជើង នឹងចំណេញជាទឹកប្រាក់ប្រមាណពី ៨០ លានដុល្លារអាមេរិក និង ចំណេញពីការកាត់បន្ថយថ្លៃស្កែនកុងតឺន័រ ប្រមាណ ៣,២ លានដុល្លារអាមេរិក ។ ជាមួយគ្នានេះដែរ, រាជរដ្ឋាភិបាល ក៏នឹងទទួលរងនូវការបាត់បង់ចំណូល ប្រមាណ ៣២ លានដុល្លារអាមេរិក តែវិស័យឯកជននឹងចំណេញជាទឹកប្រាក់ប្រមាណ ៤៣ លានដុល្លារអាមេរិក ពីការបញ្ចប់តួនាទីអចិន្រ្តៃយ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ពីមាត់ច្រកអន្តរជាតិ, ព្រំដែនគោក,អាកាសយានដ្ឋាន និង កំពង់ផែ »។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងដាក់ចេញនូវផែនការការងារកែទម្រង់មុតស្រួច និងស៊ីជម្រៅ សម្រាប់ក្រសួង-ស្ថាប័នគន្លឹះៗសម្រាប់អនុវត្តឱ្យបានជោគជ័យ សំដៅគាំទ្រ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព ជាពិសេស ផ្តោតលើកិច្ចការពិនិត្យលទ្ធភាពបញ្ចុះ ថ្លៃសេវាលើកដាក់កុងតឺន័រនាំចេញ និងនាំចូលពីក្រុមហ៊ុនកប៉ាល់ធំៗ (Terminal Handling Fee), កាត់បន្ថយថ្លៃសេវានិងការបង្កើនប្រសិទ្ធភាពការងារ របស់កំពង់ផែធំទាំងពីរ, កំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វ័យតភ្នំពេញ, ត្រៀមនឹងបញ្ចប់ការធ្វើវិសោធនកម្មច្បាប់ស្តីពីការវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស, ពិនិត្យ និងសិក្សា លទ្ធភាពច្របាច់បញ្ចូលដំណើរការ និងសម្រួលកិច្ចការចុះបញ្ជីអាជីវកម្មក្នុង និងរវាងស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួង ពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ, រៀបចំជាបញ្ជីស្ថាប័ន និងពេលវេលា ដែលត្រូវចុះត្រួតពិនិត្យនៅតាម រោងចក្រ, សិក្សាអត្រាភាគទានផ្នែករបបសោធន ដែលសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទទួល យកបានពីគ្រប់ភាគីពាក់ព័ន្ធ, រៀបចំបង្កើតធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs Bank) ព្រមទាំង ពិភាក្សាឡើងវិញនូវការលុបចោលនូវថ្ងៃឈប់សម្រាក ដែលមិនចាំបាច់ឱ្យបានជាអតិបរមា និងលុបចោលការលើកថ្ងៃ ឈប់សម្រាកនៅក្នុងវិស័យឯកជន៕