(ភ្នំពេញ)៖ សមាគមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បាន រៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីចែករំលែកព័ត៌មាននានា អំពីលទ្ធផលដែលសមាគម សម្រេចបាននាពេលកន្លងមក ដោយមានសមាជិក សមាគមជាច្រើនរយនាក់ចូលរួមផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ លោក អៀង អូននី ប្រធានសមាគមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានលើកឡើងថា សមាគមអតីកម្មសិក្សាការីចៃកាកម្ពុជា តែងតែបានរៀបចំនូវសន្និបាតប្រចាំឆ្នាំរបស់ខ្លួននៅរៀង រាល់ឆ្នាំនីមួយៗក្នុងគោលបំណងចែករំលែកនូវ ព័ត៌មាននានានៅក្នុង ចំណោមសមាជិកសមាជិការទាំងអស់ក៏ដូចជានៅក្នុងចំណោម សាធារណជនទូទៅ អំពីលទ្ធផលដែលសមាគមសម្រេចបាននៅក្នុងឆ្នាំកន្លងទៅ។
បណ្ឌិត អៀង អូននី បានបន្ថែមថា សកម្មភាពរបស់សមាគមអតីកម្មសិក្សាការីចៃកាកម្ពុជា ក៏ធ្វើឡើងដើម្បីប្រមូលនូវគំនិតយោបល់និងធាតុចូលនានាពីសមាជិកសមាជិកាទាំងអស់ដើម្បី អាចកែលំអនិង អាច កំណត់នូវផែនការសកម្មភាពប្រចាំឆ្នាំខាងមុខ ធ្វើយ៉ាងណា អាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការចង់បានរបស់សមាជិកសមាជិការ សមាគម ក៏ដូចជាអាចឆ្លើយតបបានទៅនឹងស្ថានភាពជាក់ស្តែងរបស់សមាគម និងរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការ និងជាតំណាងរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សមាជិកក្រម ប្រឹក្សាភិបាលសមាគមទាំងអស់ នឹងបន្តការសហការ ទំនាក់ទំនងរវាងគ្នា និងពង្រឹងពង្រីក បន្ថែមនូវទំនាក់ទំនង បណ្តាញការងារស្និតស្នាល ចំណងមិត្តភាពរវាងសមាជិកសមាគមទាំង អស់និងបន្តលើកកម្ពស់តួនាទីនិងសកម្មភាបសមាគមប្រកបដោយប្រសិទ្ធភាព និងផ្លែផ្កា បន្ថែមទៀត។
លោក សាន វឌ្ឍនា បានបន្ថែមឲ្យដឹងថា សមាគមនិងបន្តតួនាទីសំខាន់របស់ខ្លួនក្នុង ការពង្រឹងពង្រីកទំនាក់ទំនង និងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា ក៏ដូចជា សមាគមផ្សេងៗក្នុងតំបន់អាស៊ានផងដែរ។
បន្ថែមពីលើនេះ លោក TANAKA Kotaro អនុប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានលើកឡើង សន្និបាតថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង រាយការណ៍អំពីសកម្មភាពដែលបានអនុវត្តកន្លងមកនាឆ្នាំ២០១៨ ធ្វើការផ្លាស់ ប្តូរព័ត៌មាននិងយោបល់ ពិនិត្យបញ្ហាប្រឈម និងប្រមូលធាតុចូលដើម្បីលើកទិសដៅផែនការ សកម្មភាពសម្រាប់អនុវត្តបន្តឆ្នាំបន្ទាប់។
ជាមួយគ្នានោះ លោក TANAKA Kotaro ជឿជាក់យ៉ាងមុតមាំថា សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា នឹងក្លាយទៅជាមណ្ឌលប្រមូលផ្ដុំ ដោយធនធានមនុស្ស ដែលធ្លាប់បានឆ្លង កាត់កម្មវិធីបណ្តុះបណ្តាលរបស់ JICA ហើយ សមាគមនេះនិងនៅតែបន្តដើរតួនាទី យ៉ាងសំខាន់ របស់ខ្លួននៅក្នុងសង្គម។
គួរបញ្ជាក់ថា សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ត្រូវបានបង្កើតឡើងដោយអតីតកម្មសិក្សាការី ដែលធ្លាប់បានចូលរួមកម្មវិធីបណ្តុះបណ្តាលរបស់ JICA នៅប្រទេសជប៉ុន លើវិស័យផ្សេងៗ ជាច្រើន។ កម្មវិធីបណ្តុះបណ្តាលរបស់ JICA គឺជាផ្នែកមួយនៃកម្មវិធីជំនួយសហប្រតិបត្តិការ បច្ចេកទេស ដែលត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងរដ្ឋាភិបាលជប៉ុន៕