(កោះកុង)៖ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទីរួមខេត្តកោះកុង និងមួយផ្នែកនៅស្រុកមណ្ឌលសីមា មានទឹកប្រើប្រាស់ឡើងវិញ តាំងពីល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីរដ្ឋបាលខេត្ត មន្រ្តីជំនាញ និងក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ បានជួសជុលទុយោមេដែលត្រូវភ្លើងឆេះព្រៃ នាំឲ្យបែកធ្លាយ ហើយត្រូវបានជួសជុលឡើងវិញ។
ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុងលោក ដារ៉ា បានរាយការណ៍នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ «នៅពេលនេះយើងមានទឹកប្រើប្រាស់ឡើងវិញហើយ ក្រោយជួសជុលទុយោ ដែលបែកធ្លាយរួចនៅល្ងាចមិញ»។
សូមបញ្ជាក់ថា កាលពីព្រឹកម្សិលមិញ អភិបាលរងខេត្តកោះកុង លោក អន ភារ: បានដឹកនាំមន្រ្តីជំនាញខាងឧស្សាហ៍កម្ម មន្រ្តីធនធានទឹក និងខាងក្រុមហ៊ុន លី យ៉ុងផាត់ គ្រុប រកឃើញទុយោមេដែលមានមុខកាត់កន្លះម៉ែត្រ ត្រូវបានបែកធ្លាយចំនួន៤កន្លែងឯណោះស្ថិតនៅអូរស្រីស្រណោះ ក្រុងខេមរភូមិន្ទ។
តាមសេចក្តីរាយការណ៍ ការបែកធ្លាយនេះ ក៏ដោយសារតែប្រជាពលរដ្ឋមួយចំនួន បានទៅដុតព្រៃ រហូតបង្កជាភ្លើងបានឆាបឆេះទុយោតែម្តង។ បើតាមការបញ្ជាក់របស់អភិបាលរងខេត្តកោះកុង និងខាងក្រុមហ៊ុន បានប៉ាន់ស្មានថា នៅល្ងាចនេះទុយោមេបែកធ្លាយទាំង៤កន្លែងនេះ អាចនឹងត្រូវជួលជុលរួចនៅល្ងាចនេះ ហើយពេលនោះនឹងបន្តចែកចាយជូនដល់ប្រជាពលរដ្ឋភ្លាមផងដែរ។
ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលរស់នៅក្នុងទីរួមខេត្តកោះកុង និងមួយផ្នែកនៅស្រុកមណ្ឌលសីមា បានខ្វះខាតទឹកប្រើប្រាស់ តាំងពីថ្ងៃទី២៧ ខែមករា មកម្ល៉េះ ដែលធ្វើប្រជាពលរដ្ឋនៅទីនោះ ជួបផលលំបាកយ៉ាងខ្លាំង ហើយត្រូវសន្សំសច្ចៃទឹក ដែលបានស្តុកទុកនៅក្នុងពាង ឬអាងនាពេលកន្លងទៅ។
ប្រជាពលរដ្ឋ បានប្រើទឹកនៅក្នុងពាង ឬអាងដែលបានស្តុកទុកកាលពីពេលកន្លងទៅ ដើម្បីជំនួសជាបណ្តោះអាសន្នវិញ៕