(ភ្នំពេញ)៖ រថយន្ដ Highlander មួយគ្រឿងពាក់ផ្លាកលេខខេមរភូមិន្ទ បានបុករះរថយន្ដ ម៉ូតូ និងរ៉ឺម៉ក៧គ្រឿងផ្សេងទៀត បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ​ តាមបណ្តោយផ្លូវជាតិលេខ៤ មុខសាលាសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក Highlander ពណ៌ស្ក​រ ពាក់ផ្លាកលេខ​ខេមរភូមិន្ទ 09-2.9664 បើកបរដោយបុរសម្នាក់​ ក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៤ ខណៈមកដល់ស្ថានីយប្រេង​មុខសាលាសង្កាត់កន្ទោក បានបុករះរ៉ឺម៉កលក់ផ្តៅ និងអំបោសក្រឡាប់២គ្រឿង។ តែអ្នកបើកបរមិនឈប់នោះទេ ក៏បន្ដដំណើរ​រត់គេច ខណៈមកដល់មុខសាលាសង្កាត់កំបូល ក៏បានបុក​ម៉ូតូ២គ្រឿង រ៉ឺម៉កដឹកសាំងមួយគ្រឿង និងរថយន្តប៉ាឡែន១គ្រឿងទៀត។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យមនុស្សរងរបួសចំនួន៤នាក់ផងដែរ ចំណែកអ្នកបើកបររថយន្តបង្ក ក៏បានបើកទ្វារត់គេចខ្លួន​បាត់ពីកន្លែងកើតហេតុតែម្តង​។

ក្រោយកើតហេតុរថយន្តបង្ក និងម៉ូតូ រ៉ឺម៉ក រថយន្តជនរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេ​ញ ចុះមកវាស់វែង​ស្ទូចយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕​