(ភ្នំពេញ)៖ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ថ្វាយព្រះរាជសារចូលរួមអបអរសាទរ និងថ្វាយព្រះពរ ជូនចំពោះព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ ស៊ុលតង់ អាម៉េដ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) ដែលទើបត្រូវបានជ្រើសតាំងជាព្រះមហាក្សត្រីថ្មី នៃសហព័ន្ធម៉ាឡេស៊ី ។ នេះបើតាមព្រះរាជសារដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ក្នុងព្រះរាជសារចូលរួមអបអរសាទរ ព្រះមហាក្សត្រខ្មែរមានព្រះរាជបន្ទូលថា «ញាតិវង្ស និងប្រជាជនកម្ពុជាទាំងអស់ បានចូលរួមជាខ្ញុំ ដើម្បីបង្ហាញកិច្ចស្វាគម៍ និងអបអរសាទរយ៉ាងកក់ក្ដៅបំផុតចំពោះជ័យជម្នះ និងឱកាសជាប្រវត្តិសាស្ត្រ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ ជាព្រះមហាក្សត្រថ្មីនៃសហព័ន្ធម៉ាឡេស៊ី (Yang di-Pertuan Agong XVI)»។
ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា «យើងមានជំនឿចិត្តយ៉ាងមុតមាំថា ក្នុងសម័យកាលនៃការគ្រងរាជសម្បត្តិរបស់ព្រះអង្គ នឹងបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេស ព្រមទាំងប្រជាជននៃយើងទាំងពីរ។ សូមព្រះអង្គទទួលយកនូវការរាប់អានដ៏ខ្ពស់ខ្ពស់ពីខ្ញុំ ហើយខ្ញុំសូមថ្វាយពរឱ្យព្រះអង្គ ទទួលបានព្រះរាជសុខភាពល្អបរវរថ្លៃថ្លា ព្រះរាជសុភមង្គល និងជោគជ័យ ក៏ដូចជានាំមកនូវភាពរុងរឿងដល់ប្រជាជាតិម៉ាឡេស៊ី»។
សូមជម្រាបថា ព្រះមហាក្សត្រថ្មីរបស់ម៉ាឡេស៊ី បានចូលរួមពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ សម្រាប់មួយអាណត្តិរបស់ទ្រង់ដែលមានរយៈពេល ០៥ឆ្នាំ។
ព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ ស៊ុលតង់ អាម៉េដ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) មកពីរដ្ឋ ផាហាង (Pahang) ត្រូវបានបោះឆ្នោតជ្រើសតាំងជាព្រះមហាក្សត្រម៉ាឡេស៊ីថ្មី ដោយសមាជិកគ្រួសាររាជវង្សនៃប្រទេស បន្ទាប់ពីការប្រកាសដាក់រាជ្យដ៏គួរឱ្យភ្ញាក់ផ្អើល របស់ព្រះមហាក្សត្រអង្គមុនកាលពីពេលថ្មីៗកន្លងទៅនេះ។
គួរបញ្ជាក់ថា ព្រះចៅ Abdullah បានចូលរួមពិធីស្បថឡើងគ្រងរាជ្យនៅព្រះរាជវាំង ដោយមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាំម៉ាត់ ជាអ្នកអានពាក្យសម្បថ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។ ព្រះចៅ Abdullah មានព្រះជន្មាយុ ៥៩ព្រះវស្សា ត្រូវឡើងគ្រងរាជ្យបន្តពីព្រះមហាក្សត្រ មូហាំម៉េដទី ៥ (Muhammad V) មកពីរដ្ឋ ខេឡាន់តាន់ (Kelantan) ក្រោយការសោយរាជ្យបានតែ ០២ឆ្នាំ និងជាព្រះមហាក្សត្រដំបូងគេ ដែលបានដាក់រាជ្យក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី៕