(ភ្នំពេញ)៖ ឆ្លើយតបនឹងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ, ដោយមិនរង់ចាំយូរស្ថានទូតមហាអំណាចចិនប្រចាំនៅកម្ពុជា បានលើកឡើងវិញថា រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើង សង្រ្កាមរ៉ាំរ៉ៃ អស់រយៈពេលយ៉ាងយូរនោះ មានទាក់ទងនឹង CIA នេះបើយោងតាមការលើកឡើងតាមរយៈ Facebook ផ្លូវការរបស់ស្ថានទូតចិន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
«ក្នុងពេលថ្មីៗនេះស្ថានទូតប្រទេសមហាអំណាចមួយប្រចាំកម្ពុជា បានលើកឡើងជាសាធារណៈថា ប្រទេសខ្លួនមិនមានជាប់ទាក់ទងអ្វីជាមួយនឹងរដ្ឋប្រហាសម័យ លន់ នល់ នៅក្នុងប្រទេសកម្ពុជា កាលពីដើមទសវត្សរ៍ទី៧០ នៃសតវត្សរ៍មុនទេ។ ជាការពិតណាស់ រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្កាមរ៉ាំរៃអស់រយៈពេល យ៉ាងយូរនោះមិនមាន ទំនាក់ទំនងអ្វីនឹង “US” ទេ ប៉ុន្តែមានទាក់ទងនឹង ”CIA”»។ នេះជាខ្លឹមសាររបស់ស្ថានទូតមហាអំណាចចិន ប្រចាំនៅកម្ពុជា បង្ហាញនៅលើ Facebook ផ្លូវការរបស់ខ្លួន។
ការលើកឡើងឆ្លើយតបរបស់រវាងមហាអំណាចចិននៅពេលនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធ នៅក្នុងរដ្ឋប្រហារដែលនាំឲ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ ប៉ុន្តែមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហម។
នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ស្ថានទូតអាមេរិក បានសរសេរយ៉ាងច្បាស់ៗថា «សូមអរគុណចំពោះមតិតរបស់លោកអ្នក។ តែយើងសូមធ្វើការកត់សំគាល់ថា សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធ នៅក្នុងរដ្ឋប្រហារដែលនាំអោយលោក លន់ នល់ឡើងកាន់អំណាចនោះទេ។ រហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទេ។ ផ្ទុយទៅវិញ មានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងក្នុងរយៈកាលក្រោយពីនោះមក»។
នេះជាលើកទីមួយ ដែលមហាអំណាចធំៗទាំងពីរលើលោកមាន ចិន និងសហរដ្ឋអាមេរិក បានឆ្លើយតបគ្នាពាក់ព័ន្ធអំពើរដ្ឋប្រហារខុសច្បាប់របស់លោក លន់ នល់ ដែលជារដ្ឋប្រហារមួយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពរបស់កម្ពុជា និងភាពសុខសាន្តរបស់រាស្រ្តខ្មែរ។
ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារមួយបានកើតឡើងដោយទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ ពីសំណាក់លោកសេនាប្រមុខ លន់ នល់ និងបក្ខពួកមួយចំនួនទៀត ដែលជាដើមចមនាំឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុង ភ្នក់ភ្លើងសង្គ្រាមស៊ីវិលពេញផ្ទៃប្រទេស រហូតឈានដល់កើតមានរបបវាលពិឃាតថែមទៀតផង។
ការធ្វើរដ្ឋប្រហារនេះ កើតឡើងនៅអំឡុងពេលសម្តេចព្រះនរោត្តម សីហនុ កំពុងធ្វើដំណើរទៅ អឺរ៉ុប សហភាពសូវៀត និងចិន ហើយបាតុកម្មប្រឆាំង វៀតណាម ទ្រង់ទ្រាយធំជាច្រើនបានផ្ទុះឡើងនៅភ្នំពេញ។ ក្រុមបាតុករបានវាយប្រហារស្ថានទូតវៀតណាមខាងជើង និងវៀតកុង (រដ្ឋាភិបាល បដិវត្តន៍បណ្ដោះអាសន្ន សាធារណរដ្ឋវៀតណាមខាងត្បូង)។
មានមនុស្ស៣រូបជាមេគំនិតនាំឱ្យមានព្រឹត្តិការណ៍១៨ ខែមីនា ឆ្នាំ១៩៧០ គឺទី១៖ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ, ទី២៖ ឧត្តមសេនីយ៍ ឬសេនាប្រមុខ លន់ នល់ និងទី៣៖ អ៉ិន តាំ, ដោយហេតុនេះ ទើបមនុស្សទាំង៣រូបនេះត្រូវបានគេហៅថា «មនុស្ស១៨មីនា»។
បើតាមរបាយការណ៍របស់ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ មានចំនួន២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែពលរដ្ឋខែ្មរជាង ៥០០,០០០នាក់ ត្រូវបានស្លាប់ដោយគ្រាប់បែកទាំងនេះ ក្នុងនោះក៏មានភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែងរងការខូចខាត។
គ្រាប់បែកគីមីដែលជាមរតករបស់អាមេរិក ក៏បានបន្តគំរាមកំហែងចំពោះអាយុជីវិតរបស់ពលរដ្ឋខ្មែរកន្លងមក និងបច្ចុប្បន្នផងដែរ។ គ្រាប់បែកគីមីច្រើនគ្រាប់ ត្រូវបានរកឃើញនៅខេត្តស្វាយរៀង និងខេត្តមួយចំនួនទៀតដូចជា ខេត្តមណ្ឌលគិរី និងត្បូងឃ្មុំ។ ប្រជាពលរដ្ឋជាច្រើនរយនាក់ត្រូវបានរកឃើញថា បានរងផលប៉ះពាល់បញ្ហាសុខភាព ដោយសារគ្រាប់បែកនេះដែលទាមទារ មានការដោះស្រាយបន្ទាន់៕