(តាកែវ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការី នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យការងារបង្កបង្កើនផល និងប្រមូលផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ នៅភូមិភ្នំដា ឃុំគោកធ្លក ស្រុកអង្គរបូរី។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានឱ្យដឹងថា នៅទូទាំងខេត្តមានផ្ទៃដីដំដុះស្រូវប្រាំងចំនួនជាង១០ម៉ឺនហិចតា ក្នុងនោះស្រុកអង្គរបូរីមានចំនួន១.៩ ម៉ឺនហិចតា ទិន្នផលទទួលបានគិតជាមធ្យម៧ ទៅ៧.៥០តោនក្នុង១ហិចតា ថ្ងៃនេះស្រូវចំណីមានតម្លៃ ៧២០រៀលក្នុង១គីឡូក្រាម។
ម្ចាស់ស្រែបានប្រាប់ថា ដោយសារតំបន់នេះប្រភពទឹកអំណោយផល ក្នុង១ឆ្នាំ កសិករអាចធ្វើបាន២-៣ដង ហើយក្នុង១ហិចតា ចំណាយថ្លៃដើមជាមធ្យម៣.៥ ទៅ៤លានរៀល។ យោងលើតម្លៃស្រូវបច្ចប្បន្ន កសិករអាចទទួលបានកម្រៃ១.៩លានរៀល/ហិចតា បើធ្វើបាន ៣ដងក្នុង១ឆ្នាំ នោះកសិករអាចទទួល បានចំណូល៥.៧លានរៀល ចំណូលនេះមានការធ្លាក់ចុះបន្តិចបើប្រៀបទៅឆ្នាំ២០១៧។ ចំពោះទីផ្សារស្រូវចំណី គឺភាគច្រើនឈ្មួញវៀតណាមមកទិញដល់ស្រែតែម្តង ហើយនាំចេញ និងមួយចំនួនទៀតឈ្មួញក្នុងស្រុកទិញ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
លោករដ្ឋមន្រ្តីមានមតិសំណេះសំណាលជាមួយម្ចាស់ស្រែ ដោយបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ជាពិសេសវិស័យកសិកម្ម ជាក់ស្តែងបងប្អូនប្រជាកសិករ ដែលទម្លាប់ធ្វើស្រែដោយប្រើកំលាំងពលកម្មគោ ក្របី និងកំលាំងមនុស្ស មកប្រើគ្រឿងយន្តតាំងពីការរៀបចំដី ការស្ទូង ឬព្រោះ ការប្រមូលផល និងការដឹកជញ្ជូន ជារួមម្ចាស់ស្រែដល់ថ្ងៃប្រមូលផលចាំតែទូទាត់ប្រាក់ជាមួយឈ្មួញ នៅលើភ្លឺស្រែជាការស្រេច។
ចំពោះតម្លៃស្រូវ មានមតិទៅកាន់ប្រជាកសិករម្ចាស់ស្រែ លោករដ្ឋមន្ត្រី បានជម្រាបជូនកសិករថាថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រជុំពិភាក្សាជាមួយស្ថានទូតវៀតណាម ដើម្បីពិនិត្យមើលបញ្ហាប្រឈមនានា ដែលជាដើមចមធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះ និងបានរួមគ្នាដាក់ចេញនូវវិធានការដោះស្រាយសម្រាប់រយ:ពេលខ្លី និងរយ:ពេលវែង ដោយតបតាមសំណូមពររបស់ក្រសួងកសិកម្ម ស្ថានទូតវៀតណាមថា នឹងរិះរកវិធានការដោះស្រាយបញ្ហានេះឱ្យបានឆាប់ ទាន់ពេលវេលា ធ្វើយ៉ាងណាសង្ឃឹមថា នឹងអាចស្តារស្ថានភាពតម្លៃស្រូវឱ្យល្អប្រសើរឡើងវិញ ក្រោយពេលចូលឆ្នាំចិន-វៀតណាមរួច។
មួយវិញទៀត លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា តម្លៃស្រូវធ្លាក់ចុះមកពីក្នុងអំឡុងពេលចូលឆ្នាំចិន-វៀតណាម ឈ្មួញវៀតណាម មិនបានចុះប្រមូលទិញស្រូវ រួមជាមួយប្រជាកសិករយើងខ្វះឃ្លាំងស្តុក ឡសម្ងួត និងចំពេលវេលាដែលចាំបាច់ត្រូវតែប្រមូលផល បានផ្តល់ឱកាសឱ្យឈ្មួញកណ្តាលទម្លាក់តម្លៃស្រូវ។ តែទោះជាយ៉ាងណា ការធ្លាក់ចុះតម្លៃស្រូវនាពេលនេះ មិនទាន់ដល់កម្រិតមួយថាខាតបង់កម្រៃនៅឡើយ គ្រាន់តែថាចំណូលបានតិចជាង បើប្រៀបធៀបទៅឆ្នាំ២០១៨។
លោករដ្ឋមន្ត្រីបានណែនាំឱ្យកសិករ រៀបចំចងក្រងជាសហគមន៍ផលិតទាំងស្រូវចំណី និងស្រូវពូជ រួចសហការផលិតជាមួយដៃគូឯកជន តាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រយោជន៍ដើម្បីធានាតម្លៃ បរិមាណផ្គត់ផ្គង់ ផលិតពូជសុទ្ធល្អ អង្ករមានគុណភាព និងគួរប្រើប្រាស់ពូជ ណាដែលទីផ្សារត្រូវការ៕