(ភ្នំពេញ)៖ ស្ត្រីវ័យចំណាស់ក្រីក្រម្នាក់ មានជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួន ស្នាក់នៅសង្កាត់ឫស្សីកែវ និងស្រី្តកូនខ្ចីមានជំងឺ កំពុងខ្វះខាតក្នុងជីវភាព ចំនួន៦គ្រួសារផ្សេងទៀត ស្នាក់នៅសង្កាត់ទួលសង្កែទី២ ទទួលបានរទេះរុញគ្រឿងបរិភោគ និងថវិកាមួយចំនួនពីលោកស្រី អាន ផល្លា ជា ពិសី អនុប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្លែងឱកាសឧបត្ថម្ភ និងទទួលរទេះរុញ គ្រឿងបរិភោគ និងថវិកា នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី អាន ផល្លា ជាពិសី បានលើកឡើង ពីការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងយកចិត្តទុកដាក់ជានិច្ច របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅកាន់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
លោកស្រីបន្ថែមថា ទង្វើទាំងអស់ន គឺជាការឆ្លុះបញ្ចាំងឲ្យឃើញជាក់ស្ដែង អំពីកាកបាទក្រហមកម្ពុជា បានដើរតួយ៉ាងសំខាន់ លើគ្រប់កាលៈទេសៈ ពីព្រោះទីណា មានប្រជាពលរដ្ឋជួបការលំបាក ឬជួបរាល់ហានិភ័យផ្សេងៗ ទីនោះតែងតែមានវត្តមានរបស់កាកបាទក្រហមកម្ពុជា ដើម្បីជួយសង្គ្រោះជនរងគ្រោះគ្រប់ប្រភេទ ដោយពុំបានរើសអើងពីពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ក្នុងការចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពទាំងការអភិវឌ្ឍន៍ក្នុងសង្គមជាដើម៕