(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសមជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
ក្នុងកិច្ចជំនួបនោះ ធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ក្នុងជំនួបនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរចំពោះលោក Wang Wentian ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជានាពេលនេះ។
អគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងសូមវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលចិន ដែលបានរៀបចំឲ្យដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសចិន កាលពីថ្ងៃទី ២០-២៣ ខែ មករា ឆ្នាំ ២០១៩ កន្លងមក ប្រព្រឹត្តទៅដោយ ជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិននេះ គឺជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យ បង្ហាញអំពីចំណងមិត្តភាពរឹងមាំដូចដែកថែប «ចំណងមិត្តភាពដែកថែប» និងជាការពង្រឹងបន្ថែម នូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយកម្រិតទៀត ដោយផ្តោតជាពិសេស លើការធ្វើឲ្យមានកំណើន សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ តាមរយ:ការរៀបចំបង្កើតយន្តការពាណិជ្ជកម្មឈរលើគោលការណ៍ សេដ្ឋកិច្ចទីផ្សារកម្ពុជា-ចិន ដែលនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដោយឈរលើ ស្មារតីស្មើភាព ឯករាជ្យភាព និងភាពជាម្ចាស់។
ជាមួយគ្នានេះ, ភាគីទាំងពីរក៏មានការយល់ឃើញស្របគ្នាផងដែរថា ក្រៅអំពីវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, វិស័យទេសចរណ៍ និងវិស័យវិនិយោគវិញក៏មានការរីកលូតលាល់គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០១៨ កន្លងមក ដែលជាកាតាលីករជួយជម្រុញ ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងរយ:ពេលវែង និងចូលរួមពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជាប្រពៃណី និងយូរអង្វែងរវាងប្រជាជន ក៏ដូចជា ប្រមុខដឹកនាំនៃ ប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃការកសាង «សហគមន៍រួមវាសនាតែមួយ» ក្នុងការរៀបចំផែនការភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ តទៅមុខ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលបានបន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធ្វើឲ្យប្រសើរឡើងនូវជីវភាពប្រជាជនទាំងនៅទីក្រុង និងទីជនបទ តាមរយ:ការផ្តល់ហិរញ្ញប្បទាន សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងមានដូចជា៖ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ អណ្តូង ស្រះទឹក ជាដើម ។ល។ រួមទាំងការផ្តល់ ការបណ្តុះបណ្តាល និងផ្តល់សេវាសុខាភិបាលផ្សេងៗ ជូនប្រជាជនកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្តែងការជូនពរដល់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិត ចិនប្រចាំនៅកម្ពុជា និងសហការី ទទួលបានជោគជ័យក្នុងអាណត្តិការងារដ៏ឧត្តុង្គឧត្តម នៅប្រទេសកម្ពុជា៕