(ភ្នំពេញ)៖ រថយន្តស្លាកលេខ ខ.ម បោះពួយយ៉ាងលឿនជ្រុលបុករះសំយ៉ាប មុខផ្ទះប្រជាពលរដ្ឋបាក់ខ្ទេចអស់ប្រវែងជាង២០ម៉ែត្រ រួចបើករថយន្តទុកក្នុងបុរីសំងំឈឹង ទើបឲ្យតំណាងមកចរចាជាមួយម្ចាស់ផ្ទះ ដើម្បីសងការខូចខាត។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោងជាង១១យប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវបេតុង ចំណុចផ្សារភូមិសិរីយា ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Mazda BT50 ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 01: 2-8499 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនដូចហោះ ដោយធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតទៅស្ដាំជ្រុលទៅបុករះបង្គោលសំយ៉ាប មុខផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់ខ្ទេចអស់ប្រវែងជាង២០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះរថយន្តបង្កខាងលើ មិនបានឈប់ដោះស្រាយនោះទេ ថែមទាំងបើករត់គេចចូលទៅក្នុងបុរីមួយកន្លែងសំងំឈឹងតែម្ដង។
ក្រោយពេលកើតហេតុក៏មានខាងតំណាងរថយន្តបង្ក បានចុះមកចរចាគ្នាជាមួយនឹងម្ចាស់ផ្ទះ ដែលរងការខូចខាតដោយសុំធ្វើសំយ៉ាបផ្ទះថ្មីឲ្យវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕