(ក្រចេះ)៖ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដឹកនាំដោយ លោក យ៉ង់ មណីរ័ត្ន និងលោក មាស ពេជ្រ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះជួបប្រជុំពិភាក្សា ជាមួយប្រធានក្រុមប្រឹក្សាស្រុក មេឃុំ មេភូមិ ដែលបានទទួលសំណូមពររបស់ពលរដ្ឋនៅបណ្តាភូមិនានា ទៅលើការជួសជុលអណ្ដូងស្នប់ខូច និងជីកអណ្ដូងថ្មីបន្ថែមទៀត។
លោក យ៉ង់ មណីរ័ត្ន បានឲ្យដឹងថា នៅរសៀលថ្ងៃដដែលនេះ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងអណ្ដូងស្នប់ដែរខូចផងដែរ។ ជាក់ស្ដែងក្រុមការងារ សន្យាលើកជាគម្រោងជួសជុលនាពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសារាចរណ៍ណែនាំរបស់រាជាដ្ឋាភិបាល ស្ដីអំពីគ្រោះរាំងស្ងួតនាពេលខាងមុខនេះ និងដោះស្រាយឲ្យទាន់ពេលវេលា ដើម្បីកុំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានដាច់ទឹកប្រើប្រាស់។
បន្ថែមពីនេះ ក្រុមការងារបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះសន្សំសំចៃទឹក ដើម្បីទុកប្រើប្រាស់នៅថ្ងៃខាងមុខ ខណៈដែលភាពរាំងស្ងួតអាចនឹងអូសបន្លាយពេលយូរ។
សូមជម្រាបថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។
រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។ នេះបើយោងតាមសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹកទុកទប់ទល់នឹងគ្រោះរាំងស្ងួតដែលចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ៕