Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលក្រុងស្វាយរៀង ចុះត្រួតពិនិត្យបាញ់សាកល្បង ប្រព័ន្ធទឹកការពារអគ្គិភ័យ នៅផ្សារវាលយន្ត

01-02-2019 21:30

(ស្វាយរៀង)៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យប្រព័ន្ធការពារអគ្គិភ័យ នៅផ្សារវាលយន្ត ដើម្បីត្រៀមលក្ខណៈបង្កាអគ្គិភ័យ កើតឡើងជាយថាហេតុ នៅរដូវរាំងស្ងួតនេះ ដែលមានចូលរួមពី ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្រុង, អធិការនគរបាលក្រុង, មេបញ្ជាការកងរាជអាវុធហត្ថក្រុង, ប្រធានរដ្ឋាករទឹកក្រុង និងក្រុមប្រឹក្សាសង្កាត់ស្វាយរៀង។

លោកអភិបាលក្រុង បានណែនាំឲ្យអាជីវករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នភ្លើងទៀន ធូប នាថ្ងៃបុណ្យចូលឆ្នាំចិន និងចូលរួមថែទាំប្រព័ន្ធទឹកការពារអគ្គិភ័យនេះទាំងអស់គ្នា។

សូមបញ្ជាក់ថា ប្រព័ន្ធទឹកការពារអគ្គីភ័យនៅបរិវេណផ្សារវាលយន្ត បានផ្តួចផ្ដើមសាងសង់ឡើងដោយលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលបានរៀបចំសាងសង់ឡើង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ដោយអង្គភាពរដ្ឋាករទឹកខេត្ត ជាអ្នកម៉ៅការធ្វើរហូតដល់រួចរាល់ និងបានរៀបចំពិធីក្រុងពាលី ក្រោមអធិបតីភាព លោក ឌី វិជ្ជា និងលោក ម៉ែន វិបុល អភិបាលខេត្ត។

អាជីវករផ្សារវាលយន្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឌី វិជ្ជា និងលោកស្រី ព្រមទាំងលោក ម៉ែន វិបុល និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន រៀបចំធ្វើប្រព័ន្ធទឹកការពារអគ្គិភ័យ នៅផ្សារវាលយន្តនេះឡើង ទុកឲ្យអាជីវករ និងប្រជាពលរដ្ឋប្រើប្រាស់ ពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ ដោយឥតគិតថ្លៃ។ អាជីវករចាត់ទុកថា ទង្វើដ៏ថ្លៃថ្លានេះ មិនអាចកាត់ថ្លៃបានឡើយ អំពីការចិត្តទុកដាក់សុខទុក្ខពីថ្នាក់ដឹកនាំ៕