(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនានា ត្រូវរៀបចំសម្អាតបរិវេណមាត់ច្រកអានសេះឲ្យបានស្អាត ដើម្បីត្រៀមលក្ខណៈបើកច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់នេះ។
លោកអភិបាលខេត្តព្រះវិហារ បានលើកឡើងថា រាជរដ្ឋាភិបាលបានព្រមព្រាងគ្នាជាមួយភាគីពាក់ព័ន្ធរួចរាល់ហើយ ក្នុងការបើកច្រកអន្តរជាតិចំនួន៤ ក្នុងឆ្នាំ២០១៩នេះ ដែលធ្វើការបើកព្រមគ្នាតែម្តង គឺមិនបើកម្តងមួយៗទេ ហើយក្នុងច្រកអន្តរជាតិទាំង៤នេះ គឺមានច្រកអានសេះមួយដែរ។
លោក អ៊ុន ចាន់ដា បានបន្ថែមថា នីតិវិធីនៃការដាក់ឲ្យដំណើរច្រកអន្តរជាតិនេះ គឺធ្វើព្រមគ្នា ហើយទីតាំងត្រូវប្រារព្ធអាចនៅខេត្តពោធិ៍សាត់ ឬខេត្តបាត់ដំបង ខណៈខេត្តទាំងពីរនេះក៏មានច្រកអន្ដរជាតិ ចំណែកនៅខេត្តឧត្តរមានជ័យ មានច្រកជប់គរគី ដូច្នេះខេត្តព្រះវិហារ គឺច្រកអានសេះនេះតែម្ដង។ ដូច្នេះកម្មវិធីនៃការបើកដំណើរការនៃច្រកនេះ គឺប្រព្រឹត្តទៅក្នុងម៉ោងពេលតែមួយ ប៉ុន្តែថ្នាក់ដឹកនាំយកច្រកមួយធ្វើជាគោល ហើយសម្តេចក្រឡាហោម ស ខេង ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបើក។
ចំពោះកិច្ចប្រជុំនៅថ្ងៃនេះ លោក អ៊ុន ចាន់ដា បានស្នើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការដោះស្រាយឲ្យបានស្អាត ចំពោះទីតាំង ដែលជាបញ្ហាប្រឈម ដែលលើកឡើងដោយភាគីថៃ ទៅលើតូបខាងស្តាំដៃ ហើយត្រូវធ្វើការសម្អាតឲ្យស្អាតអត់មានទុកទេ ព្រោះនៅក្នុងMoU ឆ្នាំ២០០០ ឲ្យរក្សាស្ថានភាពដើមទាំងអស់ តូបផ្សារពីមុនមានប៉ុន្មាន សំណង់ពីមុនមានប៉ុន្មាន គឺត្រូវរក្សាទាំងអស់អ្វីដែលសាងសង់ថ្មី ត្រូវសម្អាតឲ្យអស់ ចំពោះអ្នកដែលពាក់ព័ន្ធជាមួយតូបត្រូវដកខ្លួនថយជាបន្ទាន់។
ចំពោះកិច្ចប្រជុំដែលកម្ពុជា ត្រូវប្រជុំជាមួយភាគីថៃ ខេត្ត អ៊ូប៊ុន នៅពេលខាងមុខនេះ គឺបានលើកបញ្ហាត្រៀមលក្ខណៈដី៣ហិកតា សម្រាប់រៀបចំរដ្ឋបាលរបស់ច្រក។ ទន្ទឹមនឹងនេះ លោកបានណែនាំឲ្យមន្ត្រីទាំងអស់ ត្រូវត្រៀមលក្ខណៈក្នុងការរៀបចំច្រក ដោយមិនធ្វើសំណង់រឹងបានទេ គឺដាក់អូស្កូដូចនៅច្រកជាំសាង៉ាំ៕