រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកចរាចរផ្លូវលេខ៩២ និងមហាវិថីដូនពេញបណ្តោះអាសន្ន ព្រោះមានការដ្ឋានកំពុងសាងសង់
01-02-2019 21:09
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ជៀសចរាចរ ស្ថិតនៅកំណាត់វិថីដូនពេញ ផ្លូវលេខ៩២ មុខក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការដ្ឋានកំពុងសាងសង់សំណង តម្រូវឲ្យផ្អាកប្រើប្រាស់ផ្លូវនេះជាបណ្តោះអាសន្ន។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីឲ្យការសាងសង់ប្រព្រឹត្តិទៅដោយរលូន រក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ពិសេសកាត់បន្ថយបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានី នឹងធ្វើការបញ្ជៀសចរាចរ ជុំវិញបរិវេណការដ្ឋានកំពុងសាងសង់ ស្ថិតនៅកំណាត់វិថីដូនពេញ ផ្លូវលេខ៩២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃបញ្ចប់ការដ្ឋានសាងសង់។
ជាមួយការផ្អាកជាបណ្តោះអាសន្ន នូវកំណាត់ផ្លូវខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អាធ្យាស្រ័យ និងចូលរួមអនុវត្ត តាមសេចក្តីជូនដំណឹងនេះផងដែរ៕