(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសេីរថ្លៃថ្លា នៃព្រះរាជពិធីចម្រើនអាយុវឌ្ឍនមង្គល និងស្រង់ព្រះសុគន្ធវារី ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៨៧ យាងចូល ៨៨ព្រះវស្សា នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការីចូលក្រាបបង្គំគាល់ ដើម្បីប្រគេនថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសេីរគ្រប់ប្រការប្រកបដោយកត្តញូកតវេទិតាធម៌ ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងសារលិខិតថ្វាយព្រះពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលេីកឡេីងថា «ព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គតែងតែបានបរិច្ចាគថវិកា និងដឹកនាំយ៉ាងសកម្មក្នុងការអប់រំព្រះធម៌ ផ្សព្វផ្សាយព្រះធម៌ដល់ព្រះសង្ឃ និងពុទ្ធសាសនិកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យមានធម៌ខន្ដី រួបរួមសាមគ្គីគ្នាជាធ្លុងមួយ លើកស្ទួយតម្លៃព្រះពុទ្ធសាសនា ដើម្បីសុខសន្តិភាព ស្ថិរភាពរឹងមាំក្រោមអគ្គមគ្គុទេ្ទសក៍ដ៏ឧត្ដុង្គឧត្ដមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់ នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»។
ក្នុងឱកាសនោះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគេនថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នូវផ្លែឈេីមួយកន្ត្រក ផ្កាមួយកន្ត្រក និងបច្ច័យចំនួន ១០លានរៀល តាមរយៈលោកស្រីអគ្គលេខាធិការរងទី១ និងសហការីផងដែរ។
ជាមួយគ្នានេះ គណៈប្រតិភូ បានរាប់បាត្រប្រគេនព្រះសង្ឃ ១០៨អង្គ ក្នុង ១អង្គៗ បច្ច័យចំនួន ៥០,០០០រៀល។ ជូនយាយជីតាជីចំនួន ៥០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ ថវិកា ១០,០០០រៀល ជូនចាស់ជរាគ្មានទីពឹងមកពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំនួន ៥០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ ថវិកា ១០,០០០រៀល ជូនលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សានរោត្តម និងសាលាបឋមសិក្សាចតុមុខ ចំនួន ៥០នាក់ ក្នុងម្នាក់ៗ ថវិកា ២០,០០០រៀល និងជូនសិស្សានុសិស្សនៃសាលាបឋមសិក្សានរោត្តម និងសាលាបឋមសិក្សាចតុមុខ ចំនួន ១៥០នាក់ ក្នុងម្នាក់ៗ ថវិកា ៥,០០០រៀល។
សូមបញ្ជាក់ថា ក្រណាត់ស បច្ច័យ និងថវិកា ទាំងអស់ខាងលេីនេះ ជាអំណោយផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕