(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានអះអាងថា ការដាក់ចេញផែនការបន្លាស់ទីផ្ទះបណ្តែតទឹកនៅក្នុងខេត្តកំពង់ឆ្នាំ ទទួលបានការសាទរយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន។
ការលើកឡើងរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា។ លោក ជា វ៉ាន់ដេត បានដឹកនាំសមាជិក ចុះបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងសិក្សាស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាការលំបាក និងបញ្ហាប្រឈម ពិសេសលើការងារបរិស្ថាននាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ឈួរ ច័ន្ទឌឿន បានលើកឡើងថា ការដាក់ចេញផែនការបន្លាស់ទីផ្ទះបណ្តែតទឹកបានទទួលការសាទរយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន ហើយពួកគាត់បានផ្តល់ទំនុកចិត្តដល់រដ្ឋបាលខេត្ត និងសមត្ថកិច្ចឲ្យបន្តចាត់ចែងអនុវត្តឲ្យបានសម្រេចតាមផែនការប្រកបដោយតម្លាភាព និងការគោរពសិទ្ធិសេរីភាពត្រឹមត្រូវ។
លោកអភិបាលខេត្តបញ្ជាក់ថា ការរៀបចំឲ្យប្រជាពលរដ្ឋបានឡើងមករស់នៅអចិន្ត្រៃយ៍លើគោក បានជួយឲ្យពួកគាត់មានជីវភាពធូរធារជាងមុន មានលំនឹងក្នុងការរស់នៅ មានមុខរបរ សាលារៀន។ល។ លោកបានបន្ថែមទៀតថា ក្នុងករណីមិនចាប់ផ្តើមបន្លាស់ទីផ្ទះបណ្តែតទឹកពីពេលនេះទេ ពិតជាមានផលប៉ះពាល់ដល់បរិស្ថានទឹកទន្លេសាបយ៉ាងធ្ងន់ធ្ងរនាពេលខាងមុខ និងជួបការលំបាកក្នុងការដោះស្រាយថែមទៀតផង។
ជាមួយគ្នានោះ លោក ឈួរ ច័ន្ចឌឿន ក៏បានលើកឡើងពីបញ្ហាប្រឈម ដែលកើតចេញពីការរស់នៅលើផ្ទះបណ្តែតទឹក ធ្វើឲ្យកខ្វក់ទឹកទន្លេសាបខ្លាំងណាស់ និងកាន់តែកខ្វក់ខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋប្រើប្រាស់ទឹក និងជីវៈចម្រុះក្នុងទន្លេសាបតាមរយៈការបង្ហូរចូលទឹកនូវសារជាតិផ្សេងៗនៅក្នុងទឹក ដោយសារចំនួនអ្នករស់នៅលើផ្ទះបណ្តែតទឹកកាន់តែច្រើនឡើង ទីតាំងសេវាបំរើប្រជាជនកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ដូចជាកន្លែងជួសជុលម៉ាស៊ីន គ្លីនិក សាលារៀន។ល។ បានប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពនៅតាមច្រាំងទន្លេ និងនៅលើផ្ទៃទឹកដែលផ្ទុយទៅនឹងច្បាប់។ ការរស់នៅរបស់ប្រជាពលរដ្ឋ គ្មានភាពលំនឹងទេ ការផ្តល់សេវា ការទទួលសេវាជួបការលំបាកនិងកូនចៅមិនសូវបានរៀនសូត្រ។
រដ្ឋបាលខេត្តក៏បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងវិស័យឯកជន អ្នកវិនិយោគ អង្គការជាតិអន្តរជាតិ សូមជួយគាំទ្រកិច្ចដំណើរការនេះ ព្រោះថា ការអនុវត្តផែនការនេះគឺ ជួយស្តារឲ្យបានឡើងវិញនូវការបំពុលដ៏ធ្ងន់ធ្ងរបរិស្ថានទឹកទន្លេកន្លងមក ឲ្យមានភាពប្រក្រតីល្អប្រសើរឡើងវិញ ដែលបច្ចុប្បន្នប្រជាជននៅក្រុងកំពង់ឆ្នាំង និងស្រុកផ្សេងទៀត កំពុងតែប្រើប្រាស់និងអាស្រ័យផលពីទឹកទន្លេនេះ។
ក្រោយពីបានស្តាប់ការរាយការណ៍របស់លោកអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្តរួចមក លោក ជា វ៉ាន់ដេត បានកោតសរសើរ វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំ ធ្វើឱ្យខេត្តមានការរីកចម្រើន ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង ពិសេសបញ្ហាបរិស្ថាននៅតាមដងទន្លេសាប និងបានជួយគិតគូរការលំបាក និងបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។
លោក ជា វ៉ាន់ដេត បានបន្តថា ចំពោះការលំបាក និងបញ្ហាប្រឈមរបស់ខេត្ត។ លោកនឹងរាយការណ៍ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងរួចមក ក្នុងថ្ងៃដដែលនោះ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភាបានបន្តដំណើរចុះពិនិត្យសត្វឃាតដ្ឋានក្នុងក្រុងកំពង់ឆ្នាំង។ ចុះទៅពិនិត្យសិក្សាស្វែងយល់បរិស្ថានតំបន់បឹងទន្លេសាប និងចុះពិនិត្យមើលការសាងសាង់លូប្រអប់ ០២កន្លែង នៅភូមិអូលយ ឃុំជើងត្រាវ ស្រុករលាប្អៀរចម្ងាយ ៨គីឡូម៉ែត្រពីទីរួមខេត្ត៕