(ភ្នំពេញ)៖ រដ្ឋបាល​នៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំប្រចាំខែ ផ្តោតសំខាន់លើរបៀបវារៈ​ចំនួន៣ ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តការងារនៅតាមមូលដ្ឋាន។

​របៀបវារៈទាំង៣នោះរួមមាន ទី១៖ស្ដីពីភូមិ-សង្កាត់ មានសុវត្ថិភាព, ទី២៖ពិនិត្យលទ្ធផលការងារអនុវត្តសេចក្តីណែនាំស្តីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ និងទី៣៖ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ក្នុងការធានាសេចក្ដីសុខជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំខាងលើនេះ ដឹកនាំដោយលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ និងមានការចូលរួមពីលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ លោក លីន ញ៉ក់ និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ គណៈនាយក ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ បុគ្គលិកខណ្ឌ ចៅសង្កាត់-ចៅសង្កាត់រង និងនាយប៉ុស្ដិ៍ទាំង៧ លោកនាយកសាលាតាមមូលដ្ឋាន យោធភូមិភាគពិសេស និងប្រជាការពារ សរុបចំនួន​៦៣នាក់។

លោក ជា ពិសី បានជំរុញឲ្យមន្ត្រី និងសមត្ថកិច្ចបន្តខិតខំប្រឹងប្រែង លើការអនុវត្តវិធានការជុំនាញ ដើម្បីពង្រឹងរក្សាសន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន-វៀតណាម ដែលរាល់គ្រប់បទល្មើសក្នុងមូលដ្ឋាន អាចកើតមានឡើងគ្រប់ពេល ជាមួយការបន្តអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់ នៃការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានជម្រាបជូនពីរបាយការណ៍ពាក់ព័ន្ធភូមិ-សង្កាត់ មានសុវត្ថិភាព ក្នុងការយកចិត្តទុកដាក់តាមដាន រាល់​សកម្មភាពទាំងឡាយ ដើម្បីធានារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ រប្រៀបរៀបរយ និងសុវត្ថិភាពសង្គម ពិសេសការក្ដាប់ឲ្យបាននូវការបង្ក ឬការញុះញង់ ធ្វើឲ្យមានចលាចល បង្ការទប់ស្ដាត់ មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទកើតឡើង និងផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័ស ងាយស្រួលជួយអន្តរាគមន៍ ដោះស្រាយសភាពការ​ទាន់ពេលវេលា និងមានប្រសិទ្ធភាព នាឱកាសចូលឆ្នាំចិន-វៀតណាមខាងមុខនេះ ដែលជាការអនុវត្តនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះ លោក ជា ពិសី នៅតែបន្តជំរុញបន្ថែមទៀត លើការអនុវត្តវិធានការរំដោះចិញ្ចើមចំណីផ្លូវសាធារណៈ​របស់រដ្ឋ​ទាំងការផ្សព្វផ្សាយណែនាំ ពីបញ្ហាផ្លូវច្បាប់ លើការរំលោភបំពានផ្សេងៗ នៃទ្រូងផ្លូវ​ពីសំណាក់ប្រជាអាជីវករលក់ដូរនានា ក្នុងយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្រោយពីការបន្តប្រតិបត្តិការកន្លងមកនៅតាមគោលដៅសំខាន់ៗ មួយចំនួនឃើញថាបានល្អប្រសើរ ដោយសារតែមានការចូលរួមសហការពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌឫស្សីកែវ និងបន្តអនុវត្តក្នុងយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅត្រង់ចំណុចបរិវេណផ្សារសាំហាន់ ផ្សារងិនអាន នៅលើកំណាត់ផ្លូវលេខ៦២R ក្នុងសង្កាត់ទួលសង្កែទី១ និងផ្សារឯករាជ្យ តាមបណ្ដោយផ្លូវលេខ៥៩៨ (ហៅផ្លូវ ជា សុផារ៉ា) ក្នុងសង្កាត់ទួលសង្កែទី២ ក្នុងការពង្រីកវិសាលភាពនៃការអនុវត្តច្បាប់ ស្ដីពីផ្លូវថ្នល់ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការគ្រប់គ្រង និងលិខិតបទដ្ឋានគតិយុត្ត លើកកម្ពស់សោភ័ណភាពទីក្រុង តាមសេចក្ដីណែនាំយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕​