(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃនេះ កម្ពុជាមានតម្រូវការបន្ថែចំនួនប្រមាណ៥៧៣តោនក្នុង១ថ្ងៃ ដែលចំនួននេះ កសិករកម្ពុជាអាចផលិតបានប្រមាណ៤០០តោន និងសល់ពីនេះនាំចូល១៧០តោន ពីប្រទេសវៀតណាម ថៃ និងចិន។

លោកបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងពិធីបើកផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព នៅទីរួមខេត្តកណ្ដាល បានបញ្ជាក់ថា តាមរយៈលទ្ធផលអង្កេត នៅផ្សារចំនួន១៨ ក្នុងរាជធានីភ្នំពេញ និងខេត្តគោលដៅទាំង៨ ក្នុងខែមករា ឆ្នាំ២០១៨ បង្ហាញថា តម្រូវការបន្លែសរុបមានបិមាណរហូតដល់៥៧៣តោនក្នុងមួយថ្ងៃ ដែលក្នុងនោះ ការផ្គត់ផ្គង់បន្លែពីសំណាក់ អ្នកផលិតក្នុងស្រុកមានប្រមាណ៤០០តោន (៧០%) និងការនាំចូលបន្លែពីបរទេស មានបរិមាណសរុប១៧០តោន (៣០%) ក្នុងមួយថ្ងៃ។

លោកបញ្ជាក់ថា ចំពោះបន្លែនាំចូលភាគច្រើនបំផុត ត្រូវបាននាំចូលពីប្រទេសវៀតណាម ដែលមានសរុប៨៥តោន (១៥%) មកពីប្រទេសថៃ៤៥តោន (៨%) និងប្រទេសចិន ៤០តោន (៧%)។ បើប្រៀបធៀបទៅនឹងរបាយការណ៍ អង្កេតខែតុលា ឆ្នាំ២០១៧ លទ្ធផលនេះបង្ហាញពីការកើនឡើងនៃផលិតកម្មបន្លែនៅក្នុងប្រទេសកម្ពុជា។

លោកបញ្ជាក់ថា​ «កត្តាដែលជំរុញឲ្យមានការកើនឡើង នៃការផលិតបន្លែក្នុងស្រុក គឺដោយសារតែមានការវិនិយោគបន្ថែមទៅក្នុងវិស័យបន្លែ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន តាមរយៈគម្រោងកម្មវិធីអភិវឌ្ឍន៍ ដោយផ្តោតលើការពង្រឹងសមត្ថភាពផលិតកម្ម ការឧបត្ថម្ភធន ការប្រើប្រាស់បច្ចេកទេស និងសម្ភារបរិក្ខារទំនើប និងការផ្សារភ្ជាប់ទីផ្សាររវាងអ្នកផលិត និងអ្នកបញ្ជាទិញជាដើម»។

គម្រោងជំរុញផលិតកម្មស្បៀង ផ្តោតសំខាន់ទៅលើការផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាព តាមរយ:ការគាំទ្រធនធានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារ ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក និងបច្ចេកទេសដល់កសិករ ផលិតបន្លែអាជីពចំនួន២០០០គ្រួសារ ក្នុងនោះកសិករខ្នាតធំ ចំនួន៤០គ្រួសារ ក្នុងខេត្តគោលដៅចំនួន៨ខេត្ត។

លោកបណ្ឌិត បានបន្ដថា កសិករទាំងអស់ ត្រូវបានរៀបចំ ជាក្រុមផលិតបន្លែសុវត្ថិភាពចំនួន១៣៨ក្រុម (ក្នុងមួយក្រុម មានកសិករ១៥គ្រួសារជាមធ្យម) ដើម្បីផលិតបន្លែសុវត្ថិភាពតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ (GAP) ហើយក្រុមផលិត ដែលមានសក្តានុពល ត្រូវបានបង្កើតជាសហគមន៍កសិកម្មផលិតបន្លែសុវត្ថិភាព។

លទ្ធផលគិតត្រឹមចុងឆ្នាំ២០១៨ ក្រុមកសិករគោលដៅរបស់គម្រោងជំរុញផលិតកម្មស្បៀង ចំនួន២០០០គ្រួសារ ផលិតបន្លែបានចំនួន ២២ ៩០០ តោន ឬស្មើនឹង ៦២,៧ តោន ក្នុងមួយថ្ងៃ។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម។

បច្ចុប្បន្ននេះ គម្រោងជំរុញផលិតកម្មស្បៀង បាននិងកំពុងជំរុញឲ្យកសិករអនុវត្តការដាំដុះតាមគោលការណ៍ នៃការអនុវត្តកសិកម្មល្អ (GAP) ដែលជាយន្តការមួយអាចធ្វើឱ្យផលិតផលរបស់យើងមានសុវត្ថិភាព និងគុណភាព អាចប្រកួតប្រជែងជាមួយផលិតផលពីប្រទេសជិតខាង ទាំងទីផ្សារក្នុងស្រុក តំបន់ និងទីផ្សារអន្តរជាតិ៕