(កំពង់ធំ)៖ សាលាបឋមសិក្សាមួយនៅខេត្តកំពង់ធំ បានយកសំបកគ្រាប់បែកដែលទម្លាក់ ពីលើយន្តហោះរបស់អាមេរិក ប្រភេទ M117 មកធ្វើជួង ដែលទង្វើនេះត្រូវបានហាមឃាត់។
ករណីយកសំបកគ្រាប់បែករបស់អាមេរិកធ្វើជួង ដើម្បីដំជាសំឡេងឲ្យសិស្សចេញចូលរៀននេះ ស្ថិតនៅក្នុងសាលាបឋមសិក្សាកំពង់ជ្វា ភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងមន្ត្រីអង្គភាពស៊ីម៉ាក់ បានទៅយកជួងគ្រាប់បែក M117 នេះ ចេញពីសាលារៀនខាងលើផងដែរ។
ឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបញ្ជាក់ថា គ្រាប់ដែលកម្លាំងសមត្ថកិច្ចរកឃើញនេះ មានតែសំបកប៉ុណ្ណោះគ្មានសារធាតុរំសេវផ្ទុះនៅខាងក្នុងនោះទេ។ ទីតាំងប្រទះឃើញសំបកគ្រាប់ទម្លាក់ពីយន្ដហោះនេះ គឺស្ថិតនៅក្នុងសាលា និងមួយកន្លែងទៀត សាលាដំណាក់នៅក្នុងភូមិ។
សូមជម្រាបថា គ្រាប់បែកទំលាក់ ពីយន្តហោះប្រភេទ M117 គ្រាប់នេះមានទំងន់ប្រមាណ៣៥០គីឡូក្រាម។ ជាញឹកញយមន្ត្រីជំនាញស៊ីម៉ាក់តែតែងដោះគ្រាប់បែកទម្លាក់ពីយន្តរបស់អាមេរិក ប្រភេទ MK82 និង M117 នេះនៅតាមបណ្តាខេត្តមួយចំនួន។
ស៊ីម៉ាក់ធ្លាប់បានលើកឡើងថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕