(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រកាសថា វិទ្យុអាស៊ីសេរី (RFA) ក្លាហានក្នុងការប្រឌិតព័ត៌មាន តែមហាកំសាកក្នុងការទទួលស្គាល់កំហុស។

ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី វិទ្យុអាស៊ីសេរី ផ្សព្វផ្សាយញុះញង់ចោទប្រកាន់មកលើរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ថាកម្ពុជាអាចនឹងរំលាយរបបរាជានិយម នៅថ្ងៃខាងមុខ ដើម្បីអំណាច។

ជាមួយនឹងការបង្ហោះសេចក្តីថ្លែងការណ៍របស់អង្គភាពប្រតិកម្មរហ័ស ដែលច្រានចោលចំពោះការផ្សាយរបស់វិទ្យុបរទេសមួយនេះ នៅលើបណ្តាញសង្គម Facebook លោក គឹម សន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា «វិទ្យុអាស៊ីសេរី ជាវិទ្យុដែលតែងតែក្លាហានក្នុងការប្រឌិតព័ត៌មាន ហើយក៏ជាវិទ្យុមហាកំសាក ក្នុងការទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ!»

សូមបញ្ជាក់ថា អង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានច្រានចោល និងបដិសេធព័ត៌មានដែលវិទ្យុអាស៊ីសេរី ផ្សាយនូវព័ត៌មានមិនពិតថា «រាជរដ្ឋាភិបាលមានគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែពីរាជានិយម ទៅរបបសាធារណរដ្ឋ»

អង្គភាពនេះបានលើកយកច្បាប់ ដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងគោលជំហរជាបន្តបន្ទាប់របស់សម្តេចតេជោ ហ៊ុន សែន ដែលមិនអនុញ្ញាតឱ្យមានការកែប្រែ និងការពារចំពោះរបបរាជានិយម។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖

១៖ មាត្រា ១៥៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា «ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ»។ ម្យ៉ាងវិញទៀត មាត្រា ១៣៦ ថ្មីនៃរដ្ឋធម្មនុញ្ញ ក៏បានកំណត់អំពីបេសកកម្មរបស់ក្រុមប្រឹក្សា ធម្មនុញ្ញដែលចែងថា «ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ»។

២៖ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិតជាបានដើរតួនាទីស្នូល និងជាឆ្អឹងខ្នង ដ៏រឹងមាំបំផុត នៅក្នុងដំណើរការនៃការនាំមកវិញនូវរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញទី២នេះ ហើយជានិច្ចកាលក៏ជាអ្នកការពារដាច់ខាតនូវរបបនេះដែរ ដែលប្រវត្តិសាស្ត្រក្នុងយុគសម័យនេះ បានទទួលស្គាល់ និងមិនអាចបដិសេធបានឡើយ។

៣៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសច្ចាយ៉ាងច្បាស់នៅចំពោះមុខព្រះសពរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថា៖ «…ចំពោះសម្តេចឪ ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ។ សូមព្រះអង្គកុំព្រួយព្រះទ័យ។ ទូលបង្គំសច្ចាចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ សូមព្រះអង្គកុំបារម្ភ សូមព្រះអង្គយាងទៅកាន់សុគតិភព។ ទូលបង្គំនឹងការពារ...» ហើយ

៤៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន បាន គូសបញ្ជាក់សារឡើងវិញនូវការប្តេជ្ញាចិត្តដាច់ខាត ក្នុងការការពាររបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ និងព្រះរាជបល្ល័ង្កថា៖ «...ត្រកូលហ៊ុន មិនមែនយកប្រទេសនេះ ធ្វើជាប្រទេសផ្តាច់មុខរបស់ខ្លួនទេ។ តែត្រកូលហ៊ុន សុំធានាការពារនូវសន្តិភាពសម្រាប់ប្រទេសនេះ ការពារនូវរាជបល្ល័ង្ក ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពារនូវព្រះមហាក្សត្រ ការពារនូវរដ្ឋធម្មនុញ្ញ ការពារអ្វីៗដែលជាសមិទ្ធផលសង្គមជាតិ។ សូមអ្នកទាំងឡាយ កុំញុះញង់បង្កើតចលាចល...»