(ភ្នំពេញ)៖ ថ្លែងនៅមុខនិស្សិត ក្រុមអ្នកច្បាប់ និងអ្នកសារព័ត៌មាន លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជាប្រើប្រាស់គោលនយោបាយចម្រុះពណ៌ តែមានទិសដៅដូចគ្នា ហើយបើអ្នកណាឱ្យផលប្រយោជន៍គេចាប់អ្នកនោះហើយ។
ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានភាពនយោបាយចុងក្រោយ នៃអតីតគណបក្សសង្គ្រោះជាតិ» ដែលពិធីនោះ គេឃើញមានវត្តមាន លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី, លោក ស៊ា ម៉ៅ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងលោកបណ្ឌិត ឌៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ដ្រ និងទំនាក់ទំនងអន្ដរជាតិផងដែរ។
លោក សុខ ទូច បានថ្លែងយ៉ាងដូច្នេះ៖ «កម្ពុជា ប្រើប្រាស់នយោបាយបរទេសចម្រុះពណ៌ មិនមែនប្រទេសកម្ពុជាអព្យាក្រឹត្យ គេនិយាយអព្យាក្រឹត្យ គេនិយាយពីបក្សសម្ព័ន្ធ និយាយពីនយោបាយការបរទេស គឺនយោបាយច្រុះពណ៌ តែមានទិសដៅដូចគ្នាគឺចាប់ហើយ នរណាឱ្យផលប្រយោជន៍គេចាប់ហើយ»។
អ្នកស្រាវជ្រាវប្រវត្តិសាស្ដ្ររូបនេះ បានបន្ថែមថា ថ្នាក់ដឹកនាំប្រទេសកម្ពុជា គឺមិនមែនរើសអើងថា ប្រទេសនេះកុំម្មុយនីស្ត ឬសេរីនោះទេ គឺចាប់ដៃសហការទាំងអស់ ឱ្យតែប្រទេសទាំងនោះផ្តល់ផលប្រយោជន៍ជូនសង្គមជាតិ។ ជាមួយគ្នានេះលោកក៏បានរំលឹកថា អតីតកាលពិភពលោកបានបក្សសម្ព័ន្ធចំនួន៤គឺទី១៖ បក្សសម្ព័ន្ធ វ៉ាសូវី, បក្សសម្ព័ន្ធ ណាតូ, បក្សសម្ព័ន្ធ សេអាតូ និងបក្សសម្ព័ន្ធរបស់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ហើយសម័យនោះសម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានប្រកាសមិនចូលបក្សសម្ព័ន្ធ។
ទន្ទឹមនឹងនេះដែរលោក សុខ ទូច បានបញ្ជាក់ថា តែនយោបាយការបរទេសមិនមែនធ្វើដូច្នេះនោះទេ ប្រទេសណាផ្តល់ផលប្រយោជន៍ឱ្យខ្លួន គឺត្រូវផ្តល់ផលប្រយោជន៍ដល់គេដូចគ្នា ដូច្នេះមិនមែនមានន័យថា កម្ពុជាចាប់ដៃជាមួយចិនតែមួយនោះទេ គឺប្រទេសកម្ពុជា ចាប់ដៃសហការជាមួយបណ្តាប្រទេសទាំងអស់ នៅក្នុងពិភពលោក ប៉ុន្តែប្រសិនបើការចាប់ដៃនេះ មិនបានផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក៏មិនអាចទៅរួចដែរ ដោយសារតែប្រទេសកម្ពុជា ជាប្រទេសតូច ទើបប្រទេសធំៗ រង់ចាំខោកក្បាល។
លោក សុខ ទូច បានលើកជាចម្ងល់ថា នៅពេលដែលថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទៅចាប់ដៃជាមួយថ្នាក់ដឹកនាំរបស់អាមេរិក អត់មានក្រុមប្រឆាំង ឬអន្តរជាតិណាមួយស្រែកនោះទេ។ ប៉ុន្តែបើចាប់ដៃជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង តែងតែមានការិះគន់ពីសំណាក់ក្រុមអ្នកប្រឆាំង និងអន្តរជាតិជាហូរហែរ៕