(ភ្នំពេញ)៖ រសៀលថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរមីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាលចិន ដែលបានកំពុងជួយយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់វិស័យសកម្មភាពមីននៅកម្ពុជា ទាំងធនធានបច្ចេកទេស និងហរិញ្ញវត្ថុ។
ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានស្នើសុំឲ្យរដ្ឋាភិបាលចិន ដែលជាមិត្តជិតស្និតហើយតែងតែសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជួយដល់កងទ័ពជើងគោកកម្ពុជា ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីកងទ័ពមានលទ្ធភាពគ្រប់គ្រាន់ ចូលរួមបោសសម្អាតមីនមនុស្សធម៌ និងដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីននៅឆ្នាំ២០២៥នៅកម្ពុជា។
ជាមួយគ្នានេះ លោក Wang Wentian បានសន្យាថា លោកនឹងរាយការណ៍ជូនថ្នាក់ដឹកនាំ និងរដ្ឋាភិបាលរបស់លោកចំពោះសំណើសុំរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងការជួយជ្រោមជ្រែងដល់កងទ័ពជើងគោក ចូលរួមបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា៕