(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន គឺជាពិធីបុណ្យមួយរបស់ជនជាតិចិន ដែលប្រារព្ធឡើង នៅដើមឆ្នាំថ្មី នៃប្រតិទិនប្រពៃណីចិន។ ពិធីបុណ្យនេះ មានឈ្មោះមួយទៀតហៅថា ពិធីបុណ្យនិទាឃរដូវ នៅក្នុងសម័យទំនើបរបស់ចិន ហើយវាក៏ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យជាច្រើនទៀត នៃឆ្នាំចន្ទគតិ នៅទ្វីបអាស៉ីផងដែរ។
ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីចិន ចាប់ផ្តើមនៅពេលដែលព្រះចន្ទថ្មី បានរះឡើងនៅចន្លោះថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ នៃឆ្នាំនីមួយៗ។ នៅឆ្នាំ២០១៩នេះ ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន នឹងធ្វើឡើងនៅថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ជាថ្ងៃចាប់ផ្តើមចូលឆ្នាំជ្រូក។
ពិធីបុណ្យចូលឆ្នាំចិន ក៏ត្រូវបានប្រារព្ធឡើង នៅទូទាំងពិភពលោក នៅក្នុងប្រទេសដែលមានប្រជាជនចិន និងអ្នកកាត់សែស្រឡាយចិនរស់នៅផងដែរ ក្នុងនោះមាន៖ ប្រទេសសិង្ហបុរី, ឥណ្ឌូនេស៉ី, ម៉ាឡេស៉ី, ថៃ, កម្ពុជា, ហ្វីលីពីន និងប្រទេសម៉ូរីស ព្រមទាំងបណ្តាប្រទេសមួយចំនួនទៀត នៅទ្វីបអាមេរិកខាងជើង និងអឺរ៉ុប។ សម្រាប់កម្ពុជាយើង គេសង្កេតឃើញថា អាជីវករចាំផ្តើមមមាញឹកក្នុងការលក់ដូរ ចំណែកឯប្រជាពលរដ្ឋកាត់ចិនវិញ មមាញឹកក្នុងការទៅផ្សារ ដើម្បីទិញប្រដាប់ប្រដារៀបចំសែនព្រេន ដល់ដូនតារបស់ពួកគេ។
ក្រឡេកមើលទិដ្ឋភាពក្នុងផ្សារអូរឬស្សី យើងឃើញថា អាជីវករមានសកម្មភាពរវល់ខ្លាំង។ ទោះជាយ៉ាងនេះក្តី ពួកគាត់នៅតែញញឹមញញែម ដោយសារបានលក់ដាច់ខុសពីថ្ងៃធម្មតា។
អាជីវករលក់គ្រឿងតុបតែងគេហដ្ឋាន នៅតូបលេខ១០៥ ឈ្មោះម៉ី ថ្លែងដោយសេចក្តីរីករាយថា លោកស្រីលក់ដាច់ខ្លាំងណាស់ ព្រោះរដូវកាលបុណ្យចូលឆ្នាំចិន បានមកដល់ហើយ ដែលជាពេលប្រជាពលរដ្ឋ ត្រូវការទិញសម្ភារយកទៅតុបតែងផ្ទះសម្បែង។
ដូចគ្នាដែរ លោកស្រី ហួត ចន្ធី ដែលជាអាជីវករលក់ស្បង់ជីវរ ថ្លែងថា ទោះស្ថិតក្នុងសភាពហត់នឿយយ៉ាងណាក៏ដោយ លោកស្រីនៅតែខំប្រឹងលក់ដូរ។ លោកស្រីថា ថ្ងៃខ្លះរវល់តែលក់ដាច់ពេក រហូតដល់ភ្លេចពិសារបាយក៏មាន។
នៅក្នុងពេលសែនចិនម្តងៗ គេសង្កេតឃើញមានការដុតលុយ ឡាន ប្រាក់ មាស ផ្ទះ និងសម្ភារផ្សេងៗទៀត។ ប្រជាពលរដ្ឋមានជំនឿថា ការដុតបែបនេះ នឹងអាចផ្តល់ដល់ដូនតារបស់ពួកគេ ហើយដូនតានឹងឲ្យពរជ័យមកវិញ រកទទួលទានមានបាន។
ក្នុងកាយវិការស្វែងរកទិញក្រដាសសែនចិន លោកស្រី ម៉ារី បានប្រាប់ឲ្យដឹងថា លោកស្រីបានទិញរូបបិទផ្ទះ លុយដុល្លារ (ខ្មោច) និងក្រដាសសែន ដើម្បីយកទៅដុត ក្នុងពេលសែនចិន។ លោកស្រីថា ពេលដែលដុតសម្ភារទាំងនោះទៅ ច្បាស់ជាបានដល់កុងម៉ាសម្រាប់ចាយ ដែលនេះជាជំនឿ ជាប់ជាទម្លាប់តាំងពីដើមមកម្លេះ។
កំពុងឈរទិញគ្រឿងធ្វើម្ហូប លោកស្រី ស៊ាន់ បានឲ្យដឹងថា លោកស្រីនឹងរៀបចំម្ហូបមួយចំនួនដើម្បីសែនដូនតា ដែលនាំឲ្យមានលាភសំណាង។ ម្ហូបទាំងនោះមានដូចជា ចាប់ឆាយ ឆា ខទំពាំង ប៉ៅហឺ បង្គារ ក្តាម និងផ្សិតជាដើម។
ចំពោះក្រដាសសែនវិញ លោកស្រី ស៊ាន់ ប្រាប់ថា លោកស្រីទិញច្រើនណាស់ តែលោកស្រីមិនដុតផ្ទះជ័រ ដើម្បីសែនព្រេនដល់ដូនតានោះទេ ព្រោះដើម្បីបង្ការសុវត្ថិភាពពីអគ្គិភ័យ។
សកម្មភាពលក់ដូរ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ធ្វើឲ្យអាជីវករមានឱកាសចំណេញច្រើន។ ទោះបីជាយ៉ាងនេះក្តី អាជីវករអះអាងថា ពួកគាត់មិនបានដំឡើងថ្លៃទំនិញនោះទេ។
លោក កុសល ជាអាជីវករលក់ក្រដាសសែន និងគ្រឿងតុបតែងផ្ទះ ថ្លែងថា លោកមិនដំឡើងថ្លៃទេ ដើម្បីចៀសវាងការកេញចំណេញមិនសមរម្យ។ លោកថា ផ្ទុយទៅវិញលោកខិតខំលក់ទំនិញរបស់លោក ឲ្យឆាប់អស់តែប៉ុណ្ណោះ។
បើពិនិត្យមើលទៅលើសន្តិសុខក្នុងផ្សារអូរឬស្សីនេះវិញ ពិតជាមានសណ្តាប់ធ្នាប់ល្អណាស់។ អាជីវករ បានទុកដាក់ទំនិញលក់ដូរបានត្រឹមត្រូវ ព្រមទាំងបានគោរពយ៉ាងខ្ជាប់ខ្ជួន តាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងផ្សារ។
លោក ហូត វណ្ណធី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ ប្រាប់ឲ្យដឹងថា លោកបានយកចិត្តដាក់ ពង្រឹងសុវត្ថិភាពជូនបងប្អូនអតិថិជន ក៏ដូចជាអាជីវករបានលក់ដូរ ហើយភ្ញៀវចេញ-ចូលក៏មានការកើនឡើង គួរឲ្យកត់សម្គាល់ក្នុងពិធីបុណ្យចូលឆ្នាំចិននេះ។ ហេតុនេះហើយកម្លាំងការពារ បានពង្រឹងបន្ថែមទៀត ទាំងបញ្ហាសន្តិសុខ បញ្ហាសណ្តាប់ធ្នាប់ ផ្នែកខាងក្នុង ផ្នែកខាងក្រៅជាប្រចាំ ដើម្បីឲ្យអតិថិជនចេញ-ចូលផ្សារ បានងាយស្រួល។
សូមជំរាបថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិននិងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការគ្រប់គ្រងរបស់លោក ឃួង ស្រេង បានហាមដាច់ខាតការដុតផាវ កាំជ្រួច និងបង្កសម្លេងផ្ទុះគ្រប់ប្រភេទ។
ជាមួយគ្នានេះ ប្រធានផ្សារ បានអំពាវនាវដល់អាជីវករក្នុងផ្សារអូឬស្សី មិនត្រូវលក់ផាវ និងគ្រឿងផ្ទុះជាដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។ លើសពីនេះទៅ លោកបានសំណូមពរបន្ថែមដល់អាជីករ ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលក្នុងផ្សារអូរឬស្សី ត្រូវចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងចូលរួមរក្សាអនាម័យក្នុងផ្សារទាំងអស់គ្នា៕