(ភ្នំពេញ)៖ សា្ថប័នសារព័ត៌មាន Khmertime ដែលជាស្ថាប័នព័ត៌មានបោះពុម្ភផ្សាយជាភាសាអង់គ្លេសនៅកម្ពុជា បានពង្រីកការផ្សព្វផ្សាយរបស់ខ្លួនដោយផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច។
កម្មវិធីផ្សព្វផ្សាយថ្មីដែលនឹងបោះពុម្ពផ្សាយប្រចាំសប្តាហ៍នេះមានឈ្មោះថា «Capital Cambodia»។ «Capital Cambodia» ជាកម្មវិធីថ្មីមួយដែលផ្ដោតសំខាន់លើព័ត៌មានសេដ្ឋកិច្ច ចេញផ្សាយជារៀងរាល់ថ្ងៃសុក្រ និងចេញផ្សាយចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។
ការសម្ភោធផ្លូវការកាសែតសេដ្ឋកិច្ច «Capital Cambodia» រៀបចំឡើងនៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោកស្រី ជា សេរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា, លោក T. Mohan ចាងហ្វាងការសែត khmer Time រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនទៀតផងដែរ។
លោក T. Mohan ឲ្យដឹងថា មូលហេតុដែលនាំឲ្យបង្កើត «Capital Cambodia» ដោយសារតែមើលឃើញថា កម្ពុជាពុំទាន់មានព័ត៌មានដែលផ្ដោតសំខាន់លើផ្នែកសេដ្ឋកិច្ច និងជំនួញនៅឡើយទេ។ ច្បាស់ណាស់បច្ចុប្បន្ននេះកាសែតព័ត៌មានក្នុងស្រុកមានច្រើន ប៉ុន្ដែសម្រាប់ព័ត៌មានសេដ្ឋកិច្ចមានតិចតួចនៅឡើយ ជាពិសេសមានតែនៅលើទូរទូស្សន៍ប៉ុណ្ណោះ កត្តាទាំងនេះហើយដែលជំរុញឲ្យ Khmer Time សម្រេចបង្កើតកម្មវិធីកាសែតសេដ្ឋកិច្ចបែបនេះ។
ចាងហ្វាងដែលជាជនជាតិម៉ាឡេស៊ីរូបនេះ បន្ដថា ច្បាស់ណាស់ព័ត៌មាន Online និងបោះពុម្ពនៅលើកាសែតមានសារៈសំខាន់ ប៉ុន្ដែសម្រាប់ព័ត៌មាននៅលើ Online ដែលបានបង្ហោះមានខ្លឹមសារខ្លីជាងនៅលើទំព័រកាសែត។ បច្ចុប្បន្ន Khmer Time ពិតជាមានព័ត៌មានសេដ្ឋកិច្ចរួចមកហើយ ប៉ុន្ដែជាអត្ថបទខ្លីៗដែលមានប្រមាណជា២០០-៣០០ពាក្យប៉ុណ្ណោះ ដោយឡែកសម្រាប់ «Capital Cambodia» វិញជាប្រភេទព័ត៌មានសេដ្ឋកិច្ចវែង និងលម្អិតន័យបានច្រើន។
លោកស្រី ជា សិរី ក៏បានសម្ដែងការអបអរសារទរចំពោះការបង្កើតឲ្យមានព័ត៌មានសេដ្ឋកិច្ច «Capital Cambodia» នេះឡើងផងដែរ។
លោកស្រីបន្ដថា «ខ្ញុំសូមលើកទឹកចិត្តដល់សារព័ត៌មាន Khmertime និងសារព័ត៌មានដទៃទៀត ឲ្យបន្ដចូលរួមផ្សព្វផ្សាយអំពីវិស័ធនាគារ ក៏ដូចជាការវិនិយោគលើវិស័យសេដ្ឋកិច្ច និងហិរញ្ញត្ថុដល់សាធារណៈជនបន្ថែមទៀតផងដែរ»។
លោកស្រីបន្ថែមថា កន្លងមកធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមក្នុងការចែករំលែកចំណេះដឹងអំពីបច្ចេកវិទ្យា និងវឌ្ឍនភាពផ្សេងៗលើវិស័យធនាគារជាតិផងដែរ៕